• 2019-03-27 02:14:30
  • ប្រវត្តិ​​

សង្ខេប​៦​រឿង​សំខាន់​​ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ជម្រុះAFCU-23 ពូលH​

  • 2019-03-27 02:14:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល​​នៃ​ព្រឹត្តិការណ៍​ពាន​រង្វាន់​​ជើង​ឯក​យុវជន​អាស៊ី​​ឆ្នាំ​២០២០​ (2020 AFC U-23 Championship) បាន​បញ្ចប់​​គ្រប់​ពូល​អស់​ហើយ​ក្នុង​នោះ​កម្ពុជា​ទទួល​រៀប​ចំ​ការ​ប្រកួត​ពូល​ H។ មាន​​​រឿង​ខ្លះ​ៗ​ដែល​ត្រូវ​តាម​ដាន​​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​​នៅ​កម្ពុជា​នេះ។

  • ទី​១៖ ក្រុម​​ខ្លាំង​ទាំង​ពីរ​បាន​ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ​
ក្រុម​កូរ៉េ​ខាង​ត្បូង
ក្រុម​អូស្ត្រាលី

ក្រុម​កូរ៉េ​ខាង​ត្បូង​ និង​អូស្ត្រាលី​ ​នៃ​ពូល​ H នេះ​បាន​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ដែល​ប្រកួត​ឆ្នាំ​២០២០​នៅ​ប្រទេស​ថៃ​ បន្ទាប់​ពី​កូរ៉េ​ខាង​ត្បូង​ឈរ​លេខ​១​​ដែល​មាន​៧​ពិន្ទុ​ពី​ការ​ឈ្នះ​២​ប្រកួត​ និង​ស្មើ​១​ប្រកួត​ ខណៈ​អូស្ត្រាលី​​បាន​ក្លាយ​ជា​ក្រុម​លេខ​២​ល្អ​បំផុត​ បន្ទាប់​ពី​​ឈ្នះ​២​ប្រកួត​ និង​ស្មើ​១​ប្រកួត​​មាន​៧​ពិន្ទ​ដូច​​កូរ៉េ​ខាង​ត្បូង​ដែរ។

  • ទី​២៖ កម្ពុជា​ និង​ឆាយ​និសតៃប៉ិ​ មិន​ស្គាល់​ពាក្យ​ឈ្នះ​
ក្រុម​កម្ពុជា
ក្រុម​ឆាយនិសតៃប៉ិ

ឆ្លង​កាត់​៣​ប្រកួត​​ក្នុង​ពូល​នេះ​ ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ និង​ភ្ញៀវ​ឆាយនិសតៃប៉ិ​ មិន​ទាន់​ស្គាល់​ពាក្យ​ឈ្នះ​ បន្ទាប់​ពី​ចាញ់​២​ប្រកួត​ ស្មើ​១​ប្រកួត​ និង​មាន​​១​ពិន្ទុ​ដូច​គ្នា។ កម្ពុជា​ចាញ់​អូស្ត្រាលី​ ៦-០, ចាញ់​កូរ៉េ​ខាង​ត្បូង​ ៦-១ និង​ស្មើ​ឆាយ​និសតៃប៉ិ​ ១-១ ខណៈ​​ឆាយ​និសតៃប៉ិ​ចាញ់​កូរ៉េ​ខាង​ត្បូង​ ៨-០, ចាញ់​អូស្ត្រាលី​ ៦-០ និង​ស្មើ​កម្ពុជា​ ១-១។ អ្វី​ដែល​ខុស​គ្នា​គឺ​​កម្ពុជា​ស៊ុត​ចូល​គូ​ប្រកួត​​បាន​២​គ្រាប់​ ហើយ​​គេ​ស៊ុត​ចូល​១៣​គ្រាប់​​ដើម្បី​បាន​ឈរ​លេខ​៣​ក្នុង​ពូល​។ ចំណែក​ឆាយនិសតៃប៉ិ​ស៊ុត​ចូល​គូ​ប្រកួត​​តែ​១​គ្រាប់​គត់​ ហើយ​គេ​ស៊ុត​​រហូត​ដល់​១៥​គ្រាប់។

  • ទី​៣៖ សរុប​គ្រាប់​បាល់​ទាំង​អស់​
ការ​ប្រកួត​រវាង​កម្ពុជា និង​អូស្ត្រាលី

ការ​ប្រកួត​មាន​ចំនួន​៦​​ប្រកួត​​​​ដែល​​ធ្វើ​ឲ្យ​មាន​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​ចំនួន​៣៣​គ្រាប់។ កូរ៉េ​ខាង​ត្បូង​រក​បាន​១៦​គ្រាប់​ អូស្ត្រាលី​រក​បាន​​១៤​គ្រាប់​ កម្ពុជា​រក​បាន​២​គ្រាប់​ និង​ឆាយនិសតៃប៉ិ រក​បាន​១​គ្រាប់។ ក្នុង​នោះ​គ្រាប់​បាល់​ប៉េណាល់​ទី​១​គ្រាប់​ និង​គ្រាប់​បាល់​ចូល​ទី​ខ្លួន​ឯង​១​គ្រាប់។

  • ទី​៤៖ កីឡាករ​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​
ក្រុម​កូរ៉េ​ខាង​ត្បូង​អបអរ​គ្រាប់​បាល់

កីឡាករ​កូរ៉េ​ខាង​ត្បូង Lee Dong-gyeong រក​បាន​គ្រាប់​​ចំនួន​​៦​គ្រាប់​ដែល​បាន​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​​​បាល់​បាន​ច្រើន​ជា​គេ​​ប្រចាំ​ពូល​ H នេះ​ហើយ​ក៏​ជា​កីឡាករ​​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​​វគ្គ​ជម្រុះ​ទាំង​​១១​ពូល​​ទូទាំង​ទ្វីប​អាស៊ី។

  • ទី​៥៖ សរុប​អ្នក​ទស្សនា​ប្រចាំ​ពូល​ H
ទិដ្ឋភាព​អ្នក​ទស្សនា

សរុប​អ្នក​ទស្សនា​ទាំង​អស់​ពី​ការ​ប្រកួត​​ទាំង​៦​គឺ​ចំនួន​៨១០០​នាក់។ ពេល​កូរ៉េ​​ខាង​ត្បូង​ប្រកួត​​ជា​មួយ​ឆាយនិសតៃប៉ិ​មាន​១ ១១៣​នាក់។ ពេល​​កម្ពុជា​ប្រកួត​នឹង​អូស្ត្រាលី​មាន​​៣ ១១៨​នាក់​។ ពេល​​ឆាយ​និសតៃប៉ិ​ប្រកួត​នឹង​​អូស្ត្រាលី​មាន​​៤២៤​នាក់។ ពេល​កម្ពុជា​ប្រកួត​នឹង​កូរ៉េ​ខាង​ត្បូង​មាន​​១ ៣២៨​នាក់។ ពេល​កូរ៉េ​ខាង​ត្បូង​ប្រកួត​នឹង​អូស្ត្រាលី​មាន​​៤៥៥​នាក់​ និង​ពេល​កម្ពុជា​ប្រកួត​ជា​មួយ​​ឆាយនិសតៃប៉ិ​មាន​​១៦៦២​នាក់។

  • ទី​៦៖ ការ​ពិន័យ​ជា​កាត​
ក្រុម​អាជ្ញា​កណ្តាល​ដើរ​ចូល​ទី​លាន

ការ​ប្រកួត​៦​លើក​ក្នុង​ពូល​នេះ​ អាជ្ញា​កណ្តាល​បាន​ពិន័យ​ដោយ​ប្រើ​កាត​លឿង​​អស់​ចំនួន​១៥ ប៉ុន្តែ​គ្មាន​ពិន័យ​កាត​ក្រហម​ទេ។ ពេល​ កូរ៉េ​ខាង​ត្បូង​ប្រកួត​នឹង​ឆាយនិសតៃប៉ិ ​ប្រើ​កាត​លឿង​៧។ ​ពេល​កម្ពុជា​​ប្រកួត​នឹង​អូស្ត្រាលី ​ប្រើ​កាត​លឿង​១។ ពេល​ឆាយនិសតៃប៉ិ​ប្រកួត​នឹង​អូស្ត្រាលី​ប្រើ​កាត​លឿង​២។ ពេល​កម្ពុជា​ប្រកួត​នឹង​កូរ៉េ​ខាង​ត្បូង​​ប្រើ​កាត​លឿង​៣​​។ ពេល​កម្ពុជា​ប្រកួត​នឹង​ឆាយ​និសតៃប៉ិ​ប្រើ​កាត​លឿង​២​។ ​ពេល​កូរ៉េ​ខាង​ត្បូង​​ប្រកួត​នឹង​អូស្ត្រាលី​​គ្មាន​កាត​ពិន័យ​ឡើយ៕​

ប្រកួត​​រវាង​កូរ៉េ​ខាង​ត្បូង និង ឆាយនិសតៃប៉ិ

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី