• 2020-11-23 23:00:00
  • ប្រដាល់

ងួន​ គា​ សុខចិត្ត​លំបាក​ខ្លួន​ឯង​ឲ្យ​តែ​បាន​លុយ​ជួយ​កូន​រៀន​ដល់​សកល​វិទ្យាល័យ​

  • 2020-11-23 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​វ័យ​ ៣៧​ឆ្នាំ​ ងួន​ គា​ ថា​សុខ​ចិត្ត​លំបាក​ខ្លួន​ឯង​យ៉ាង​ណា​ក៏​ដោយ​ នៅ​តែ​ប្រឹង​ធ្វើ​ការ​ និង​ឡើង​ប្រកួត​រក​លុយ​ឲ្យ​កូន​បាន​រៀន​ខ្ពង់ខ្ពស់​ដែរ​ដើម្បី​ជៀស​ពី​គន្លង​ក្រ​លំបាក​ដូច​ឪពុក។​

ងួន គា (ក្រហម)

កីឡាករ​ ងួន​ គា​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ខ្លួន​មាន​កូន​ ៣នាក់​ ហើយ​កំពុង​តែ​រៀន​នោះ​គឺ​ពីរ​នាក់។​ កូន​ស្រី​ទី១​ រៀន​ថ្នាក់​ទី៩​ ចូល​ទី១០​ ឆ្នាំ​នេះ​ ខណៈ​កូន​ស្រី២​ កំពុង​រៀន​ថ្នាក់​ទី៦ ​ចំណែក​កូន​ពៅ​មិន​ទាន់​គ្រប់​អាយុ​រៀន​ទេ។​ ក្រៅ​តែ​ពី​រៀន​សាលា​រដ្ឋ​ធម្មតា​ហើយ​ អ្នក​ប្រដាល់​នៅ​ខណ្ឌ​ដង្កោ​រូប​នេះ​បាន​ឲ្យ​កូន​រៀន​ភាសា​អង់គ្លេស​បន្ថែម​ទៀត​ផងដែរ។​

អ្នក​ប្រដាល់​វ័យ​ ៣៧​ឆ្នាំ​ ខាងលើ​ប្រាប់​ទៀត​ថា​ក្នុង​ ១ថ្ងៃ​ចំណាយ​លើ​ការ​សិក្សា​របស់​កូន​ទាំង​ពីរ​នាក់​នេះ​ប្រហែល​២ម៉ឺន​រៀល​មិន​បូក​បង់​ថ្លៃ​ភាសា​អង់គ្លេស​ប្រចាំ​ខែ​ទេ។​ បើ​ទោះ​ជា​ចំណាយ​ច្រើន​លើ​ការ​សិក្សា​របស់​កូន​ ងួន​ គា​ ហាក់​មិន​រុញរា​នោះ​ទេ​ព្រោះ​តែ​ខ្លួន​រៀន​បាន​តិច​នេះ​ហើយ​ ទើប​លំបាកមិន​មាន​ការងារ​ល្អ​ ឬ​រក​លុយ​បាន​ច្រើនសម្រាប់​គ្រួសារ។​

ងួន គា និង​គ្រួសារ

សិស្ស​គុន​មក​ពី​ក្លឹប​តាឡីដំរីមានរិទ្ធ​ រូប​នេះ​សុខ​ចិត្ត​លំបាក​ខ្លួន​ឯង​ក្នុង​ការ​រក​លុយ​ ឬ​ត្រូវ​ឡើង​ប្រដាល់​ក៏​ដោយ​នៅតែបញ្ជូន​កូន​ឲ្យ​រៀន​បាន​ចប់​ចុង​ចប់​ដើម​។ ប្រសិន​ជា​អាច​ចង់​ឲ្យរៀន​ដល់​សកល​វិទ្យាល័យ​នៅ​ពេល​ខាង​មុខ​នេះទៀតផង។​

រំលឹក​ដែរ​ថា​ ងួន​ គា​ ជា​កីឡាករ​គុន​ខ្មែរ​នៅ​ក្លឹប​តាឡីដំរី​មាន​រិទ្ធ​ ក្នុង​ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ។​ បច្ចុប្បន្ន​មាន​មុខរបរ​ជា​អ្នក​ធ្វើ​ការ​សំណង់​ និង​ឡើង​ប្រដាល់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់