- 2019-07-05 23:30:00
- ប្រដាល់
គ្រូប្រដាល់ ឡុង ជិន ក៏ទុកចិត្តលើសិស្សខ្លួនថាអាចឈ្នះវគ្គផ្ដាច់ព្រ័ត្រ ព្រោះហេតុផលនេះ
- 2019-07-05 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូប្រដាល់ ឡុង ជិន ក៏ទុកចិត្តលើសិស្សខ្លួនថាអាចឈ្នះវគ្គផ្ដាច់ព្រ័ត្រ ព្រោះហេតុផលនេះ
ចន្លោះមិនឃើញ
អតីតគ្រូប្រដាល់កីឡាករ ឡុង ជិន លោក Ricky ក៏មានទំនុកចិត្តខ្ពស់លើសិស្សគុនរបស់ខ្លួនផងដែរ ថាអាចនឹងឈ្នះលើ ធន់ មករា ព្រោះថែរក្សាសុខភាពបានល្អ ហ្វឹកហាត់បានពេញ បទពិសោធជោកជាំលើសង្វៀនច្រើនជាង។
តាមរយៈការជួយបង្ហាត់បង្រៀនថ្មីៗនេះដល់ ឡុង ជិន លោក Ricky ឲ្យដឹងថា សម្រាប់វគ្គផ្ដាច់ព្រ័ត្រនេះ ឡុង ជិន នឹងធ្វើបានល្អជាមួយកីឡាករ ធន់ មករា នាជំនួបវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ អធិរាជគុនខ្មែរ ISI PALM ថ្ងៃអាទិត្យនេះ។
គ្រូប្រដាល់ដែលបណ្ដុះបណ្ដាល ឡុង ជិន តាំងតែពីតូចខាងលើនេះ បន្ថែមទៀតថា ការថែរក្សាខ្លួនបានល្អមិនមានជំងឺផ្សេងៗ រាងកាយដៃជើងក៏មិនមានឈឺអ្វីទាំងអស់ គឺត្រៀមខ្លួនរួចរាល់ចំពោះការប្រកួតមួយនេះ។ ឡុង ជិន មានបទពិសោធច្រើនជាង ខណៈ មករា គេក៏ល្អដូចគ្នាប៉ុន្តែទើបនិងឡើងកូដ ឬសមត្ថភាពថ្មីៗនេះ។ ចំណែកស្នៀតកល និងចាប់វ៉ៃជង្គង់គឺកូនសិស្សរបស់លោកល្អ តែទោះយ៉ាងក៏ដោយការប៉ះគ្នារវាងអ្នកទាំងពីរប្រហែលចំណាយពេលពេញ៥ទឹក ភាគរយភ្លាត់ទាំងសងខាងគឺមានតិចណាស់ ព្រោះជាវគ្គសំខាន់។
លោក Ricky បន្ថែមជាចុងក្រោយថា ជាការពិតណាស់លោកចង់ឲ្យកូនសិស្សរបស់លោក ជួបប្រកួតជាមួយកូនសិស្សលោកគ្រូ ធន់ សុភា ណាស់។ ព្រោះកូនសិស្សរបស់ ធន់ សុភា ល្អៗមានសមត្ថភាពខ្លាំងៗ បើបានប្រកួតជាមួយគឺដឹងពីកម្រិតសមត្ថភាពសិស្សរបស់ខ្លួនខ្លាំង ឬខ្សោយដល់កម្រិតណាដើម្បីកែប្រែ និងពង្រឹងបន្ថែម។
រំលឹកដែរថា កីឡាករ ឡុង ជិន មកពីក្លឹបខ្លារខិន នឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ អធិរាជគុនខ្មែរ ISI PALM ទម្ងន់៦០គីឡូក្រាម ជាមួយជើងខ្លាំងមកពីសមាគមក្រសួងការពារជាតិ ធន់ មករា នាថ្ងៃអាទិត្យ ទី៧ ខែកក្កដា ២០១៩ នៅសង្វៀន PNN ចាប់ពីម៉ោង ១២ថ្ងៃត្រង់តទៅ៕