• 2019-04-22 07:37:18
  • វិភាគ

គ្មាន​អ្វី​ចម្លែក​ ដែល​ប្រដាល់សកលខ្មែរចាញ់ទាំងអស់ជុំទី១ជើងឯកអាស៊ី

  • 2019-04-22 07:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ កីឡា​ការិនី​ប្រដាល់​សកល​ជម្រើស​ជាតិ​កម្ពុជា​​ទទួល​បរាជ័យ​ជុំ​ទី​១​ទាំង​អស់​នៃ​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ប្រដាល់​សកល​អាស៊ី​ដែល​រៀប​ចំ​នៅ​ប្រទេស​ថៃ។ កីឡាករ​​៥​នាក់​ និង​កីឡា​ការិនី​​២​នាក់​សុទ្ធ​តែ​ចាញ់​ក្នុង​​វគ្គ​ជម្រុះ​ជុំ​ទី​១​ទាំង​អស់។ សូម្បី​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ ពេជ្រ ម្ទេស​ខ្មាំង​ ក៏​ចាញ់​ជុំ​ទី​១​ដែរ។ ​

  • កីឡាករ​ បាង កានុង​​ ចាញ់​កីឡាករ​ចិន​
  • កីឡាករ​ ប៉ុន ដារ័ត្ន​ ចាញ់​កីឡាករ​ស្រី​លង្កា​
  • កីឡាករ​ វី សម្ភស្ស ចាញ់​កីឡាករ​ឥណ្ឌា​
  • កីឡាករ​ ពេជ្រ ម្ទេស​ខ្មាំង​ ចាញ់​កីឡាករ​ចិន​
  • កីឡាករ​ សៅ រង្សី ចាញ់​កីឡា​ករ​ អាហ្វហ្គានីស្ថាន​
  • កីឡា​ការិនី​ វី ស្រីខួច​ ចាញ់​កីឡា​ការិនី​ឥណ្ឌា​​
  • កីឡា​ការិនី​ នៅ ស្រីពៅ ចាញ់​កីឡា​ការិនី​ឥណ្ឌា​​
រូបថត​កាល​ស៊ីហ្គេម​ឆ្នាំ​២០១៧

ពេល​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​ចាញ់​ជុំ​ទី​១​ទាំង​អស់? ចម្លើយ​សាមញ្ញ​ថា​ គ្មាន​អ្វី​​ចម្លែក​ទេ​ដែល​ចាញ់​ទាំង​អស់​នោះ​​ ប៉ុន្តែ​បើ​ឈ្នះ​ខ្លះ​ទើប​ជា​រឿង​ភ្ញាក់​ផ្អើល។ ចូរ​ពិចារណា​លើ​ហេតុ​ផល​​៣​​យ៉ាង​៖

ទី​១៖ គ្មាន​កម្មវិធី​ប្រកួត​

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ​ កម្មវិធី​ប្រកួត​ប្រដាល់​សេរី​គុន​ខ្មែរ​រីក​ដូច​ផ្សិត​រាល់​ចុង​សប្ដាហ៍​ ប៉ុន្តែ​គូ​ប្រកួត​​ប្រដាល់​សកល​​នៅ​តាម​សង្វៀន​ផ្សេង​​ៗ​រាល់​ចុង​សប្ដាហ៍​​បាត់​ស្រមោល​អស់​ហើយ​ កុំ​ឡើយ​​និយាយ​ដល់​កម្មវិធី​ប្រកួត​សកល។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​​មុន​ អ្នក​គាំទ្រ​ធ្លាប់​ឃើញ​​ហើយ​ថា​ ក្នុង​មួយ​សង្វៀន​​​អាច​មាន​​វ៉ៃ​សកល​១​ឬ​ក៏​២​​​គូ​ដែល​នេះ​​ជា​ការ​ប្រកួត​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​គ្មាន​ទេទាំង​ប្រកួត​មិត្តភាព​ជាតិ អន្តរជាតិ ឬ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់។ សូម្បី​តែ​ប្រដាល់​សេរី​គុន​ខ្មែរ​ដែល​កីឡាករ​ កីឡា​ការិនី​ហាត់​រាល់​ថ្ងៃ​ វ៉ៃ​ស្ទើរ​រាល់​សប្តាហ៍​ ប៉ុន្តែ​ពេល​ខ្លះ​​ក៏​មិន​បាន​លទ្ធផល​ល្អ ពេល​ចេញ​ទៅ​ប្រកួត​អន្តរជាតិ។ ចុះ​បើ​ប្រដាល់​សកល​វិញ សង្ឃឹម​អ្វី​​ពី​ការ​ប្រកួត​អន្តរជាតិ​ បើ​គ្មាន​ការ​ហ្វឹកហាត់​ទៀង​ទាត់​ ហើយ​គ្មាន​កម្មវិធី​ប្រកួត​នោះ?

រូបថត​ស៊ីហ្គេម​ឆ្នាំ​២០១៧

ទី​២​៖ ហាត់​ដើម្បី​ប្រកួត​អន្តរជាតិ

កីឡាករ​ កីឡា​ការិនី​ប្រដាល់​សកល​កម្ពុជា​​​ចាប់​​ផ្តើម​ហ្វឹក​ហាត់​ដើម្បី​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​​តែ​ប៉ុណ្ណោះ។ ពួក​គេ​មិន​​មាន​ការ​ហ្វឹកហាត់​ដើម្បី​ប្រកួត​បង្កើន​សមត្ថភាព​ និង​គុណភាព​ជា​ប្រចាំ​រាប់​ខែ​ឆ្នាំ​​ឡើយ​ ពី​ព្រោះ​ហាត់​ធ្វើ​អ្វី​ បើ​គ្មាន​កម្មវិធី​ឡើង​ប្រកួត​ផង​នោះ។ ទោះ​បី​ជា​ការ​ហ្វឹក​ហាត់​នៅ​ពេល​ដែល​​មាន​កម្មវិធី​ប្រកួត​អន្តរជាតិ​ច្បាស់​លាស់​ ក៏​គុណភាព​ឡើង​មិន​ដល់​កម្រិត​ដែរ​​ ពី​ព្រោះ​សមត្ថភាព​ និង​គុណភាព​ត្រូវ​ហ្វឹកហាត់​​ជា​ប្រចាំ​ច្រើន​ខែ​ឆ្នាំ​ទើប​ល្អ​អាច​ប្រកួត​ប្រជែង​ជា​មួយ​អន្តរជាតិ​បាន។

ទី​៣៖ កីឡាករ​ខ្លះ​ឈប់​ពី​សកល​មក​វ៉ៃ​សេរី

កីឡាករ​ កីឡា​ការិនី​ជា​ច្រើន​បាន​ដក​ខ្លួន​ចេញ​ពី​ប្រដាល់​សកល​​ដើម្បី​ចាប់​អាជីព​ប្រដាល់​សេរី​គុន​ខ្មែរ​ ឬ​កីឡា​ផ្សេង​ទៀត​ដែល​មាន​សកម្មភាព​ប្រកួត។ មូលហេតុ​ចម្បង​​គឺ​​ប្រដាល់​សេរី​គុន​ខ្មែរ​មាន​កម្មវិធី​ប្រកួត​រាល់​សប្តាហ៍​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​ឱកាស​ឡើង​សង្វៀន​​ និង​បាន​លុយ​ចិញ្ចឹម​ក្រពះ។ ចុះ​បើ​ហាត់​​ប្រដាល់​សាកល​ គ្មាន​កម្មវិធី​ប្រកួត​ តើ​ឲ្យ​ពួក​គេ​បាន​លុយ​មក​ពី​ណា​ចិញ្ចឹម​ក្រពះ។

ពាក់​ព័ន្ធ​នឹង​ចំណុច​ខាង​លើ​នេះ​ Sabay ធ្លាប់​បាន​សួរ​ទៅ​អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​​មួយ​ចំនួន​​បាន​លើក​ឡើង​ប្រហែល​គ្នា​ថា ការ​មិន​មាន​ម្ចាស់​ឧបត្ថម្ភ​ទើប​មិន​មាន​កម្មវិធី​ប្រកួត​ប្រដាល់​សកល​ ពី​ព្រោះ​ប្រដាល់​សកល​​មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ពី​​អ្នក​គាំទ្រ។ កម្មវិធី​ប្រកួត​តាម​ទូរទស្សន៍​សុទ្ធ​តែ​ឯក​ជន​ដែល​ត្រូវ​ការ​ចំណូល​ដើម្បី​ចំណាយ​ ដូច្នេះ​មិន​មាន​​​ប្រាក់​ដើម្បី​រៀប​ចំ​កម្មវិធី​​ឡើយ​ បើ​គ្មាន​ម្ចាស់​ឧបត្ថម្ភ។

រូបថត​ស៊ីហ្គេម​ឆ្នាំ​២០១៧

ប្រសិន​បើ​​សហព័ន្ធ​កីឡា​ប្រដាល់​សកល​​កម្ពុជា​ ក៏​ដូច​ជា​ស្ថាប័ន​ពាក់​ព័ន្ធ​នៅ​តែ​​មិន​អើ​ពើ​នឹង​សកម្មភាព​កីឡា​ប្រដាល់​​​សកល​​ទេ​នោះ​ កុំ​ថា​ឡើយ​​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ សូម្បី​តែ​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៩​ ឆ្នាំ​២០២១​ ឬ​ការ​ប្រកួត​អន្តរជាតិ​ផ្សេង​ៗ​ទៀត​ ក៏​កីឡា​ប្រភេទ​​នេះ​នឹង​មិន​ទទួល​​លទ្ធផល​​ល្អ​ប្រសើរ​ឡើយ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់