• 2019-09-04 05:56:05
  • ប្រដាល់

បុរស​ម្នាក់​នៅ​ពី​ក្រោយ​ជួយ ចាន់ រតនា ខ្លាំង​ខាង​បិទ​ក្បាច់​ឃ្លេមិន​ឲ្យ​ដៃ​គូ​ធ្វើ​អ្វី​ចេញ

  • 2019-09-04 05:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្បាច់គុនជីជិតស៊ូ បានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកទទួលជ័យជម្នះជាបន្តបន្ទាប់សម្រាប់កីឡាករគុនចម្រុះកំពូលកម្ពុជា ចាន់ រតនា ជាពិសេសជ័យជម្នះ ៣ លើកជាប់គ្នានៅសង្វៀន លំដាប់ពិភពលោក ONE Championship។

ចាន់ រតនា បង្ហើបថា ការដែលអាចគេចវេះពីការប៉ុនប៉ងផ្ដួលរបស់គូប្រកួត គឺដោយសារគេហ្វឹកហាត់ក្បាច់ជីជិតស៊ូ បានច្រើនឆ្នាំតាំងពីឆ្នាំ ២០១២ មករហូតដល់បច្ចុប្បន្នជាមួយគ្រូបង្វឹក ខូវ វិវឌ្ឍនា ដែលគ្រានោះក្លិបនៅម្ដុំផ្សារចាស់។ ការថ្លែងបែបនេះបន្ទាប់ពីឈ្នះពិន្ទុជាឯកច្ឆន្ទលើជើងខ្លាំងរបស់គុយបា Gustavo Balart នៅសង្វៀន ONE: DREAM OF GOLD នាប្រទេសថៃកាលពាក់កណ្ដាលខែ សីហា កន្លងទៅនេះ។

ខូវ វិវឌ្ឍនា (ឈរ​ជាប់​ខាង​ស្ដាំ​ដៃ​ចាន់ រតនា)

អ្នកលេងគុនចម្រុះវ័យ៣៣ឆ្នាំរំលឹកថា៖«ខ្ញុំហាត់ដោះឃ្លេដែលប្រើក្បាច់ជីជិតស៊ូត និងចំបាប់ ជាមួយគ្រូបង្វឹក ខូវ វិវឌ្ឍនា តាំងពីឆ្នាំ ២០១២។ ខ្ញុំមិនពូកែចាប់ឃ្លេដើម្បីផ្ដួលគូប្រកួតប៉ុន្តែ ខ្ញុំក្បាច់ដោះបាន និង ការពារមិនឲ្យគូឈ្នះងាយៗទោះខ្ញុំនៅក្រោម ឬ នៅពីលើ។ បន្ទាប់មកខ្ញុំតែប្រើជំហរគុនខ្មែរដើម្បីផ្ដួលគូប្រកួត»។

ម្ចាស់ក្លិប «សិល្បៈ» សង្កត់ធ្ងន់ថា៖«ធម្មតាពេលយើងជួបកីឡាករណា យើងត្រូវតាមដានវីដេអូ ថាគេខ្លាំងចំណុចណាខ្លះ ខ្លាំងខាងឈរវ៉ៃ ឬ ដេកវ៉ៃ ឬ មួយខ្លាំងក្បាច់ឃ្លេជាដើម។ គ្រូបង្វឹកក៏បានផ្ដល់យោបល់ដល់យើងដែរ។ គូប្រកួតដែលគេជួបខ្ញុំ ឬ ខ្ញុំជួបគេសុទ្ធតែសិក្សាទៅវិញទៅមក។ គេដឹងថាខ្ញុំអត់ពូកកែ ឃ្លេ គេត្រូវតែប្ដូរចូលចាប់ឃ្លេ។ ជាទូទៅបែបនេះហើយ។ ប៉ុន្តែខ្ញុំបានរៀនច្រើនពីរបៀបដោះនិងការពារ។ គ្រូបង្វឹក វិវឌ្ឍនា បានប្រាប់ និង ត្រៀមខ្លួនសម្រាប់ខ្ញុំល្អៗជានិច្ចមុនទៅប្រកួតអន្តរជាតិ »។

ជោគជ័យធំៗរបស់ រតនា បានចំណែកយ៉ាងធំធេងពីសំណាក់គ្រូបង្វឹក ខូវ វិវឌ្ឍនា នៃក្លិប H/Art Academy ។ ម្ចាស់ក្លិបសិល្បៈតែងតែជួបគូប្រកួតផ្សេងៗគ្នា ហើយក៏ត្រូវអភិវឌ្ឍក្បាច់ខុសគ្នាដែរពេលតតាំងនៅលើសង្វៀនម្ដងៗ។ យ៉ាងណាក៏ដោយ កូនប្រុសរបស់លោក ចាន់ ប៊ុនធឿន សារភាពថា ទោះក្បាច់ល្អ ឬ បច្ចេកទេសល្អ ប៉ុន្តែដាច់ខាតត្រូវតែទទួលការហ្វឹកហាត់គ្រប់គ្រងកម្លាំង។ គ្រូបង្វឹក Lorenzo ជាអ្នកបង្ហាត់ការគ្រប់គ្រងកម្លាំងនៅលើសង្វៀន និង ជាអ្នកឲ្យទឹករួមទាំងផ្ដល់យោបល់សំខាន់ៗជាច្រើនអំឡុងពេលប្រកួត។

ភាពជោគជ័យដល់ពេលនេះ ចាន់ រតនា បានទទួលការហ្វឹកហាត់ពីគ្រូបង្វឹកជាច្រើនដូចជា គ្រូបង្វឹក Lorenzo Lanzafame មកពី LLFitness បង្ហាត់ បច្ចេកទេសនិងគ្រប់គ្រងកម្លាំង,គ្រូបង្វឹក ខូវ វិវឌ្ឍនា បង្ហាត់ខាងផ្នែកជីជិតស៊ូ ចំបាប់ និង MMA , គ្រូបង្វឹក Rolando បង្វឹកផ្នែកប្រដាល់សកល, គ្រូបង្វឹក Sov បង្វឹកភាពអំណត់, និង គ្រូបង្វឹក Jeppe បង្ហាត់ផ្នែកធ្វើចលនាសរសៃនិងម៉ាស្សា ជាដើម។

គួរដឹងដែរថា ចាន់ រតនា បង្កើតកំណត់ល្អឈ្នះលើសង្វៀនគុនចម្រុះចំនួន ៧ ដង និង ចាញ់ ៣ លើ។ រឿងដែលអស្ចារ្យ និងក្លាយជាកីឡាករគុនចម្រុះកម្ពុជាទី១ ដែលឈ្នះលើសង្វៀនអន្តរជាតិ ONE រហូតដល់ ៣ លើកជាប់គ្នា បន្ទាប់ពី Abrou Fernandes , Rudy Agustian និង Gustavo Balart នាពេលចុងក្រោយថ្មីៗនេះ៕

អត្ថបទ៖ ស៊ីធី

មតិយោបល់