• 2018-08-30 23:25:00
  • ប្រវត្តិ​​

វីរបុរស​ខ្មែរ​រូប​​ណា​​​ឈ្នះ​​មេដាយ​កីឡាទ្វីប​អាស៊ី​ដំបូង​​ឲ្យ​កម្ពុជា?

  • 2018-08-30 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូត​ដល់​ឆ្នាំ​២០១៨​នេះ​ កម្ពុជា​ធ្លាប់​បាន​ចូល​រួម​ប្រកួត​កីឡា​ទ្វីប​អាស៊ី​១២​ដង​ហើយ​​ និង​ឈ្នះ​មេដាយ​សរុប​៩​គ្រឿង​គឺ​មាស​៣​ ប្រាក់​២​ និង​សំរឹទ្ធ។ តើ​អត្តពលិក​កម្ពុជា​រូប​ណា​ដែល​រក​បាន​មេដាយ​ដំបូង​គេ​ឲ្យ​កម្ពុជា​ពី​កីឡា​ទ្វីប​អាស៊ី​ដែល​មាន​៤​ឆ្នាំ​ម្តង​នេះ?

អតីតកីឡាករ​ប្រដាល់​សកល​កម្ពុជា យូ ជិនហុង

កម្ពុជា​បាន​បញ្ជូន​កីឡា​​ទៅ​ចូល​រួម​ប្រកួត​កីឡា​ទ្វីប​អាស៊ី​លើក​ដំបូង​នៅ​ឆ្នាំ​១៩៥៤​ ដែល​ជា​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​២​ ប៉ុន្តែ​ពុំ​ទទួល​បាន​មេដាយ​អ្វី​ឡើយ។ នៅ​ឆ្នាំ​១៩៥៨​ កម្ពុជា​បាន​បញ្ជូន​កីឡា​ទៅ​ចូល​រួម​ប្រកួត​ជា​លើក​ទី​២​ក៏​មិន​ទទួល​បាន​មេដាយ​អ្វី​ដែរ។

នៅ​ឆ្នាំ​១៩៦២​ទើប​ដែល​ជា​ការ​ចូល​រួម​ប្រកួត​លើក​ទី​៣​ទើប​កម្ពុជា​បាន​បំបែក​កំណត់​ត្រា​របស់​ខ្លួន​ដោយ​ឈ្នះ​មេដាយ​សំរឹទ្ធ​១​គ្រឿង​។ កីឡាករ​ប្រដាល់​សកល​ជម្រើស​ជាតិ​កម្ពុជា​ យូ ជិនហុង​ បាន​ក្លាយ​ជា​អត្តពលិក​កម្ពុជា​ទី​១​​ឈ្នះ​មេដាយ​កីឡា​ទ្វីប​អាស៊ី​ក្នុង​ប្រវត្តិ​សាស្ត្រ។

លោក​ យូ ជិនហុង​ បាន​ប្រកួត​ឈ្នះ​ពិន្ទុ​កីឡាករ​កូរ៉េ​ខាង​ត្បូង​ Jo Pil-kyu នៅ​វគ្គ​៨​នាក់​ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ប៉ុន្តែ​បាន​ចាញ់​​ពិន្ទុ​កីឡាករ​ឥណ្ឌា​ Padam Bahadur Mall នៅ​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ។ វីរបុរស​កម្ពុជា​រូប​នេះ​ និង​​កីឡាករ​ហ្វីលីពីន​ Catalino Arpon ​ទទួល​បាន​មេដាយ​សំរឹទ្ធ​ដូច​គ្នា។ ​ពេល​នោះ​​​កីឡាករ​ឥណ្ឌា​ Padam Bahadur Mall ឈ្នះ​មេដាយ​មាស​ បន្ទាប់​ពី​ឈ្នះ​​​កីឡាករ​ជប៉ុន​ Kanemaru Shiratori វគ្គ​ផ្តាច់​ព្រ័ត្រ​​​ដែល​ឈ្នះ​មេដាយ​ប្រាក់។

តារាង​មេដាយ​កីឡាទ្វីប​អាស៊ី​កាល​ពី​ឆ្នាំ​១៩៦២

ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​កាល​ពី​ឆ្នាំ​១៩៦២​នោះ​​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ដោយ​​ប្រទេស​​ឥណ្ឌូណេស៊ី​ និង​មាន​ប្រទេស​អាស៊ី​ចំនួន​​១៧​ចូល​​រួម​ប្រកួត។ ចំពោះ​កម្ពុជា​បាន​បញ្ជូន​អត្តពលិក​ចំនួន​​៧៤​នាក់​ចូល​រួម​ប្រកួត។ ពេល​នោះ​ជប៉ុន​ឈ្នះ​មេដាយ​ច្រើន​ជាង​គេ​គឺ​១៥២​គ្រឿង​ក្នុង​នោះ​មាស​៧៣​ ប្រាក់​៥៦​ និង​សំរឹទ្ធ​២៣។ កម្ពុជា​​ អាហ្វហ្គានីស្ថាន​ និង​វៀតណាម​​ជា​ប្រទេស​ដែល​រក​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង​ដូច​គ្នា៕

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី