• 2019-02-23 07:20:18
  • វិភាគ

អ្នក​វិភាគ​បាល់ទាត់​ថា​វា​ជា​រឿង "ឆ្កួត" ប្រសិន​បើ Sarri មិន​ផ្លាស់ប្ដូរ​វិធីសាស្ត្រ

  • 2019-02-23 07:20:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Merson គិត​ថា​វា​ជា​រឿង​ "ឆ្កួត" ប្រសិន​បើ Chelsea មិន​ផ្លាស់​ប្តូរ​វិធី​របស់​ពួកគេ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Carabao Cup នៅ​ថ្ងៃ​អាទិត្យ​ទល់​នឹង​ក្រុម Manchester City ហើយ​ព្រមាន​ថា​ Maurizio Sarri នឹង​ដល់​ពេលវេលា​បញ្ចប់។

Sarri កំពុង​រង​សម្ពាធ​ក្រោយ​ចាញ់ Man City ៦-០ ក្នុងក្របខ័ណ្ឌ Premier League និងបរាជ័យ ២-០ នៅ​ដី​ខ្លួន​ឯង​​ដោយសារ Manchester United នៅ​ក្របខ័ណ្ឌ FA Cup។

អតីត​កីឡាករ Arsenal និង អង់គ្លេស​បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖​ "Sarri ​គួរ​តែ​ចេះ​បត់​បែន។ ប្រសិន​បើ​គេលេង​យុទ្ធសាស្ត្រ​ដដែល Sarriball នោះ​ Chelsea នឹង​រង​​សម្ពាធ​​​ពី​ប្រព័ន្ធ​ការពារ​ទន់​ខ្សោយ​ដោយសារ​​ការ​ដាក់​គំនាប​ពី Manchester City"។

"យើង​​គិត​ថា​លោក​នឹង​ផ្លាស់ប្តូរ​របៀប​លេង ព្រោះ​ប្រសិន​បើ​មិន​ប្តូរ​ទេ វា"ឆ្កួត" ដល់​កម្រិត​កំពូល​មែនទែន​ហើយ។ អ្នក​ទើប​ចាញ់​គេ ៦-០ កាល​ពី​ប៉ុន្មាន​សប្តាហ៍​​មុន ហើយ​អ្នក​នឹង​ចេញ​ទៅ​លេង​ដូច​មុន? ខ្ញុំ​អាច​និយាយ​ថា​នោះ​ជា​ភាព​ឆ្កួតលីលា​បំផុត"។

"នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​ ពួកគេ​មាន​កីឡាករ​៣​នាក់​ ដែល​អាច​ការពារ​បាន Cesar Azpilicueta, Antonio Rudiger និង N'Golo Kante ហើយ​អ្នក​ផ្សេង​ទៀត​មិន​អាច​ទេ។ កុំ​ឲ្យ​ពួកគេ​ព្យាយាម​លេង​ការពារ នៅ​ពេល​ពួកគេ​មិន​អាច។ ដាក់​ពួកគេ​ទៅ​​តំបន់​ដែល​ពួកគេ​លេង​បាន​ ដើម្បី​ធ្វើ​ឲ្យ [Man] City លំបាក"។

អ្នក​វិភាគ​​របស់​ Sky Sports ម្នាក់​ទៀត​គឺ Danny Higginbotham ក៏​យល់​ឃើញ​ស្រដៀង​នេះ​ដែរ​​។ Higginbotham បាន​និយាយ​ថា Sarri ត្រូវ​តែ​ដាក់ N'Golo Kante លេង​ឲ្យ​ត្រូវ​តំណែងដើម​របស់​គេ​វិញ គឺ​បម្រើ​ការពារ​កណ្តាល​។

លោក​ថា Fernandinho បាន​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់ Man City ហើយ Kante ក៏​អាច​ធ្វើ​បាន​បាន​ដែរ។

"​មើល​ទៅ​អ្វី​ដែល Fernandinho បាន​ធ្វើ​សម្រាប់ Manchester City ហើយ Kante គួរ​តែ​​ធ្វើ​អីចឹង​ដូច​គ្នា​សម្រាប់ Chelsea។ គាត់​ធ្លាប់​ធ្វើ​ដូច្នោះ [ បម្រើ​ការពារ​កណ្តាល] ជួយ​ឲ្យ Leicester លើក​ពាន Premier League គាត់​លេង​​តំបន់​ហ្នឹង​ជួយ​ឲ្យ Chelsea លើក​ពាន Premier League ហើយ​តំបន់​ហ្នឹង​គាត់​ជួយ​បារាំង​លើក​ពាន World Cup ដូច្នេះ​តំបន់​ហ្នឹង​គួរ​តែ​ល្អ​គ្រប់គ្រាន់​សម្រាប់​គាត់​ហើយ"។

លោក​បន្ត​ថា ការ​ដាក់​ឲ្យ Jorginho តែ​ម្នាក់​ជា​តួ​សំខាន់​ក្នុង​ការ​ចែក​បាល់​លេង​គឺ​ជា​គុណវិបត្តិ​នៅ​ពេល​គេ​ចាប់ Jorginho ជាប់​ប្រព័ន្ធ Chelsea ទាំង​មូល​ត្រូវ​ជាប់​គាំង។ Manchester City, Bournemouth និង Manchester United សុទ្ធ​តែ​ធ្លាប់​ធ្វើ​បាន​ដោយ​ចាប់​ខ្លេ​នេះ​ជាប់៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់