• 2020-02-21 03:45:10
  • ប្រដាល់

ចាន់ រតនា សំលៀងក្បាច់ជឺជិតស៊ូតឲ្យខ្លាំង ត្រៀមទទួលគូប្រកួតឆ្នាំ ២០២០

  • 2020-02-21 03:45:10
  • ចំនួនមតិ 1 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

កំពូលអ្នកលេងគុនចម្រុះកម្ពុជា ឬ គេនិយមហៅថាកីឡាវាយដាក់ទ្រុងនៅកម្ពុជា ចាន់ រតនា បានដាក់គោលដៅសំលៀងក្បាច់គុនជឺជិតស៊ូឲ្យកាន់តែល្អខ្លាំងមួយកម្រិតទៀតដើម្បីត្រៀមខ្លួនស្វាគមន៍គូប្រកួតនៅឆ្នាំ ២០២០នេះ។ បើគិតមកទល់ពេលនេះ គឺ អស់រយៈពេលប្រមាណជា ៥ ខែមកហើយ ដែល ម្ចាស់ក្លិប «សិល្បៈ» ខកខានឡើងសង្វៀនលំដាប់ពិភពលោក ONE Championship ក្រោយពីឈ្នះកីឡាករជំនាញចំបាប់សញ្ជាតិគុយបា Gustavo Balart នៅក្នុងកម្មវិធី ONE:DREAMS OF GOLD កាលខែ សីហា ឆ្នាំ ២០១៩ នៅរាជធានីបាងកកប្រទេសថៃ។

អ្នកគាំទ្រជាច្រើនបានដាក់ការងឿងឆ្ងល់តាមបណ្ដាញសង្គម ឬ បានឆាតផ្ទាល់ទៅកាន់ ចាន់ រតនា អំពីការខកខានដ៏យូរខែនេះ។ បែបណាក្ដី សាមីខ្លួនបានឲ្យដឹង ការប្រកួតនឹងមកដល់នាពេលខាងមុខនៅឆ្នាំ ២០២០នេះ ហើយរូបគេនឹងសាកសួរទៅកាន់អ្នកគ្រប់គ្រងរបស់ខ្លួនសិន។ ព្រោះថា រូបគេជាកីឡាករខ្មែរម្នាក់ ដែលមានកិច្ចសន្យានៅ ONE Championship។

ទន្ទឹមនឹងការបកស្រាយទៅកាន់អ្នកគាំទ្រ ចាន់ រតនា បានឲ្យដឹងថារូបគេ ដាក់គោលដៅសំលៀងក្បាច់ ជឺជិតស៊ូ ឲ្យបានកាន់តែល្អប្រសើរដើម្បីត្រៀមខ្លួនរួចជាស្រេចពេលឡើងប្រកួតនៅឆ្នាំ ២០២០ នេះ។

កីឡាករដែលទើបចូលវ័យ ៣៤ ឆ្នាំនាដើមខែ កុម្ភៈ នេះបានឲ្យដឹងថា៖«ក្រោយឈ្នះ Balart ខ្ញុំខំហាត់កម្លាំង, ប្រដាល់សកល, គុនខ្មែរជាធម្មតា ប៉ុន្តែមិនសូវបានហាត់ ជឺជិតស៊ូទេ។ ហើយថ្ងៃចន្ទអាទិត្យក្រោយខ្ញុំនឹងជជែកជាមួយគ្រូបង្វឹករបស់ខ្ញុំលោក ខូវ វិវឌ្ឍនា អំពីការសំលៀងស្នៀតជឺជិតស៊ូតរបស់ខ្ញុំ។ ខ្ញុំត្រូវតែប្រាកដក្នុងចិត្តឲ្យបានរួចរាល់មុនឡើងសង្វៀនជាថ្មី»។

ចាន់ រតនា ជាកីឡាករម្នាក់មិនដែលភ្លេចខ្លួនក្នុងការហ្វឹកហាត់ខ្លួនឯងនោះឡើយ ទោះមមាញឹកនឹងការបង្ហាត់សិស្សនៅក្លិប សិល្បៈ ក៏ដោយ។ រូបគេបានត្រៀមខ្លួនជាប្រចាំ ១០០% ដើម្បីកុំឲ្យដូចពាក្យចាស់ពោល «ក្របីបាត់ទើបធ្វើរបង ជិតប្រឡងទើបខំរៀន»។ កីឡាករវ័យ ៣៤ ឆ្នាំរូបនេះមានកំណត់ប្រកួតគុនចម្រុះបាន ១០ លើក ក្នុងនោះ ឈ្នះ រហូតដល់ ៧ ដង និង ចាញ់ ៣ ដង។ គេជាកំពូលកីឡាករគុនចម្រុះម្នាក់ប្រចាំនៅកម្ពុជា ដោយឈ្នះ៣លើកជាប់គ្នានៅសង្វៀនអន្តរជាតិ ONE ដូចជា ឈ្នះ Abrou Fernandes , Rudy Agustian និង Gustavo Balart។

បែបណាក្ដី គេមិនដែលឃើញ ចាន់ រតនា សម្លាប់ ឬ បញ្ចប់ដៃគូឲ្យសន្លប់ដោយសារក្បាច់ឃ្លេ ឬ ជឺជិតស៊ូ នោះទេ ប៉ុន្តែ បញ្ចប់ដោយប្រើគុនខ្មែរ ជាបន្តបន្ទាប់ ក្រោយពីដោះឃ្លេរួច។ ទាក់ទិននឹងរឿងនេះ ម្ចាស់ក្លិបសិល្បៈ សង្កត់ធ្ងន់ថា៖«គោលដៅទៅថ្ងៃមុខ ខ្ញុំចង់បញ្ចប់ដៃគូរបស់ខ្ញុំដោយប្រើក្បាច់ MMA និងជឺជិតស៊ូម្ដង។ ប៉ុន្តែ រឿងសំខាន់ គឺ អាស្រ័យលើស្ថានភាពគូប្រកួត ឬ គូប្រកួតជំនាញក្បាច់អី។ បើគេជំនាញវ៉ៃ ខ្ញុំអាចប្ដូរមកផ្ដួលក្បាច់ជឺជិតស៊ូ។ បើគូប្រជែងជំនាញ MMA ខ្ញុំត្រូវតែឈរវ៉ៃគុនខ្មែរ។ ប៉ុន្តែ ខ្ញុំមានឆន្ទៈហាត់ក្បាច់ជឺជិតស៊ូ ឲ្យកាន់តែល្អខ្លាំងដើម្បីបញ្ចប់ដៃគូ»។

ចាន់ រតនា ជាកីឡាករដែលមានកាលវិភាគហ្វឹកហាត់ល្អប្រចាំថ្ងៃ និង បង្ហាត់សិស្សទៀតផង។ រូបគេហ្វឹកហាត់ក្បាច់គុនជាច្រើនទៅតាមជំនាញរបស់គ្រូម្នាក់ៗដូចជា គុនខ្មែរ ប្រដាល់សកល ជឺជិតស៊ូ ហាត់កម្លាំង និង ប្រើរបបអាហារឲ្យបានត្រឹមត្រូវជាដើម។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE:KING OF THE JUNGLE នៅសុក្រទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅ ប្រទេសសិង្ហបុរី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី

មតិយោបល់