• 2020-02-27 08:23:30
  • ប្រដាល់

ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម នៅ ស្រីពៅ ត្រៀមឡើងរេញវិញក្រោយជាពីរបួស

  • 2020-02-27 08:23:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមឆ្នាំ២០១៩ នៅ ស្រីពៅ បានត្រលប់មកបង្ហាញសកម្មភាពហ្វឹកហាត់ត្រៀមឡើងសង្វៀនវិញនៅដើមឆ្នាំ២០២០នេះ បន្ទាប់ពីជាពីរបួសជើងកាលប្រកួតស៊ីហ្គេមនាខែធ្នូកន្លងទៅ។ កីឡាការិនីវ័យ២៥ ឆ្នាំរូបនេះចូលហ្វឹកហាត់វិញនៅក្លិបរបស់ខ្លួនបានប្រហែលមួយខែហើយក្នុងឆ្នាំថ្មីនេះក្រោយរបួសជើងស្ដាំអំឡុងពេលប្រកួតស៊ីហ្គេមតំណាងឲ្យកម្ពុជានៅហ្វីលីពីន។

មុនពេលបង្ហាញខ្លួនជាផ្លូវការនៅលើសង្វៀន កូនសិស្សមកពីក្លិបតាឡីដំរីមានរិទ្ធិបានគូសបញ្ជាក់ថា ៖«ជើងខ្ញុំលែងអីហើយបង...ខ្ញុំអាចហាត់បានល្អជិតមួយខែហើយ។ ខ្ញុំអាចទាត់ និង ហាត់ខ្លាំងបានធម្មតាវិញ។ ហើយខ្ញុំនឹងឡើងសង្វៀនដំបូងឆ្នាំនេះនៅប្រទេសថៃ គឺ សង្វៀន ប៉ុស្តិ៍លេខ៨ នាដើមខែមីនា ខាងមុខនេះ»។

នៅ ស្រីពៅ គឺ ជាកីឡាការិនីដ៏លេចធ្លោម្នាក់នៅក្នុងស្រុកនាពេលបច្ចុប្បន្នហើយរូបគេមានបទពិសោធន៍ទៅប្រកួតនៅថៃ មីយ៉ាន់ម៉ា និង កម្មវិធីរបស់ ONE Championship ចំនួនពីរលើកផងដែរ។ ក្នុងការបង្ហាញខ្លួននៅសង្វៀន ONE ពីរលើកកន្លងមក ស្រីពៅ ឈ្នះ កីឡាការិនីមានបទពិសោធន៍របស់ថៃ Rika Ishige ដោយពិន្ទុកាលខែកុម្ភៈ ឆ្នាំ ២០១៩ និង ចាញ់វីរកីឡាការិនីឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol កាលខែឧសភា ឆ្នាំ ២០១៩។

មុនចាប់ផ្ដើមប្រកួតសាជាថ្មីកីឡាការិនីឆ្នើមប្រចាំសង្វៀនមួយនៅមីយ៉ាន់ម៉ានាឆ្នាំ២០១៨ បានគូសបញ្ជាក់ថា៖«ខ្ញុំនឹងប្រឹងប្រែងធ្វើឲ្យបានល្អ និងត្រៀមបើកឆាកឆ្នាំ២០២០នេះរបស់ខ្ញុំ។ ខ្ញុំខំប្រឹងឲ្យខ្លាំងតាមតែអាចធ្វើទៅបាន ហើយឡើងប្រកួតកាន់តែជក់ចិត្តសម្រាប់អ្នកគាំទ្រ»។

ស្រីពៅ ជាកីឡាការិនីមានស្រុកកំណើតនៅចំការដូងរាជធានីភ្នំពេញ។ នាពេលបច្ចុប្បន្ននេះ ប្អូនស្រីរបស់អតីតកីឡាករប្រដាល់ នៅ ស៊ីថា អាចប្រកួតបានទាំងប្រដាល់សកល ប្រដាល់គុនខ្មែរ និង គុនចម្រុះ។ កូនសិស្សរបស់ លោកញ៉ូវ ម៉ាក និង ម៉ាក សាខន បានតស៊ូយ៉ាងខ្លាំងក្លាដើម្បីទទួលបានកេរ្តិ៍ឈ្មោះនៅក្នុងស្រុក និង ឆាកអន្តរជាតិ។

ស្រីពៅ ចូលហ្វឹកហាត់ប្រដាល់គុនខ្មែរតាំងពីឆ្នាំ ២០១៤ និង ធ្លាប់ប្ដូរមកហ្វឹកហាត់ ប្រដាល់សកលប្រមាណជាពីរឆ្នាំ ហើយក៏បន្តហាត់ប្រដាល់សកលក្នុងស្រុកនិងចេញទៅហាត់នៅប្រទេសជប៉ុនមុនស៊ីហ្គេម ២០១៩ ចាប់ផ្ដើម។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE:KING OF THE JUNGLE នៅសុក្រទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅ ប្រទេសសិង្ហបុរី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី

មតិយោបល់