• 2019-04-24 23:29:00
  • ប្រដាល់

ឃុន ​ឌីម៉ា ប្ដេជ្ញា​យកមេដាយមាសស៊ីហ្គេមលើកទី២ជូនជាតិចុងឆ្នាំនេះ​

  • 2019-04-24 23:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​​តែ​​មួយ​គត់​​​ក្នុង​​ប្រភេទ​​ប្រដាល់​សេរី​សម្រាប់​កម្ពុជា​​​ពី​កីឡា​​ស៊ីហ្គេម​ ឆ្នាំ​ ២០១៧ ​នៅ​ម៉ាឡេស៊ី ​ឃុន ឌីម៉ា ​កំពុង​​ព្យាយាម​សម្រួច​វិជ្ជា​គុន​​យ៉ាង​ខ្លាំង​​​ក្នុង​គោល​​​បំណង​ដណ្ដើម​មេដាយ​​មាស​ជា​លើក​ទី២​​ជូន​​​​ពលរដ្ឋ​កម្ពុជា​​ចុង​ឆ្នាំ​នេះ។​ ស៊ីហ្គេម​លើក​ទី​៣០​​ នៅ​ហ្វីលីពីន​ ​ចុង​​ឆ្នាំ​ ២០១៩ ​នេះ​​​នឹង​ចាប់​ផ្ដើម​​ពី​​ថ្ងៃ​ទី​៣០​​ ខែ​វិច្ឆិកា​ រហូត​ដល់​ថ្ងៃ​ទី​១១​ ខែ​ធ្នូ ឆ្នាំ​២០១៩។

ឃុន ឌីម៉ា ពេល​ទទួល​បាន​ជ័យជម្នះ​នៅ​ស៊ីហ្គេម​ឆ្នាំ​២០១៧

​ឃុន ឌីម៉ា​​ បាន​​​​បង្ហើប​ពី​ការ​តាំង​ចិត្ត​​បែប​នេះ​ ៖«​គោល​ដៅ​របស់​ខ្ញុំ​គឺ​ដើម្បី​ស្វែង​រក​មេដាយ​​មាស​សម្រាប់​ស៊ីហ្គេម​ ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​អះអាង​ប្រាកដ​​ថា​បាន​ ១០០%​ ​នោះ​ឡើយ​​ព្រោះ​ កម្រិត​ស៊ីហ្គេម​គេ​ក៏​ខ្លាំង​ៗ​ដូច​គ្នា។ ​បច្ចុប្បន្ន​​​ គីឡូ​ខ្ញុំ​៦៣​ ហើយ​ខ្ញុំ​ត្រូវ​​ឡើង​វ៉ៃ​​គីឡូ​៦៤ ​នៅ​ស៊ីហ្គេម​ឆ្នាំ​នេះ​តាម​ខ្ញុំ​ដឹង។​ ​យ៉ាង​ណា​ក្ដី​ ខ្ញុំ​ហ្វឹកហាត់​ត្រៀម​ជា​ប្រចាំ​ និង ឡើង​​សង្វៀន​ប្រកួត​នានា​ ​ប្រៀប​ដូច​ជា​ការ​ត្រៀម​ខ្លួន​​ឲ្យ​បាន​ល្អ​អីចឹង​ដែរ។ ​ទោះ​ឡើង​ប្រកួត​នៅ​ទី​ណា​​មុន​ស៊ីហ្គេម ក៏​ជា​ការ​ត្រៀម​ខ្លួន​​​របស់​ខ្ញុំ​ដែរ»។

កីឡាករ​ប្រដាល់​​មក​​ពី​ក្លឹប​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ​រូប​នេះ​បន្ត​ថា​ ​​លើស​ពី​​នេះ​​ទៅ​​ទៀត​ការ​ចូល​រួម​ប្រកួត​​ដណ្ដើម​​ខ្សែ​ក្រវាត់​ អធិរាជ​គុន​ខ្មែរ​ ISI Palm ​ដែល​រៀប​ចំ​ដោយ​ស្ថានីយ​ទូរទស្សន៍​​ភីអិនអិន​ ​នា​​ដើម​ខែ ​​ឧសភា ខាង​មុខ​នេះ​ ក៏​ជា​ការ​ត្រៀម​ និង ជា​ការ​រៀប​ចំ​ខ្លួន​ដើម្បី​​​ធ្វើ​ឲ្យ​ខ្លួន​រឹង​មាំ​​នៅ​ស៊ីហ្គេម​ដែរ។​ ​​​តាម​ការ​រំពឹង​ទុក​ បើ​សិន​ជា​​ឈ្នះ​​វគ្គ​ជម្រុះ​ រហូត​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​​​នោះ​ កម្មវិធី​​នេះ​​នឹង​ត្រូវ​បញ្ចប់​​នៅ​ខែ​ តុលា ​ឆ្នាំ​ ២០១៩​ ​មុន​ការ​ប្រកួត​​ស៊ីហ្គេម​ចាប់​​ផ្ដើម​​រយៈ​ពេល​១​ខែ។

ឃុន ឌីម៉ា (ក្រហម) វ៉ៃ​លើ​កីឡាករ​ថៃ នៅ​ស៊ីហ្គេម​២០១៧

ដើម្បី​​ឲ្យ​​ការ​ត្រៀម​ខ្លួន​រឹត​តែ​ល្អ​​បន្ថែម​ទៀត​ ​​កីឡាករ​ប្រដាល់​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​​វ័យ ​២៨ ​ឆ្នាំ​រូប​នេះ​​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ប្រមូល​ផ្ដុំ​នៅ​ក្រុម​ជម្រើស​ជាតិ​នា​ចុង​ ខែ ​មេសា​ នេះ​ ​ឬ ដើម​ខែ​ ឧសភា​ ដែល​ទទួល​​ការ​​ឧបត្ថម្ភ​ពី​​ក្រសួង​អប់រំ​យុវជន​ និង កីឡា។ ​​​កូន​ប្រុស​របស់​លោក​ ហេង ប៊ុនឃីម ​នឹង​ត្រូវ​ហ្វឹកហាត់​ជា​មួយ​ ​គ្រូ​បង្វឹក អេ ភូថង និង ​ឡុង សាលវ័ន្ត ​រហូត​ដល់​មុន​ចេញ​ទៅ​ប្រកួត​នៅ​ស៊ីហ្គេម​តែ​ម្ដង។

​​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​​លើក​ ២៩ ​នៅ​ប្រទេស​ម៉ាឡេស៊ី​​ ​ឆ្នាំ​ ២០១៧​ ​ដែល​មាន​១១​​ប្រទេស​ជា​សមាជិក​ចូល​រួម​​នោះ​​ប្រកួត​ប្រជែង​នោះ​​ ​កម្ពុជា​ទទួល​បាន​ ​មេដាយ​សរុប​ចំនួន​១៧ គ្រឿង ក្នុង​នោះ​ទទួល​បាន​មេដាយ​មាស​៣ ​គ្រឿង​​ ប្រាក់​២ ​និង ​​សំរឹទ្ធ​ ១២ គ្រឿង។​ ​សម្រាប់​​​ប្រដាល់​គុន​ខ្មែរ​ ​គ្រា​នោះ​ ឃុន ឌីម៉ា​ ឈ្នះ​មេដាយ​មាស​ ហើយ​​ មឿន សុភា​ ឈ្នះ​​មេដាយ​ប្រាក់ ខណៈ​ វ៉ាន់ វឿន​ និង​ ឡៅ ចិត្រា ​ឈ្នះ​មេដាយ​សំរឹទ្ធ៕

អេ ភូថង លើក ឃីម ឌីម៉ា ពេល​ទទួល​បាន​ជ័យជម្នះ

អត្ថបទ៖ ស៊ីធី

មតិយោបល់
អត្ថបទថ្មី