• 2021-02-24 09:39:52
  • ប្រដាល់

ដណ្ដើម​ប្រាក់​លាន​សប្ដាហ៍​នេះ​កក្រើក​ហើយ​ លន ​បញ្ញា​ សូត្រ​ ប៊ុនធី​ វ៉ាន់​ វឿន​ ខេម​ ចាន់​

  • 2021-02-24 09:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ដណ្ដើម​ប្រាក់​លាន​របស់​សង្វៀន​ CNC ​ថ្ងៃ​សៅរ៍​នេះ​សុទ្ធតែ​សងសឹក​គ្នា​ដឹង​តែ​កក្រើក​ហើយ​ លន ​បញ្ញា​ ប៉ះ​ សូត្រ ​ប៊ុនធី​ ខណៈ​ វ៉ាន់​ វឿន​ ប៉ះ​ ខេម​ ចាន់ ។​

កីឡាករ លន បញ្ញា

បើ​តាម​ការ​បង្ហោះ​ផ្សព្វផ្សាយ​លើ​ផេក​ Sport Zone​ របស់​ទូរទស្សន៍​ CNC​ បាន​បញ្ជាក់​ហើយ​ថា​គូ​ដណ្ដើម​ប្រាក់​លាន​សប្ដាហ៍​នេះ​មិន​ធម្មតា​សុទ្ធតែ​សងសឹក​គ្នា​ ខណៈ​ពី​មុន​មាន​ចាញ់​ មាន​ឈ្នះ​ទៅ​វិញ​ទៅ​មក។​

រវាង​ លន ​បញ្ញា​ និង​ សូត្រ​ ប៊ុនធី​ ទាំង​ពីរ​នាក់​នេះ​វ៉ៃ​គ្នា​ក៏​មិន​ធម្មតា​ដែរ​ ពោល​ចេញ​អស់​ក្បាច់​តែ​ម្ដង។​ ប៉ះ​គ្នា​នៅ​សង្វៀន​ PNN​ ចុង​ក្រោយ​នេះ​គឺ​ ប៊ុនធី​ ចេញ​កែង​ច្រើន​មែនទែន​ ធ្វើ​ឲ្យ​ បញ្ញា​ បែក​ចិញ្ចើម​ផង​ ប៉ុន្តែ​ក៏​ចូល​ជង្គង់​វិញ​ចង់​សន្លប់​ដែរ។​ គូ​នេះ​ច្បាស់​ជា​វ៉ៃ​ប្ដូរ​គ្នា​គ្មាន​សំចៃ​ឡើយ​ ព្រោះ​ម្នាក់ៗ​ចង់​ឈ្នះ​ ចង់​បាន​ប្រាក់​លាន​ដូច​គ្នា។​

កីឡាករ វ៉ាន់ វឿន

ចំណែក​គូ​ វ៉ាន់​ វឿន​ ប៉ះ​ ខេម​ ចាន់​ ក៏​មាន​ប្រវត្តិ​ឈ្នះ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​តិច​ដង​ដែរ​ ហើយ​អ្វី​ដែល​ចាប់​អារម្មណ៍​នោះ​សមត្ថភាព​រីកចម្រើន​មួយ​រយៈពេល​ចុង​ក្រោយ​នេះ។​ វ៉ាន់​ វឿន​ ទើប​តែ​ផ្ដួល​ជើង​ខ្លាំង​ រិន​ ដេវីត​ ឲ្យ​សន្លប់​ទឹក​១​ ខណៈ​ដៃគូ​ម្នាក់​នេះ​កំពុង​ឡើង​ខ្លាំង​ហើយ​នៅ​តែ​មិន​អាច​ទប់​ជាប់។​ ខេម​ ចាន់​ ជា​កីឡាករ​វ៉ៃ​ក្បាច់​មួយ​រូប​ប្រចាំ​ក្លឹប​ឆត្រយោង​ ៩១១​ និង​មាន​បទ​ពិសោធ​ច្រើន​លើ​វិស័យ​កីឡា​គុន​ខ្មែរ។​ កីឡាករ​រូប​នេះ​មិន​ងាយ​និង​ស៊ី​ស្រួល​ៗ​ទេ​ ព្រោះ​ទាំង​កណ្ដាប់​ដៃ​ ទាត់​ ជង្គង់​គឺ​ប្រើ​បាន​ល្អ​ទាំង​អស់។​

កម្មវិធីប្រកួត (រូបភាព​ Sport Zone)

រង់​ចាំ​មើល​ថា​តើ​នរណា​នឹង​ឈ្នះ​ការ​ប្រកួត​ហើយ​ដណ្ដើម​ប្រាក់​លាន​ពី​កម្មវិធី​ខារ៉ាបាវ​ នៅ​ថ្ងៃ​សៅរ៍​ ទី២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ២​តទៅ។​ វ៉ាន់​ វឿន​ ប៉ះ​ ខេម​ ចាន់​ លន ​បញ្ញា​ ប៉ះ​ សូត្រ​ ប៊ុនធី៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម