• 2020-02-20 07:46:48
  • ប្រដាល់

សំណួរ-ចម្លើយរឿង ខុន ស៊ីចាន់ ចង់បានលទ្ធផលថ្មី

  • 2020-02-20 07:46:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ខុន ស៊ីចាន់ ដែលជាកូនសិស្សគុនចម្រុះមកពី Phmom Penh MMA រងបរាជ័យត្រឹមទឹកទី១ក្នុងការ ប្រកួតរយៈពេលជិត៤នាទីដោយថ្វីដៃកីឡាករជម្រើសជាតិចំបាប់ឥណ្ឌូណេស៊ី Eko Roni Saputra កាលថ្ងៃទី ៧ ខែ កុម្ភៈ កន្លងទៅក្នុងកម្មវិធី ONE:WARRIOR'S CODE។ ស៊ីចាន់ បានត្រលប់ទៅជួបជុំប្រពន្ធកូននៅឯស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ប៉ុន្តែរូបគេត្រូវឡើងចុះៗ បើសិនមានការប្រកួតលើសង្វៀននៅភ្នំពេញ ឬ បោះជំរំហ្វឹកហាត់បើសិនត្រូវ ONE Championship ចាប់គូរួចរាល់។ សូមតាមដានសំណួរចម្លើយរវាង ខុន ស៊ីចាន់ និងអ្នកយកព័ត៌មានដូចខាងក្រោម។

ONE: ស៊ីចាន់ បន្ទាប់ពីប្រកួតនៅ ONE: WORRIOR'S CODE តើនៅបន្តសកម្មភាពហ្វឹកហាត់ដដែលឬ យ៉ាងណា?

ខុន ស៊ីចាន់៖ បាទខ្ញុំហ្វឹកហាត់ប៉ុន្តែ មិនបានហាត់MMA ឬ ជឺជិតស៊ូ ដូចកាលហាត់ជាមួយគ្រូ Fernado Salvador និង ក្រុមគ្រូបង្វឹកផ្សេងៗ ដូចកាលខ្ញុំត្រៀមប្រកួតនៅ ONE Championship នោះទេ។ ប៉ុន្តែខ្ញុំហាត់ក្បាច់គុនខ្មែរនៅក្លិបអប់រំកាយ និងកីឡាស្រុក អន្លង់វែង ឯស្រុកកំណើតរបស់ខ្ញុំនេះ។

ONE៖ ចុះឮថានឹងឡើងប្រកួតគុនខ្មែរឲ្យបានច្រើន តើការហ្វឹកហាត់ដិតដល់កម្រិតណា?

ស៊ីចាន់៖ ខ្ញុំឡើងប្រកួតនៅប៉ុស្តិ៍បាយ័ននាថ្ងៃទី ២៣ កុម្ភៈ នេះដោយប៉ះកីឡាករ ឈាន រស្មី។ ខ្ញុំនៅតែរក្សាការហ្វឹកហាត់ជាប្រចាំនៅស្រុករបស់ខ្ញុំ ក្នុងនោះព្រឹកហាត់ពីរម៉ោង និងល្ងាចពីរម៉ោង។ ហើយសល់ពេលខ្លះ ខ្ញុំក៏បង្ហាត់គុនខ្មែរដល់កូនក្មួយរបស់ខ្ញុំបីបួននាក់រៀងរាល់ថ្ងៃដែរ។ វាជាការរួមចំណែកជួយរក្សាកម្លាំងរបស់ខ្ញុំ។

ONE៖ បើសិនបានឡើងវ៉ៃញឹកញាប់នៅក្នុងស្រុក តើ ស៊ីចាន់ យល់ថាកម្លាំងស៊ុហ្វល្អជាងមុនឬទេ? ព្រោះកន្លងទៅថ្មីៗ ការចាញ់ភាគច្រើនរបស់ ស៊ីចាន់ នៅ ONE គឺកម្លាំងស៊ុហ្វមិនដល់គេ ហើយចាញ់ការចាប់ឃ្លេកម្លាំងរបស់គេជាដើម។

ស៊ីចាន់៖ ខ្ញុំគិតថា ការឡាំគ្នាពេលហាត់ជារឿងល្អមួយ មុនការប្រកួតមកដល់។ ប៉ុន្តែការឡើងសង្វៀនគុនខ្មែរញឹកញាប់ នឹងជួយឲ្យខ្ញុំធ្វើបានល្អផ្នែកកម្លាំងមួយកម្រិតទៀត។ ពេលយើងវ៉ៃ គឺ វ៉ៃអស់ពីសមត្ថភាព ប៉ុន្តែពេល ឡាំគ្នាវាមិនដូចយើងឡើងវ៉ៃ ១០០% នោះឡើយ។ បើខ្ញុំវ៉ៃគុនខ្មែរបានច្រើន ខ្ញុំនឹងមានកម្លាំងល្អឡើងទ្វេដង។

ONE: ការប្រកួតនៅ ONE មានគ្រូ Alan Mccune ជាអ្នកចាប់គូ ឬ នាំទៅប្រកួត ចុះឡើងសង្វៀនគុនខ្មែរ តើលោកនៅចាប់គូឲ្យ ឬ យ៉ាងណាទៅ?

ស៊ីចាន់៖ អត់ទេ មិនមែនគ្រូ Alan ទេ! ពេលប្រកួតក្នុងស្រុក ខ្ញុំស្គាល់លោកគ្រូនៅក្លិបប្រដាល់ពុទ្ធសេរីវង្ស គាត់ជួយចាប់គូគុនខ្មែរឲ្យនៅសង្វៀនក្នុងស្រុក។ ហើយគាត់បន្តជួយចាប់គូថែមទៀត។

ONE៖ ចុះមានតម្រុយថា ពេលណាអាចនឹងឡើងសង្វៀន ONE ជាថ្មីម្ដងទៀត? ស៊ីចាន់ ៖ ពេលនេះខ្ញុំអត់ទាន់ដឹងនោះទេ។ ពេលគ្រូ Alan Mccune ប្រាប់ទើបខ្ញុំអាចនឹងឡើងហ្វឹកហាត់ត្រៀមនៅភ្នំពេញទៀតដូចរាល់ដងអីចឹង។

ONE: ស៊ីចាន់ ! ខ្ញុំមើលឃើញថា ការចាញ់បីលើកជាប់គ្នា គឺ ត្រឹមទឹកទី១។ ខ្ញុំចង់សួរថា តើការហាត់ត្រៀមជាងមួយខែតិចតួច ឬ មួយខែវាគ្រប់គ្រាន់ទេមុនឡើងវ៉ៃនៅ ONE Championship?

ស៊ីចាន់៖ ពីមុនខ្ញុំត្រឹមហាត់ និង សមជាមួយដៃគូមុនចេញទៅប្រកួតនៅ ONE។ ខ្ញុំគិតថា បើខ្ញុំបានវ៉ៃមួយខែ ពីរបីដងនៅសង្វៀនគុនខ្មែរ នោះការហាត់ត្រៀមមួយខែសម្រាប់ ONE គឺ គ្រប់គ្រាន់ហើយ។ កន្លងទៅខ្ញុំអត់សូវបានឡើងសង្វៀនគុនខ្មែរ ប៉ុន្មានទេ។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE:KING OF THE JUNGLE នៅសុក្រទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅ ប្រទេសសិង្ហបុរី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕ អត្ថបទ៖ ស៊ីធី

អត្ថបទ៖ ស៊ីធី

មតិយោបល់