• 2020-01-13 08:02:28
  • ប្រដាល់

ខ្លាំងៗប៉ះគ្នា! ម្ចាស់ខ្សែក្រវាត់ ONE Flyweight World Title ត្រូវឡើងការពារនៅប្រទេសចិន

  • 2020-01-13 08:02:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

ONE Championship បានបង្ហាញគូប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ flyweight ដែលរៀបចំឡើងនៅក្រុង Chongqing ប្រទេសចិន។ នៅថ្ងៃសៅរ៍ទី ១១ ខែ មេសា ខាងមុខ កីឡាករ Adriano Moraes ឬ ឈ្មោះហៅក្រៅ «Mikinho» នឹងឡើងមកការពារខ្សែក្រវាត់ ONE Flyweight World Champion របស់ខ្លួន ទល់នឹងម្ចាស់ខ្សែក្រវាត់ ONE Flyweight World Grand Prix Champion កីឡាករ Demetrious Johnsonឬ ឈ្មោះក្រៅ «Mighty Mouse» នៅក្នុងកម្មវិធី ONE: REIGN OF DYNASTIES។

នេះជាការប្រកួតដ៏កក្រើកនាដើមខែ មេសា ព្រោះពួកគេសុទ្ធតែមានខ្សែក្រវាត់កាន់រៀងៗខ្លួន។ បើសិន «Mighty Mouse» ដណ្ដើមបាន នោះវីរបុរសមកពីអាមេរិករូបនេះនឹងកាន់ខ្សែក្រវាត់ចំនួន ២ នៅក្នុងដៃ។ ការប្រកួតចុងក្រោយរបស់ម្ចាស់ខ្សែក្រវាត់ Moraes នៅសង្វៀនកម្រិតពិភពលោក គឺធ្វើឡើងកាលខែ មករា ឆ្នាំ ២០១៩។

ព័ត៌មានអំពីការដណ្ដើមខ្សែក្រវាត់ខាងលើត្រូវបានបញ្ចេញដោយប្រធាន និងជានាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong នៅលើទំព័រហ្វេសប៊ុករបស់លោក។ ជើងខ្លាំងទាំងពីរខាងលើត្រូវបានប្រភពបង្ហើបថាការប្រកួតនេះគួរជួបគ្នាយូរមកហើយ ប៉ុន្តែ Moraes បែរជួប និងយកឈ្នះ Geje “Gravity” Eustaquio កាល ថ្ងៃទី ២៥ មករា ២០១៩ទៅវិញនៅក្នុងកម្មវិធី ONE: HERO’S ASCENT។ បន្ទាប់ពីប្រកួតចប់ ៥ ទឹកដ៏ស្វិតស្វាញអ្នកលេងគុនចម្រុះសញ្ជាតិប្រេស៊ីលវ័យ ៣១ ឆ្នាំបានទទួលជ័យជម្នះដោយពិន្ទុជាឯកច្ឆន្ទ និង បានកាន់ខ្សែក្រវាត់ ONE Flyweight World Championship ត្រលប់មកវិញ។

ទោះជាបែបណាក្ដី Moraes ដែលជាម្ចាស់ខ្សែក្រវាត់ទើបគ្រងបានប្រហែលមួយឆ្នាំមកនេះត្រូវប្រឈមនឹង ម្ចាស់ខ្សែក្រវាត់ ONE Flyweight World Grand Prix ហើយគេរង់ចាំមើលថា តើនរណាជាជើងខ្លាំងពិតប្រាកដ។ បើងាកមក Johnson ឯណេះវិញក៏មិនធម្មតាដែរ ពោលអាចគ្រងខ្សែក្រវាត់ក្នុងចំណោមគូប្រជែងកម្រិតកំពូលក្នុងចំណោម ៨ នាក់កាលដែលចាប់ផ្ដើមប្រកួតជម្រុះនៅខែ មីនា។ វីរបុរសវ័យ ៣៣ ឆ្នាំមកពីអាមេរិក បង្កើតឲ្យមានភាពទាក់ទាញក្នុងការបង្ហាញខ្លួនលើកដំបូងពេលឈ្នះ Yuya “Little Piranha” Wakamatsu នៅក្នុងកម្មវិធី ONE: A NEW ERA ហើយបញ្ចប់កីឡាករជប៉ុនដោយក្បាច់ឃ្លេ នៅត្រឹមទឹកទី២។ បន្ទាប់មកទៀត Johnson ក៏ឈ្នះលើកីឡាករជប៉ុនម្នាក់ទៀតដែលជាមិត្តរួមជាតិរបស់ Wakamatsuគឺ Tatsumitsu “The Sweeper” Wada។ ជ័យជម្នះដោយពិន្ទុជាឯកច្ឆន្ទនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធី ONE: DAWN OF HEROES កាលខែ សីហាបានធ្វើបុរសមកពីវ៉ាស៊ីនតោន ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ONE Flyweight World Grand Prix Championship ។

មិនយូរប៉ុន្មាន «Mighty Mouse» យកឈ្នះ Danny “The King” Kingad នៅវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី ONE: CENTURY PART I កាលខែតុលាបន្ទាប់ពីប្រកួត៣ទឹកពេញ។ ជ័យជម្នះនេះធ្វើឲ្យរូបគេកាន់ខ្សែក្រវាត់ World Title និង មានឱកាសជួបប្រកួតនឹង Moraes ដើម្បីដណ្ដើមខ្សែក្រវាត់ថ្មីមួយទៀត។

ក្រៅពីនោះ គូប្រកួតផ្លូវការជាច្រើនទៀតនៅក្នុងកម្មវិធី ONE: REIGN OF DYNASTIES នឹងត្រូវបង្ហាញសប្ដាហ៍នេះ នៅលើវិបសាយថ៍ ONEFC.com ។ កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: FIRE & FURY ពីក្រុមម៉ានីល នៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី

មតិយោបល់