• 2021-03-22 03:30:15
  • ប្រដាល់

មក​ស្គាល់​អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ ៣រូប​ ធ្លាប់​ធ្វើ​ឲ្យ​កក្រើក​ និង​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​

  • 2021-03-22 03:30:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ Sabay ​នាំ​បងប្អូន​អ្នក​គាំទ្រ​ប្រដាល់​ងាក​ទៅ​អតីត​កាល​បន្តិច​រំលឹក​អនុស្សាវរីយ៍​អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​ពី​មុន​ដែល​ធ្លាប់​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​ និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ជូន​កម្ពុជា​នា​ពេល​កន្លង​ទៅ។​ កីឡាករ​៣រូប​នោះ​រួម​មាន​ អតីត​កែង​ឆេះ​ជង្គង់​ហោះ អេ ភូថង​ ដៃ​មហាទម្ងន់​ វ៉ន​ វីវ៉ា​ និង​អ្នក​លេង​ស្នៀត​ជង្គង់​ មាស​ ចន្ថា។​

លោក​ អេ ​ភូថង​ ពេលឈ្នះខ្សែក្រវាត់ពិភពលោក

ទី១​ លោក​ អេ ​ភូថង​

អតីត​ជើង​ខ្លាំង​របស់​កម្ពុជា​ដែល​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ទៅ​ហើយ​គេ​ស្គាល់​ពី​កេរ្តិ៍ឈ្មោះ​ និង​សមត្ថភាព​ប្រកួត​លោក​ អេ ​ភូថត​ នា​អំឡុង​ ១៥-២០​ឆ្នាំ​មុន។​ កីឡាករ​ល្អ​គ្រប់​ក្បាច់​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​ចំនួន​ ២ដង​នៅ​កម្ពុជា​អំឡុង​ឆ្នាំ ​២០០២​ ជា​កីឡាករ​ Faitsal Zakariya​ របស់​ប្រទេស​សូដង់។​ ការ​ដណ្ដើម​លើក​ទី១​ របស់​លោក​ អេ ​ភូថង​ មិន​បាន​សម្រេច​ទេ​ដោយ​ភ្លាត់​សន្លប់​ទៀតផង។​ ប៉ុន្តែ​លើក​ទី២​ ឪពុក​របស់​ ម៉ឺន​ មេឃា​ រូប​នេះ​បាន​វ៉ៃ​ឲ្យ​កីឡាករ​ Faitsal​ ត្រូវ​អាជ្ញាកណ្ដាល​រាប់​ដល់​ ៨​ ក្នុង​ទឹក៤​ យ៉ាងណា​ការ​ប្រកួត​នៅ​តែ​បន្ត​រហូត​បញ្ចប់​ពេញ​៥ទឺក​ជ័យជម្នះ​បាន​មក​កម្ពុជា​នៅ​ពេល​នោះ។​ គ្រា​នោះ​ដែរ​កីឡាករ​ល្អ​ពុះ​កែង​ជើង​របស់​សូដង់​ ខាង​លើ​ ក៏​យល់ស្រប​ និង​បាន​អបអរ​ចំពោះ​ជ័យជម្នះ​ និង​ការ​គ្រង់​ខ្សែក្រវាត់​របស់​លោក​ អេ ​ភូថង​ ផង​ដែរ។​

លោក​ វ៉ន វីវ៉ា ពេលឈ្នះខ្សែក្រវាត់ពិភពលោក

ទី២​ លោក​ វ៉ន វីវ៉ា​

អតីត​អ្នក​លេង​កណ្ដាប់​ដៃ​រូប​នេះ​ក៏​ល្បី​ និង​មាន​សមត្ថភាព​ខ្លាំង​មិន​ធម្មតា​ដែរ​ជា​ពិសេស​កណ្ដាប់​ដៃ​មហា​ទម្ងន់​របស់​គេ​តែ​ម្ដង។​ អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​កំពង់ចាម​ម្នាក់​នេះ​ក៏​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ផង​ដែរ​ជា​ពិសេស​លើ​សង្វៀន​ទូរទស្សន៍​ CTN ​ដែល​ដឹកនាំ​ផ្នែក​កីឡា​ដោយ​លោក​ ម៉ា ​សេរី​ កន្លង​ទៅ។​ គេ​នៅ​ចាំ​មិន​ភ្លេច​ឡើយ​អំឡុង​ឆ្នាំ​ ២០០៨​ វ៉ន​ វីវា​ បាន​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​ ISKA ​លើ​កីឡាករ​ Alban Ahmeti ជនជាតិ​អាល្លឺម៉ង់​ បាន​សម្រេច​នៅ​ CTN។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ក៏​បាន​ការពារ​ខ្សែក្រវាត់​របស់​ខ្លួន​ពី​ការ​ដណ្ដើម​របស់​ Ben Barwise ​ជនជាតិ​ អង់គ្លេស​អំឡុង​ ឆ្នាំ​ ២០១១​ បាន​សម្រេច​នៅ​ CTN​ រក្សា​ទុក​ដល់​សព្វ​ថ្ងៃ​នេះ។​

លោក​ មាស​ ចន្ថា ពេលឈ្នះខ្សែក្រវាត់ពិភពលោក

ទី៣​ លោក​ មាស​ ចន្ថា​

អតីត​អ្នក​ប្រដាល់​ល្អ​ជង្គង់​រូប​នេះ​ពី​មុន​មាន​កេរ្តិ៍ឈ្មោះ​ខ្លាំង​ និង​ធ្លាប់​ប៉ះ​កីឡាករ​ល្អៗ​ជំនាន់​នោះ​ស្ទើរ​អស់​ទៅ​ហើយ។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ក៏​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ ១គ្រឿង ​ដែរ​អំឡុង​ឆ្នាំ​ ២០០៨​ ដោយ​ប្រកួត​ដណ្ដើម​បាន​សម្រេច​លើ​កីឡាករ​ Frankie Hudders ។​ ប៉ុន្តែ​កីឡាករ​កំពុង​រស់​នៅ​ប្រទេស​អូស្ត្រាលី​ ខាង​លើ​នេះ​ត្រូវ​បាត់​បង់​ខ្សែក្រវាត់​ ISKA​ នេះ​វិញ​នៅ​ឆ្នាំ​២០១១​ បន្ទាប់​ពី​ប្រកួត​ការពារ​មិន​បាន​សម្រេច​ជា​មួយ​កីឡាករ​ Tim Thomas ​ដែល​កាល​នោះ​រៀបចំ​ដោយ​ស្ថានីយ​ទូរទស្សន៍​ CTN ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម