• 2018-07-04 11:17:51
  • បាល់ទាត់

ព្រោះ​ចង់​ដឹកនាំ​អាហ្សង់ទីន Maradona ហ៊ាន​ដល់​និយាយ​ពាក្យ​មួយ​ឃ្លា​នេះ

  • 2018-07-04 11:17:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​ឆ្នើម Diego Maradona កាល​ពី​ពេល​ថ្មី​ៗ​នេះ​ បាន​និយាយ​ថា លោក​សុខ​ចិត្ត​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ដោយ​មិន​យក​ប្រាក់​ឈ្នួល​ឡើយ។

កាល​ពី​ម្សិលមិញ នៅ​ពេល​សួរ​ថា តើ​លោក​ព្រម​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អាមេរិក​ខាង​ត្បូង​មួយ​នេះ ដោយ​មិន​គិត​ប្រាក់​កម្រៃ​ឬ​ទេ លោក Maradona បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Telesur ថា៖ "ហ្នឹង​ហើយ! ខ្ញុំ​នឹង​ព្រម​ធ្វើ​ដូច្នេះ។ ខ្ញុំ​នឹង​ដឹកនាំ​ដោយ​មិន​យក​ប្រាក់​ឈ្នួល​ឡើយ"។

ការ​ថ្លែង​របស់​ Maradona ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ត្រូវ​បាន​ទម្លាក់​ដោយ​ក្រុម​មាន់​គក​បារាំង​នៅ​វគ្គ​ ១៦ ក្រុម World Cup ២០១៨ នេះ។

ក្នុង​ World Cup លើក​នេះ អាហ្សង់ទីន​ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​មើល​ឃើញ​ថា បាន​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​ឡើយ។ ក្រុម​ជម្រើស​ជាតិ​លេង​បាន​ត្រឹម​ស្មើ​ ១ ទល់​នឹង ១ ជាមួយ​អ៊ីស្លង់​ក្នុង​ប្រកួត​ទី​មួយ ហើយ​បាន​ចាញ់​ដល់​ទៅ ៣-០ ក្នុង​ប្រកួត​បន្ទាប់​ក្រោម​ថ្វី​ជើង​ក្រុម​ក្រូអាត ខណៈ​ឈ្នះ​ប្រផឹតប្រផើយ​លើ​នីហ្សេរីយ៉ា​ក្នុង​ប្រកួត​ទី ៣។ ក្នុង​វគ្គ ១៦ ក្រុម បើ​ទោះ​ជា​បាន​នាំ​មុខ ២-១ នៅ​ដើម​វគ្គ​ទី​ ២ ក្រុម​ជម្រើស​ជាតិ​ត្រូវ​បាន​បារាំង​វាយ​បក​បានភ្លាមៗ។ ចប់​ការ​ប្រកួត បារាំង​ឈ្នះ​អាហ្សង់ទីន ក្នុង​លទ្ធផល ៤ ទល់​នឹង ៣។

បែរ​ទៅ​និយាយ​ពី Maradona វិញ លោក​ធ្លាប់​ដឹកនាំ​អាហ្សង់ទីន​ពី​ឆ្នាំ ២០០៨ ដល់​ ២០១០។ កាល​ពី World Cup ២០១០ នៅ​អាហ្វ្រិក​ខាង​ត្បូង អាហ្សង់ទីន​បាន​ឡើង​ដល់​វគ្គ ៨ ក្រុម មុន​ចាញ់​យ៉ាង​ដំណំ ៤-០ ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់