• 2020-03-03 04:47:48
  • ប្រដាល់

ចាន់ រតនា ខំរៀនភាសាបារាំងព្រោះអាចនឹងទៅរស់នៅប្រទេសបារាំងមួយរយៈ

  • 2020-03-03 04:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា ដែលទើបឈានចូលវ័យ ៣៤ ឆ្នាំកាលដើមខែ កុម្ភៈនេះ បានបង្ហើបថាខ្លួនអាចនឹងទៅរស់នៅប្រទេសបារាំងមួយរយៈនាពេលខាងមុខនេះ។ ការបង្ហើបបែបនេះបន្ទាប់ពីម្ចាស់ក្លិបប្រដាល់ «សិល្បៈ» រូបនេះបានចូលរៀនភាសាបារាំងនៅមជ្ឈមណ្ឌលភាសាបារាំងក្បែរវត្តកោះប្រហែលជាកន្លះខែមកហើយ។

ចាន់ រតនាបានគូសបញ្ជាក់ថា៖«ខ្ញុំរៀនភាសាបារាំងព្រោះប្រពន្ធខ្ញុំជាជនជាតិបារាំង។ ខ្ញុំមិនធ្លាប់រៀនបារាំងទេពីមុនទេ។ ខ្ញុំចង់ចេះដើម្បីទំនាក់ទំនងផង ហើយនៅថ្ងៃអនាគតខាងមុខ ខ្ញុំអាចទៅរស់នៅប្រទេសបារាំងមួយរយៈជាមួយគ្រួសាររបស់ខ្ញុំ»។

ក្រៅពីបង្ហាត់កូនសិស្សជាច្រើននាក់ និង ហ្វឹកហាត់ខ្លួនឯងដើម្បីឡើងរេញនៅ ONE Championship ម្ចាស់ក្លិបសិល្បៈឆ្លៀតពេលរៀនភាសាបារាំងនាពេលរសៀលចាប់ពីម៉ោង១២:០០ ដល់ម៉ោង ១:០០ រសៀលជារៀងរាល់ថ្ងៃ។ ក្រោយខកខានឡើងរេញរយៈពេលប្រមាណជា៥ ខែ ONE Championship បន្ទាប់ពីឈ្នះកីឡាករចំបាប់សញ្ជាតិគុយបា Gustavo Balart កាលខែ សីហា ឆ្នាំ ២០១៩ កីឡាករវ័យ៣៤ ឆ្នាំមានតម្រុយអាចនឹងឡើងរេញនាដើមខែ មេសា ខាងមុខ ដោយទំនងជួបជើងខ្លាំងសញ្ជាតិជប៉ុន Yuya Wakamatsu។

បែបណាក្ដី រតនា មិនបានបង្ហាញអំពីភាពប្រាកដប្រជានោះឡើយពោលត្រូវរងចាំសិន។ កីឡាករគុនចម្រុះដដែលសង្កត់ធ្ងន់ថា៖«ខ្ញុំប្រហែលជួប Yuya Wakamatsu មែន ព្រោះខ្ញុំត្រូវជួបគាត់តាំងខែ តុលា ម៉្លេះ ប៉ុន្តែបែរខកខានទៅវិញ»។

ទោះបី ចាន់ រតនា មិនទាន់បានបង្ហើបអំពីព័ត៌មានពិត ប៉ុន្តែ បណ្ដាញសង្គម ឬ វិបសាយក្នុងស្រុកជាច្រើនបានចុះផ្សាយជាហូរហែរួចទៅហើយថា ចាន់ រតនា ទំនងជួបកីឡាករវ័យ២៥ឆ្នាំរបស់ជប៉ុនខាងលើ។ កីឡាករដែលជាប់កិច្ចសន្យាប្រកួតនៅស្ថាប័នអន្តរជាតិ ONE Championship មិនដែលភ្លេចខ្លួនរឿងហ្វឹកហាត់នោះទេទោះបីជា រងចាំយូរដើម្បីឡើងប្រកួតក្ដី។ រតនា ហ្វឹកហាត់ជាប្រចាំទាំងគុនខ្មែរ ប្រដាល់សកល ជឺជិតស៊ូ ហាត់កម្លាំង និង គុនចម្រុះជាដើម ក្រោមការបង្វឹកដោយគ្រូផ្សេងគ្នា។

ឯកមកកាន់ដំណើរឆ្ពោះទៅប្រទេសបារាំងវិញ ត្រូវបាន រតនា បន្ថែមថា៖«ក្នុងរយៈពេល ៦ ឬ ៧ ខែទៀតប្រពន្ធខ្ញុំអាចនឹងទៅរស់នៅប្រទេសបារាំងមុន ប៉ុន្តែខ្ញុំបែបទៅតាមក្រោយ។ ហើយកូនរបស់ខ្ញុំក៏យកទៅរៀននៅទីនោះដែរ។ ឥឡូវខ្ញុំមិនទាន់ច្បាស់ថាខ្ញុំត្រូវទៅពេលណា ប៉ុន្តែខ្ញុំនឹងទៅរស់នៅទីនោះក្នុងអំឡុងពេលមួយ ហើយត្រលប់មកស្រុកខ្មែរវិញ»។

ចាន់ រតនា ជាកីឡាករគុនចម្រុះម្នាក់ជំនាញដោះឃ្លេគូពេលប៉ុនប៉ងពីគូបដិបក្ខ ហើយបំបាក់ដៃគូ ឬ បញ្ចប់គូប្រជែងដោយប្រើក្បាច់គុនខ្មែរ។ ពីជ័យជម្នះ ៧ លើកកន្លងមកក្នុងចំណោម ១០ លើកលើសង្វៀនគុនចម្រុះ ចាន់ រតនា តែងតែយកឈ្នះ និង ផ្ដួលដៃគូឲ្យសន្លប់ដោយកណ្ដាប់មហាទម្ងន់របស់គេទាំងពីរ។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE:KING OF THE JUNGLE នៅសុក្រទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅ ប្រទេសសិង្ហបុរី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី

មតិយោបល់