• 2020-03-02 04:01:29
  • បាល់ទាត់

លោក មាស ចាន់ណា៖ ១ស្មើ​ជាមួយ​បឹងកេត ក្រុម​ខ្ញុំ​អត់​សំណាង​

  • 2020-03-02 04:01:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​លទ្ធផល​១​ស្មើ​ជាមួយ​បឹងកេត កាល​ពី​​ថ្ងៃ​ទី​២៩​ ខែ​កុម្ភៈ ឆ្នាំ​២០២០ លោក​ មាស ចាន់​ណា គ្រូ​បង្វឹក​ណាហ្គា​វើល បាន​លើក​ឡើង​ថា ​​ក្រុមរបស់​លោក​ធ្វើ​បាន​ល្អ​ណាស់ គ្រាន់​តែ​​មិន​មាន​សំណាង ដ្បិត​ស៊ុត​ច្រើន​គ្រាប់​តែ​មិន​ចូល។

លោក មាស ចាន់ ណា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ ៖«យើង​ឃើញ​ស្រាប់​ហើយ​ឱកាស​យើង​​ទាត់​ប៉ុន្មាន​បាល់​ យើង​ទាត់​អត់​ចូល អ៊ីចឹង​ហើយ​អ្វីៗ​គឺ​វា​អត់​សំណាង បាល់​ទាត់​វា​ទាក់​ទង​សំណាង ខ្ញុំ​គិត​ថា​ប្រហែល​ជា​យើង​អាច​ឈ្នះ​ថ្ងៃ​ហ្នឹង»។

ទោះបី​ជាយ៉ាងណា ក្នុង​ជំនួប​​ស្មើ​ជាមួយ​​ក្រុម​ខ្លាំង​បឹងកេត គ្រូ​បង្វឹក License A មាស ចាន់​ណា បាន​បង្ហាញ​ក្ដី​សប្បាយ​រីករាយ ព្រោះ​កូន​ក្រុម​​ធ្វើ​បាន​ល្អ​ ទៅតាម​​អ្វី​ដែល​លោក​បាន​​ណែនាំ ខុស​ពី​ការ​ប្រកួត​មុនៗ​ ហើយ​លោកចាត់​​ទុក​ថា​ នេះជា​ការ​ប្រកួត​ដ៏​តានតឹង និង​ជក់ចិត្ត​មួយ​ក្នុង​សប្ដាហ៍​ទី​៣​កន្លង​ទៅ។

គ្រូ​បង្គោល​ មាស ចាន់​ណា បាន​​បន្ថែម៖ «​​ខ្ញុំ​សប្បាយ​ចិត្ត​ដោយ​ឃើញ​កីឡាករ​របស់​ខ្ញុំ​ ធ្វើ​បាន​ល្អ​មែន​ទែន តាំង​បី​តង់​ទី​១​ដល់​តង់​ទី​២។ អ្វី​ដែល​ខ្ញុំ​រៀប​ចំ​ ពួកគាត់​ធ្វើ​បាន​ច្រើន»។

ក្នុង​តង់​ទី​មួយក្រុម​ទាំង​ពីរ​លេង​ហាក់​មិន​សូវ​សម្រុក​គ្នា​ឡើយ ប៉ុន្តែកីឡាករជប៉ុនលេខ៩៩ Naruse Yuta របស់​ណាហ្គា​រក​បាន​១គ្រាប់នាំមុខ​មុន ខណៈ​បឹង​កេត​បាន​រក​១​គ្រាប់​តា​ស្មើ​វិញ ដោយ​ការទែត​បញ្ចូល​ទី​របស់​កីឡាករ​ ចាន់ វឌ្ឍានាកា នៅ​តង់​ទី​១។ តង់​ទី២ ណាហ្គា​ព្យាយាម​ដាក់​សម្ពោធ​លើ​ម្ចាស់​ផ្ទះ និង​ស៊ុត​ច្រើន​ជើង ប៉ុន្តែ​គ្មាន​សំណាង។

ក្លឹប​បាល់​ទាត់​ណាហ្គាវើល ក្នុង​រយៈ​ពេល​៣​សប្ដាហ៍​កន្លង​មក​នេះ ទើប​ប្រកួត​បាន​ ២​ប្រកួត​ប៉ុណ្ណោះ។ សប្ដាហ៍​ទី​១ ណាហ្គាបាន​យក​ឈ្នះ​ក្លឹប​បាល់​ទាត់នគរបាលជាតិ ២-១ និង​សប្ដាហ៍​ទី​៣បញ្ចប់​ក្នុង​លទ្ធផល ១-១​ ជាមួយ​បឹង​កេត។ ចំណែក​បឹក​កែត​ បាន​ឆ្លងកាត់​៣​ប្រកួត ដោយ​ប្រកួត​ទី១​ស្មើ ១-១ ទី២ ឈ្នះវិសាខា ១-០៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់