- 2019-10-31 00:01:00
- ប្រដាល់
សមត្ថភាពល្អប៉ុន សុខ រិទ្ធ ដែរប៉ុន្តែមិនបានប្រកួតនៅស៊ីហ្គេម ២០១៩ ចុងឆ្នាំនេះ
- 2019-10-31 00:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមត្ថភាពល្អប៉ុន សុខ រិទ្ធ ដែរប៉ុន្តែមិនបានប្រកួតនៅស៊ីហ្គេម ២០១៩ ចុងឆ្នាំនេះ
ចន្លោះមិនឃើញ
ជើងខ្លាំងមកពីខេត្តបន្ទាយមានជ័យ សុខ រិទ្ធ បើទោះជាមានសមត្ថភាពល្អ និងមានកេរ្តិ៍ឈ្មោះយ៉ាងនេះក្ដី ប៉ុន្តែអ្នកប្រដាល់ត្រកូល សុខ រូបនេះមិនមានឱកាសបានចេញទៅប្រកួតស៊ីហ្គេម ២០១៩ នេះទេ មិនថាប្រភេទកីឡា គុនខ្មែរ ឬ Kick Boxing។
ចំពោះអ្នកនិយមតាមដានគុនខ្មែរប្រហែលជាដឹងហើយពីគុណភាព និងសមត្ថភាពរបស់អ្នកប្រដាល់ត្រកូល សុខ មិនថា សុខ រិទ្ធ ឬ សុខ ធី នោះទេសុទ្ធតែជាជើងខ្លាំងលើប្រភេទទម្ងន់ផ្សេងៗគ្នា។ សុខ ធី ជាជើងខ្លាំងម្នាក់ប្រចាំប្រភេទទម្ងន់ ៥៧គីឡូក្រាម ដែលស្ទើរតែគ្មានដៃគូទៅហើយប្រភេទទម្ងន់មួយនេះ ខណៈអ្នកប្រដាល់មិនថាចាស់ ឬថ្មីលើប្រភេទទម្ងន់នេះតែងញញើតជានិច្ច។
ចំណែក សុខ រិទ្ធ វិញក៏មិនធម្មតាដែរ សមត្ថភាពកីឡាកររូបនេះម្យ៉ាងម្នាក់ពីប្អូនរបស់គេ មួយចូលចិត្តវ៉ៃចេញលឿន មួយចូលចិត្តវ៉ៃមួយៗ។ អ្នកលេងគុនខ្មែររូបនេះរឹតតែមានប្រជាប្រិយភាពមួយរយៈពេលចុងក្រោយនេះ តាមរយៈការផ្ដួលជើងខ្លាំងថៃ ណុបក្រាបជីប ដែលអ្នកគាំទ្រទទួលស្គាល់ថាជាជើងខ្លាំងមួយរូប។ បន្ទាប់ពីផ្ដួល ណុបក្រាបជីប លើសង្វៀន PNN កន្លងទៅនេះ សុខ រិទ្ធ ក៏បានផ្ដួលកីឡាករថៃ១រូបទៀតកាលពីថ្ងៃអាទិត្យ ទី២៧ តុលា ២០១៩ លើសង្វៀន MX Muay Xtreme នៅឯប្រទេសថៃថែមទៀតផង។
បើនិយាយពីសមត្ថភាពប្រកួតរបស់ សុខ រិទ្ធ នេះវិញគឺល្អសក្ដិសមនឹងប្រកួត Kick Boxing ណាស់ ដោយសារតែទី១ គេចេញអាវុធបានច្បាស់ល្អ ជាពិសេសកណ្ដាប់ដៃដ៏មានទម្ងន់របស់គេ ចំណែកស្នៀតទាត់ក៏រហ័សល្អ ហើយចេញបានច្រើនទៀតផង។ អ្នកប្រដាល់រូបនេះចូលចិត្តវ៉ៃឆ្ងាយ មិននៅអោបយូរនោះឡើយ ចំណុចនេះហើយដែលជើងខ្លាំងរូបនេះអាចនឹងធ្វើបានល្អលើវិញ្ញាសា Kick Boxing នៅស៊ីហ្គេម ២០១៩។ មិនត្រឹមតែប៉ុណ្ណេះទេ អ្នកប្រដាល់ទម្ងន់ស្រាលម្នាក់នេះ មានបទពិសោធច្រើនមិនថានៅកម្ពុជា ឬនៅឯប្រទេសថៃនោះឡើយ ខណៈការហ្វឹកហាត់ ការត្រៀមខ្លួនម្ដងៗគឺតែងតែធ្វើបានល្អជានិច្ច ចំណែកការតាំងចិត្តប្រកួតក៏ខ្ពស់ថែមទៀតផង។
ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានឲ្យដឹងថា ការជ្រើសរើសនេះតាមការណែនាំទាំងពីរស្ថាប័ន ក្រសួងអប់រំ យុវជន និងកីឡា រួមនិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ទី១ ជ្រើសរើសតាមប្រភេទទម្ងន់ដែលគេត្រូវការប្រកួត ទី២ កីឡាករដែលជ្រើសរើស គឺជាប្រភេទកីឡាករឆ្នើមលើប្រភេទទម្ងន់ទាំងនោះ។ មូលហេតុការជ្រើសរើសនេះមិនមានការប្រកួតសមត្ថភាពគ្នានោះ ប្រធានសហព័ន្ធខាងលើបញ្ជាក់ថា ដោយសារតែគេផ្ដល់ដំណឹងមកឆាប់ពេកដូច្នេះធ្វើមិនទាន់ទេបើប្រកួតទៀតនោះ ខណៈការជ្រើសរើសនេះគឺមានគណៈកម្មការបច្ចេកទេសសហព័ន្ធវ៉ៃតម្លៃច្បាស់លាស់។ កីឡាករដែលត្រូវបានជ្រើសរើសគឺមានសក្ដានុពល និងកំពុងប្រកួតលក្ខណៈអន្តរជាតិនាពេលបច្ចុប្បន្ននេះផងដែរ ទន្ទឹមនិងនេះកីឡាករទាំងនោះមានសីលធម៌ និងវិន័យ។
ឯកឧត្ដម សូមឲ្យអ្នកគាំទ្រទាំងអស់ជួយគាំទ្រកីឡាករដែលចេញទៅចូលរួមប្រកួតស៊ីហ្គេមលើកនេះ បើមានយោបល់ណាមួយនោះ សូមរិះគន់ដើម្បីស្ថាបនា មតិយោបល់ដែលសហព័ន្ធអាចទទួលយកបាន ដើម្បីកែប្រែឲ្យល្អប្រសើរថែមទៀតលើចំណុចខ្វះចន្លោះណាមួយ។
បញ្ជាក់ដែរថា សហព័ន្ធប្រដាល់គុនខ្មែរ នឹងបញ្ជូនកីឡាករជម្រើសជាតិចំនួន៥នាក់៖
ទី១ កីឡាករ ហ៊ឹម គឹមរៀង ៤៨Kg
ទី២ កីឡាក វ៉ាន់ វឿន ៥៤Kg
ទី៣ កីឡាក តាញ់ មករា ៥៧Kg
ទី៤ កីឡាក ឡៅ ចិត្រា ៦៣,៥Kg
ទី៥ កីឡាការិនី សំ ថារ័ត្ន ៥៤Kg
ដោយឡែកសហព័ន្ធប្រដាល់មួយនេះក៏មានសិទ្ធិជ្រើសរើសកីឡាករដើម្បីចូលរួមប្រកួតប្រភេទកីឡា Kick Boxing ផងដែរ ព្រោះម្ចាស់ផ្ទះហ្វីលីពីន ដាក់ប្រភេទកីឡាមួយនេះ ដូច្នេះហើយកម្ពុជាក៏សម្រេចលេងកីឡានេះមួយបន្ថែមទៀត។ ប្រភេទកីឡា Kick Boxing នេះមានឯកឧត្តម និន ភារម្យ ប្រធានប្រតិភូ លោក ហង់ សឿន ជាគ្រូបង្វឹក នឹងបញ្ជូនកីឡាករ៦រូបរួមមាន៖
ទី១ ហ៊ឹម សេរី ៥១Kg
ទី២ ខេម ចាន់ ៥៤Kg
ទី៣ អេលីត ចំរើន ៥៧Kg
ទី៤ សុខ សាវិន ៦០Kg
ទី៥ ផល សោភ័ណ្ឌ ៦៣,៥Kg
ទី៦ ឡៅ ចន្រ្ទា ៦៩Kg