- 2019-11-21 07:38:42
- ប្រដាល់
ចាន់ រតនា ៖ខ្ញុំខំប្រឹងជាងមុនខ្លាំង ព្រោះនឹងជួបកីឡាករកម្រិតខ្ពស់
- 2019-11-21 07:38:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ រតនា ៖ខ្ញុំខំប្រឹងជាងមុនខ្លាំង ព្រោះនឹងជួបកីឡាករកម្រិតខ្ពស់
ចន្លោះមិនឃើញ
«ខ្ញុំខំប្រឹងខ្លាំងជាងមុនលើសពី១០០ % ជាប្រចាំថ្ងៃ ទោះមិនទាន់មានដំណឹងថាឡើងប្រកួតនៅសង្វៀន ONE Championship នាពេលណាក៏ដោយ»។ ចាន់ រតនា កីឡាករគុនចម្រុះកម្រិតកំពូលរបស់កម្ពុជាដែលជាប់កិច្ចសន្យាប្រកួតនៅ ONE បានថ្លែងបែបនេះ មុនពេលទទួលការប្រកួតបន្ទាប់នៅថ្ងៃខាងមុខ។
ចាន់ រតនា ដែលគេស្គាល់ថា ជាម្ចាស់ក្លិបប្រដាល់ «សិល្បៈ» បានរៀបរាប់ថា នេះជាការតាំងចិត្តរបស់ខ្លួនដើម្បីប្រកួតតំណាងឲ្យកម្ពុជានៅលើសង្វៀនលំដាប់ពិភពលោក។ រតនា គូសបញ្ជាក់ដូច្នេះ៖«រាល់ថ្ងៃខ្ញុំបានកាត់ម៉ោងបង្ហាត់សិស្សនៅក្លិបរបស់ខ្ញុំមួយចំនួនដើម្បីផ្ដោតលើការហ្វឹកហាត់ផ្ទាល់ខ្លួន។ ការហាត់របស់ខ្ញុំត្រូវតែខ្លាំងជាងមុនឆ្ងាយព្រោះមិនមែនជួបកីឡាករកម្រិតដូចមុននោះទេ។ គ្រូបង្វឹករបស់ខ្ញុំទាំងអស់ដូចជាផ្នែកកម្លាំង បច្ចេកទេស ជឺជិតស៊ូ ប្រដាល់សកល គុនខ្មែរ និង MMA បានបង្ហាត់ខុសប្លែកពីមុន»។
កីឡាករវ័យ៣៣ ឆ្នាំរូបនេះបានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ខ្លួនឯង និង សម្រាប់កម្ពុជានាពេលកន្លងមកដែលឈ្នះ ៣ លើកជាប់គ្នានៅសង្វៀន ONE និង គ្មានកីឡាកររូបណាធ្វើបានទេក្នុងចំណោមកីឡាករគុនចម្រុះរបស់កម្ពុជា។ ដ្បិតមិនហ៊ានអះអាងថាមិនទាន់ជាកីឡាករអាជីព ប៉ុន្តែ ចាន់ រតនា មានគ្រូបង្វឹកបង្ហាត់គ្រប់ផ្នែក ដែលកីឡាករនៅកម្ពុជាមិនទាន់ធ្វើដូចនៅឡើយ។ រតនា ខំហ្វឹកហាត់តាំងពីសាច់ហើមៗកាលឡើងប្រកួតនៅសង្វៀនក្នុងស្រុកញឹកញាប់រហូតក្លាយជាកីឡាករមានសាច់ណែនល្អ និង មានឈ្មោះបោះសំឡេងចេញទៅប្រកួតលើឆាកអន្តរជាតិជាហូរហែ។
កូនប្រុសរបស់លោក ចាន់ ប៊ុនធឿន ដែលចូលហាត់ក្បាច់គុនតាំងពីតូចជាមួយឳពុកបានបន្ថែមទៀតថា ក្រៅពីខំហ្វឹកហាត់ខ្លួនឯង រូបគេជឿជាក់ថា ការបង្ហាត់សិស្សជាប្រចាំថ្ងៃក៏ជាការរួមចំណែកអភិវឌ្ឍន៍កម្លាំងរបស់ខ្លួនផងដែរ ព្រោះពេលកាន់ស៊ីប ជើង និងស៊ីបដៃ ឲ្យកូនសិស្សវ៉ៃ និង ទាត់សុទ្ធតែប្រើកម្លាំងដែរ។
ចាន់ រតនា បច្ចុប្បន្នវ័យ៣៣ ឆ្នាំមានកំណត់ត្រាប្រកួតអាជីពលើសង្វៀនគុនចម្រុះបានចំនួន ១០ លើកក្នុងនោះឈ្នះ ៧ លើក និង ចាញ់ ៣ លើ។ កំណត់ត្រាល្អដាច់គេក្នុងចំណោមកីឡាករខ្មែរគឺ ឈ្នះ ៣លើកចុងក្រោយនៅសង្វៀនពិភពលោក ONE បន្ទាប់ពីវ៉ៃកីឡាករឥណ្ឌូណេស៊ី២នាក់ Abrou Fernandes និង Rudy Agustian ឲ្យចុះចាញ់ មុនបន្តឈ្នះពិន្ទុ ជើងខ្លាំងធ្លាប់ប្រកួតចំបាប់ព្រឹត្តិការណ៍អូឡាំពិករបស់ក្រិក Gustavo Balart កាលពាក់កណ្ដាលខែ សីហា ឆ្នាំ ២០១៩ កន្លងទៅ៕