- 2019-09-23 07:47:00
- ប្រដាល់
ពីក្រោយខ្នងការផ្លាស់ប្ដូរក្បាច់ប្រយុទ្ធ របស់ ឡុង សុភី បន្ទាប់ពីឈ្នះខ្សែក្រវាត់និងលុយ៤ ពាន់ដុល្លារ
- 2019-09-23 07:47:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីក្រោយខ្នងការផ្លាស់ប្ដូរក្បាច់ប្រយុទ្ធ របស់ ឡុង សុភី បន្ទាប់ពីឈ្នះខ្សែក្រវាត់និងលុយ៤ ពាន់ដុល្លារ
ចន្លោះមិនឃើញ
ជើងខ្លាំងជំនាញកែង និង ជង្គង់ ឡុង សុភី បានប្ដូរប្រយុទ្ធសឹងតែ ១០០% ពេលយកឈ្នះ រឿង សោភ័ណ្ឌដោយពិន្ទុនា វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ទម្ងន់ ៦៩គីឡូក្រាមកាលថ្ងៃទី ១៤ កញ្ញា ឆ្នាំ ២០១៩ កន្លងទៅនៅសង្វៀន CNC ដោយទទួលបានប្រាក់រង្វាន់ ៤០០០ ដុល្លារអាមេរិក។
លោក ឡុង សាលវ័ន្ត ដែលជាបងប្រុសបង្កើត និង គ្រូបង្វឹកផ្ទាស់ផងនោះ បានថ្លែងថា៖«សុភី ឥឡូវដ្បិតតែវ័យកាន់តែចាស់ ប៉ុន្តែ រូបគេខំហ្វឹកហាត់ខ្លាំងជាងមុន។ ពេលយើងឈ្នះ រឿង សោភ័ណ្ឌ ដូចឃើញហើយ គេមិនប្រើតែជង្គង់ និង កែងច្រើនទេ ប៉ុន្តែប្ដូរកណ្ដាប់ច្រើនវិញ។ កណ្ដាប់ដៃផង ជង្គង់ និងកែង ដែលពូកស្រាប់ គឺធ្វើឲ្យដៃគូលំបាក។ យើងហ្វឹកហាត់ដើម្បីប្រកួតជាមួយកីឡាករដែលយើងប្រឈម»។
ឡុង សុភី ជាកីឡាករជើងចាស់មានបទពិសោធន៍ស្ថិតក្នុងវ័យ ៣១ ឆ្នាំនាពេលបច្ចុប្បន្ន ហើយប្រឡូកការប្រកួតតាមកម្មវិធី និង លើសង្វៀនទូរទស្សន៍មិនតិចជាង ៦០០ ដងនោះឡើយ ក្នុងរយៈពេល ១៥ ឆ្នាំនៃអាជីពឈឺសាច់មកនេះ។ បន្ទាប់ពីឈ្នះខ្សែក្រវាត់ថ្មីៗនេះ អ្នកប្រដាល់មកពីខេត្តបាត់ដំបងធ្លាប់ឈ្នះខ្សែក្រវាត់ស្រាសាច់ដុំ, Gold Region, ឈ្នះប្រាក់រង្វាន់ពីធនាគារ, K-Cement និង ឈ្នះមេដាយមាសជាច្រើនក្នុងការប្រកួតថ្នាក់ជាតិ។ ក្រៅពីនោះ សុភី មានបទពិសោធន៍ច្រើនក្នុងកម្មវិធីលំដាប់អន្តរជាតិ Thai Fight , កម្មវិធីអន្តរជាតិក្នុងស្រុក និង កម្មវិធីលំដាប់ពិភពលោក ONE: CHAMPIONSHIP នាឆ្នាំ ២០១៣ដែលជាការប្រកួតក្បាច់គុនចម្រុះ។
គ្រូបង្វឹក ឡុង សាលវ័ន្ត បានរៀបរាប់ទៀតថា ៖« សុភី ឥឡូវរឹតតែបុកហាត់ជាងមុនខ្លាំង ហើយការប្រកួតក៏ឡើងកម្រិតអីចឹងដែរ។ គេមានកម្មវិធីវ៉ៃខ្សែក្រវាត់នៅទូរទស្សន៍ អាស៊ីអាគ្នេយ៍។ ហើយកាលថ្ងៃអាទិត្យនេះប្រកួតទី១ទើបឈ្នះកីឡាករថៃ ផេតឧប៊ុន ក្នុងកម្មវិធីខ្សែក្រវាត់»។ គ្រូបង្វឹកមកពីសាលវ័ន្តកីឡាសង្កត់ធ្ងន់ថា៖«ខ្ញុំបង្ហាត់ សុភី តាមរបៀបផ្សេងគ្នាពេលជួបគូប្រកួតម្នាក់ៗ។ កីឡាករផ្សេងយើងត្រូវបុកហ្វឹកហាត់ក្បាច់ផ្សេងគ្នាដែរ»។ គួរដឹងថា នី សុភី ធ្លាប់ឡើងសង្វៀន ONE បានម្ដងកាល៦ឆ្នាំមុនបន្ទាប់ពីហ្វឹកហាត់ក្បាច់ឃ្លេ ក្បាច់កាច់ និង ចំបាប់បានត្រឹម ២ សប្ដាហ៍ប៉ុណ្ណោះ(ក្បាច់គុន MMA)។ កាលនោះ ឡុង សុភី ចាញ់កីឡាករឥណ្ឌូណេស៊ី Max Metino ត្រឹមទឹកទី២ ប៉ុណ្ណោះ។ ទោះជាបែបណាក្ដី សុភី ចង់ឡើងប្រកួតនៅសង្វៀនជាថ្មីទៀតបើសិនគេផ្ដល់ឱកាសក្នុងកម្មវិធីប្រកួត Kickboxing វិញ ព្រោះរូបគេមានគុនខ្មែរជាគ្រឹះរួចស្រេចទៅហើយ។
ONE: CENTURY ជាការប្រកួតគុនចម្រុះលំដាប់ពិភពលោកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះមានការប្រកួតដណ្ដើមខ្សែក្រវាត់ ជាច្រើនដូចជាវគ្គផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នា ហើយមានគូប្រកួតជើងឯកពិភពលោក ប៉ះជើងឯកពិភពលោក៕