• 2019-12-02 09:42:01
  • ប្រដាល់

អែម សុវណ្ណារី បង្ហើបអំពីចំណុចខ្លាំងរបស់ RAYANE មុនប៉ះគ្នា

  • 2019-12-02 09:42:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាការិនីគុនចម្រុះកូនខ្មែរនៅអាមេរិក អែម សុវណ្ណារី ឬ គេស្គាល់ថា «Savage Buddha» ដែលត្រៀមឡើងប្រកួតលើកទី២នៅសង្វៀន ONE Championship តំណាងឲ្យកម្ពុជាបានចេញមកប្រាប់អំពីចំណុចខ្លាំងរបស់គូបដិបក្ខសញ្ជាតិប្រេស៊ីល RAYANE MARQUES។ អែម សុវណ្ណារី ឡើងប្រកួតនៅក្នុងកម្មវិធី ONE: MARK OF GREATNESS នៅថ្ងៃទី ៦ ខែ ធ្នូ ខាងមុខនៅក្រុងកូឡាឡាំពួរពី ប្រទេសម៉ាឡេស៊ី។

កូនខ្មែរនៅអាមេរិកបានប្រាប់អំពីចំណុចខ្លាំងរបស់គូប្រកួត RAYANE ថា៖«វាជាការប្រកួតដ៏លំបាកមួយ ព្រោះគូប្រជែងរបស់ខ្ញុំជំនាញខាងប្រយុទ្ធ និង ចូលចាប់។ RAYANE ពូកែខាងចំបាប់ហើយខ្ញុំត្រូវតែការពារកុំឲ្យគេចូលចាប់ងាយៗនោះ។ បើមិនដូច្នោះ វាអាចនឹងយ៉ាប់។ ហើយគេក៏មានក្បាច់ប្រយុទ្ធវាយបកលឿនៗផងដែរ។ បើហ៊ានប្រហែសខ្ញុំច្បាស់ជាត្រូវគេបញ្ចប់ការប្រកួតមិនខាន»។

អែម សុវណ្ណារី ដែលបង្ហាញខ្លួននៅសង្វៀនអន្តរជាតិ ONE លើកទី២បានបន្តថា RAYANE ពិតជាមានថាមពលខ្លាំងក្លាណាស់ ហើយតែងតែចង់បញ្ចប់គូប្រកួតរបស់គេគ្រប់ពេលវេលានៅលើសង្វៀន។ រឿងគួរឲ្យកត់សម្គាល់មួយទៀត ក្បាច់ប្រយុទ្ធទាំងដៃ និង ជើង ឬ ការចេញអាវុធក្នុងពេលតែមួយសុទ្ធតែបង្កគ្រោះថ្នាក់ទាំងអស់។ យ៉ាងណាក្ដី កីឡាការិនីសម្បុរស្រអែមជឿជាក់ថារូបគេបានត្រៀមរួចជាស្រេច និងបានល្អទៀតផង ក្រោយខកខានឡើងសង្វៀន ONE រយៈពេល ១ ឆ្នាំគត់។ កីឡាការិនីវ័យ ២៧ ឆ្នាំសង្កត់ធ្ងន់ថា៖«ការប្រកួតនឹងល្អមើល ជក់ចិត្ត ហើយក្បាច់របស់ខ្ញុំក៏ប្លែកដែរ។ រាងកាយខ្ញុំក៏រឹងមាំប្លែកជាងមុនដែរ»។

សុវណ្ណារី ប្រឹងប្រែងខ្លាំងនៅក្លិប Modern Martial Arts and Fitness ស្ថិតនៅក្រុង Pasadena រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ រឿងគួរឲ្យភ្ញាក់ផ្អើលមួយទៀតគឺ សុវណ្ណារី ប្រើពេលមិនដល់ ៣នាទីឡើយដើម្បីផ្ដួលគូប្រកួតឲ្យសន្លប់ក្នុង ៣លើកកន្លងមក។ កីឡាការិនីប្រកួតតំណាងឲ្យកម្ពុជាមិនដែលចាញ់ទេ ស្របពេលកីឡាការិនីប្រេស៊ីលក៏ដូចគ្នាលើសង្វៀនគុនចម្រុះកន្លងមក។ បែបណាក្ដី កូនខ្មែរនៅអាមេរិកបន្ថែមថា ៖«ខ្ញុំចង់ឈ្នះការប្រកួតឲ្យលឿនតាមតែអាចធ្វើទៅបាន។ ខ្ញុំចង់បានការប្រកួតច្រើនបន្តបន្ទាប់ទៀតនៅ ONE ហើយបន្ទាប់មកខ្ញុំចង់ដណ្ដើមខ្សែក្រវាត់។ ខ្ញុំចង់វ៉ៃយកខ្សែក្រវាត់ ទោះខ្ញុំវ៉ៃក្នុងទម្ងន់ strawweight ក៏ដោយ។ ប៉ុន្តែឥឡូវខ្ញុំផ្ដោតលើទម្ងន់ flyweight សិន ហើយខ្ញុំនឹងមានការប្រកួតបន្តទៀតតំណាងឲ្យកម្ពុជា»។

កូនខ្មែរនៅអាមេរិករៀបរាប់ថា៖«បើមានការចាំបាច់ ខ្ញុំត្រូវប្រើក្បាច់ចំបាប់ដែរ ព្រោះខ្ញុំបានហាត់វាកន្លងមក។ ក្បាច់ណាអាចផ្ដួលដៃគូបាន ខ្ញុំនឹងធ្វើវា។ ខ្ញុំមិនសូវចូលចិត្តចំបាប់តែខ្ញុំហាត់វាដែរ។ យ៉ាងណាក៏ដោយវាសុទ្ធតែស្ថិតនៅក្នុងផែនការរបស់ខ្ញុំនៅលើសង្វៀន»។ គួររំលឹកថាពេលបង្ហាញខ្លួនដំបូងនៅ ONE អែម សុវណ្ណារី មានអារម្មណ៍រំភើបយ៉ាងខ្លាំងពេលឈ្នះការប្រកួតដោយផ្ដួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova ឲ្យសន្លប់ត្រឹម ៨១ វិនាទីប៉ុណ្ណោះ កាលខែធ្នូ ឆ្នាំ ២០១៨។ សុវណ្ណារី ថា ការប្រកួតនេះគឺតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិ ដូចលើកមុនដែរ ហើយ គេនៅតែបន្តបេសកកម្មនេះសម្រាប់ប្រទេសដូនតារបស់ខ្លួន៕

អត្ថបទ៖ ស៊ីធី

មតិយោបល់