• 2019-12-18 03:56:10
  • ប្រដាល់

អ្នក​ទៅ​លេង​បុណ្យ​សមុទ្រ​នៅ​កំពត​ឆ្នាំ​នេះ​ កុំ​ភ្លេច​ចូល​មើល​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​

  • 2019-12-18 03:56:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ផ្លូវ​ការ​ម្សិលមិញ​នេះ​ ប្រកាស​ពី​កម្មវិធី​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​ នៅ​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​ក្នុង​ខេត្ត​កំពត​ ចាប់​ពីថ្ងៃទី២០​ ដល់​ទី២២​ ធ្នូ​ ២០១៩។​

ទិដ្ឋភាពម្សិលមិញ

លោក ​មាម​ រ៉ា​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​ ជា​ការ​អបអរ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​លើក​ទី៨​ នៅ​ឯ​ខេត្ត​កំពត​នេះ​នឹង​មាន​ការ​រៀបចំ​ការ​ប្រកួត​គុន​ខ្មែរ​អន្តរជាតិ​រយៈពេល​៣​ថ្ងៃ​ និង​មាន​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ថែម​ទៀត​ផង។​ ការ​ប្រកួត​អន្តរជាតិ​នេះ​ដែរ​ ក៏​ផ្ដោត​លើ​ការ​ផ្សព្វផ្សាយ​ដល់​អន្តរជាតិ​ផង​ដែរ​ ដូច្នេះ​កម្រិត​សមត្ថភាព​បរទេស​ចូលរួម​ Amateur (ស្ម័គ្រចិត្ត)​ និង​ Semi-professional (ពាក់កណ្ដាល​អាជីព)​ ប៉ុណ្ណោះ​ លើក​លែង​ការ​ប្រកួត​ជា​មួយ​ប្រទេស​ថៃនោះទេ។​

ទិដ្ឋភាពម្សិលមិញ

ឯកឧត្ដម​ ខ្វៃ​ អាទិត្យា​ អគ្គនាយក​ទូរទស្សន៍​អប្សរា​បាន​ឲ្យ​ដឹង​ថា ​នេះ​ជា​លើក​ទី១​ហើយ​ដែល​ខាង​ស្ថានីយ​បាន​ឱកាស​ពិសេស​សហការ​ជា​មួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ក្រសួង​ទេសចរណ៍​ក្នុង​ការ​ផ្សព្វផ្សាយ​កម្មវិធី​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​នៅ​បុណ្យ​សមុទ្រ​នេះ។​ ជា​កម្មវិធី​ធំ​ដែល​មាន​អន្តរជាតិ​ចូលរួម​រហូត​ជិត​១០​ប្រទេស​បែប​នេះ​ហើយ​ ខាង​ស្ថានីយ​អប្សរា​នឹង​រៀបចំ​ឲ្យ​ល្អ​ សាក​សម​ទៅ​និង​កម្មវិធី​នេះ​តែ​ម្ដង​ ដូច​ជា​មាន​ឆាក​សមរម្យ​ ភ្លេង​ សំឡេង​ ភ្លើង​ដើម្បី​ត្រៀម​ក្នុង​ថ្ងៃធ្វើពិធីនោះ​។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ កម្មវិធី​បុណ្យ​សមុទ្រ​លើក​ទី៨​ ជុំ​ទី២​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​កំពត​ ចាប់​ពី​ថ្ងៃ​ទី២០​ ដល់​ទី២២​ ខែ​ធ្នូ​ ២០១៩។​ ដោយ​ឡែក​កម្មវិធី​ប្រដាល់​នឹង​ចាប់ផ្ដើម​ពី​ម៉ោង​៧​យប់​តទៅ​ និង​មាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ផង​ដែរ៕​

រូបភាពផ្សព្វផ្សាយ

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី