• 2015-06-17 18:26:09
  • បាល់ទាត់

​ធ្លាយរឿង​​​ Ancelotti ​ត្រូវ​បណ្ដេញ​ចេញ​ពី​ Real ដោយសារ​​ដូរ​ Bale ចេញ

  • 2015-06-17 18:26:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្ដីរាយការណ៍​ពី​អេស្ប៉ាញ បាន​ឲ្យ​ដឹង​ថា ការ​ដែល​លោក​ Carlo Ancelotti ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​​តំណែង​អ្នកចាត់ការ​ក្រុម Real Madrid ដោយសារ​តែ​ម្ចាស់​ក្លិប​លោក Florentino Perez ​​មិន​ពេញ​ចិត្ត​រឿង​ដូរ​ Gareth Bale ចេញ​អំឡុង​ពេល​ប្រកួត La Liga ​មួយ ដែល​​ស្តេច​ស ចាញ់​ Valencia ២-១ ​កាល​ពី​ដើម​​ខែ​មករា។

 

 

​ម្ចាស់​ក្លិប​ Real លោក​ Florentino Perez

 

ប្រភព​បាន​បញ្ជាក់​ថា ​​កាល​ពី​ប្រកួត​​ដែល​ក្រុម​ Real ចាញ់ Valencia ២-១ ​កាល​​ពី​ថ្ងៃ​ទី​០៤ ​ខែ​មករា ​ម្ចាស់​ក្លិប​អន់​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​លោក​ Ancelotti ​ដោយសារ​តែ​អ្នកចាត់ការ​សញ្ជាតិ​​អ៊ីតាលី​ បាន​ដូរ​ Bale ចេញ​នៅ​ ២០​នាទី​ចុង​ក្រោយ។ ហើយ​ការ​បរាជ័យ​មួយ​នោះ បាន​ធ្វើ​ឲ្យ​ក្រុម​អធិរាជ​ស កាន់​តែ​បាត់​បង់​ឱកាស​លើក​ពាន​ La Liga។

 

យោង​តាម​កាសែត​អេស្ប៉ាញ AS ​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ក្លិប​ Real លោក​ Perez ត្រូវ​បាន​គេ​សួរ​ថា មូល​ហេតុ​អ្វី បាន​លោក​បណ្ដេញ​លោក Ancelotti ចេញ​ពី​តំណែង? បុរស​សញ្ជាតិ​អេស្ប៉ាញ បាន​ឆ្លើយ​តប​ថា "ដោយសារ​តែ​បាត់បង់​ជំនឿ​ចិត្ត"។

 

ជាង​នោះ​ទៀត​ ​នៅ​ពេល​ដែល សួរ​បន្ត​ថា ចុះ​ហេតុអ្វី​បាន​លោក​បាត់​បង់​ជំនឿ​ចិត្ត​លើ​អ្នកចាត់ការ​ ដែល​​ធ្លាប់​ជួយ​ឲ្យ​ Real លើក​ពាន​៤ នៅ​រដូវ​កាល​ដំបូង? ម្ចាស់​ក្លិប​វ័យ ៦៨​ឆ្នាំ បាន​បន្ថែម​ថា៖ "ព្រោះ​តែ​ Bale, Bale ជា​កីឡាករ​សំខាន់​ សម្រាប់​យើង ប៉ុន្តែ​ Ancelotti ​បាន​ដូរ​គាត់​ចេញ ហើយ​ខ្ញុំ​បាន​ព្យាយាម​ពន្យល់​គាត់ តែ Carlo ​នៅ​តែ​មិន​យល់។ បន្ទាប់​មក​ខ្ញុំ​ក៏​​អស់​ជំនឿ"។

 

លោក​ Ancelotti ត្រូវ​បាន​​ក្លិប​ Real Madrid បណ្ដេញ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ កាល​ពី​ចុង​ខែ​ឧសភា​ ​ក្រោយ​ដឹក​នាំ​ក្លិប​យក្ស​អេស្ប៉ាញ​មួយ​នេះ​បាន​២រដូវ​កាល ខណៈ​ដែល​លោក​​ Rafael Benitez ​បាន​ក្លាយ​ជា​អ្នកចាត់ការ​ថ្មី​វិញ ដោយ​ចុះ​កុងត្រា​រយៈពេល​ ៣​ឆ្នាំ៕

 

-ចុចអាន៖ Real Madrid បណ្ដេញអ្នក​ចាត់ការ​ Ancelotti ជា​ផ្លូវការ​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ sportskeeda

មតិយោបល់