• 2019-10-25 08:24:10
  • ប្រដាល់

៣ សំណួរដឹងរឿងការត្រៀមខ្លួនល្អបំផុតរបស់ មាស ម៉ើ មុនស៊ីហ្គេម ២០១៩

  • 2019-10-25 08:24:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើងខ្លាំងគុនចម្រុះ មាស ម៉ើ ដែលប្រកួតមិនដែលចាញ់នៅក្នុងស្រុកបានសម្រេចក្ដីប្រាថ្នាទៅប្រកួតនៅស៊ីហ្គេមតំណាងឲ្យកម្ពុជាក្នុងវិញ្ញាសាយូដូលើកដំបូង។ តើជើងខ្លាំងដែលមានបទពិសោធន៍នៅសង្វៀន ONE Championship មកពីកំពង់ធំមានការរៀបចំខ្លួនបែបណាខ្លះមុនចេញទៅប្រកួតស៊ីនាថ្ងៃទី ១ ខែ ធ្នូ ចុងឆ្នាំនេះ? សូមតាមដានបទសម្ភាសន៍លម្អិតដូចខាងក្រោម។

ONE៖ ម៉ើ ! តើការរៀបចំខ្លួនបានល្អយ៉ាងណាបច្ចុប្បន្ន ក្នុងដំណើរទៅស៊ីហ្គេម?

មាស ម៉ើ៖ បាទបង! ក្រោយធ្វើតេស្តជាប់ច្រើនដំណាក់កាលរហូតដល់៥នាក់ ខ្ញុំអត់សូវបានទៅលេងប្រពន្ធកូនទេ មួយរយៈនេះ។ ខ្ញុំខំប្រឹងហ្វឹកហាត់តាំងពីពាក់កណ្ដាលឆ្នាំដើម្បីធ្វើតេស្តផង និង ដើម្បីចង់បានលទ្ធផលខ្ពស់បំផុតសម្រាប់ខ្លួនខ្ញុំផង និង សម្រាប់កម្ពុជាដែរ។ ក្នុងជីវិត វាជាលើកទី១ ដែលខ្ញុំទៅប្រកួតនៅស៊ីហ្គេមនិងជាក្ដីស្រមៃរបស់ខ្ញុំតាំងពីយូរ។ មិនត្រឹមតែហ្វឹកហាត់នៅកម្ពុជា ក្រុមគ្រូបង្វឹកជម្រើសជាតិ នឹងដឹកនាំខ្ញុំ និង ជម្រើសជាតិយូដូ ៣ នាក់ផ្សេងទៀតទៅហាត់នៅវៀតណាម មួយសប្ដាហ៍ មុនត្រលប់មកកម្ពុជា និងចេញទៅហ្វីលីពីន។

ONE៖ ក្រៅពីការហ្វឹកហាត់ តើ មាស ម៉ើ យល់យ៉ាងណាចំពោះការប្រកួតរបស់ខ្លួននៅស៊ីហ្គេម និង គោលការណ៍តឹងរ៉ឹងបែបណា?

មាស ម៉ើ៖ វាជាលើកដំបូងរបស់ខ្ញុំ ហើយខ្ញុំមិនដែលមានបទពិសោធន៍សោះនៅប្រកួតស៊ីហ្គេម។ ប៉ុន្តែ ខ្ញុំបានទស្សនាវីដេអូចាស់ៗ ប្រកួតស៊ីហ្គេម ប្រកួតអន្តរជាតិ និង ប្រកួតពិភពលោកមួយចំនួនទៀត ហើយខ្ញុំអាចស្វែងយល់ខ្លះអំពីការប្រកួត។ ខ្ញុំយល់ថា វិញ្ញាសាយូដូ ខុសពីវិញ្ញាសាដទៃ បើសិនជាដួលពេញខ្នងគឺ យើងដឹងតែចាញ់គេហើយ មិនមានឱកាសវ៉ៃសងសឹកដូចចំបាប់ ឬ វ៉ៃដាក់ទ្រុង នៅ ONE Championship អីនោះទេ។ ប៉ុន្តែរាល់ថ្ងៃនេះ ខ្ញុំផ្ដោតលើ ៣ ស្នៀត ដែលខ្ញុំគិតនឹងធ្វើបានល្អនៅស៊ីហ្គេម ហើយ ពេលប្រកួតក៏យើងត្រូវបត់បែបទៅតាមហ្នឹង។

ONE៖ តើមានការប្ដេជ្ញាយ៉ាងដូចម្ដេចខ្លះ មុនពេលព្រឹត្តិការណ៍តំបន់អាស៊ីអាគ្នេយ៍មកដល់?

មាស ម៉ើ៖ ដូចខ្ញុំធ្លាប់ផ្ដល់បទសម្ភាសន៍អីចឹង ខ្ញុំចង់បានមេដាយទោះមេដាយអ្វីក៏ដោយ។ ប៉ុន្តែអ្វីខ្ញុំចង់បានដល់មេដាយមាស បើសិនជាមានឱកាស។ ការឈ្នះមេដាយមាស គឺ ដើម្បីគ្រួសារខ្ញុំ និង សម្រាប់ជម្រើសជាតិដែរ។ ខ្ញុំខំប្រឹងទុកឡានចោលអត់រត់ ព្រោះតែចង់បានលទ្ធផលល្អដើម្បីរួមចំណែកជួយជីវភាពគ្រួសារដែរ។ ខ្ញុំមិនចង់បាត់ឱកាសទេ ព្រោះយើងមិនប្រាកដមានឱកាសទៅប្រកួតទៀតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកក្រោយឡើយ។ ខ្ញុំបានឆ្លងកាត់ឧបសគ្គជាច្រើនណាស់មុនពេលមកដល់ដំណាក់កាលចុងក្រោយនេះ។ ខ្ញុំឃើញគេឈ្នះមេដាយមាស គេអាចកែប្រែជីវភាពគ្រួសារបានមួយកម្រិតធំ។ នេះជាអ្វីដែលខ្ញុំចង់បាន។

គួររំលឹកថា មាស ម៉ើ ជាកីឡាករគុនចម្រុះមានទេពកោសល្យម្នាក់ និង ឈ្នះខ្សែក្រវាត់វ៉ៃដាក់ទ្រុង Khmer Warrior Challenge វគ្គ២បានប្រឹងសម្រកគីឡូតាំងពីខែ ឧសភា មកតាំងពី ៨០ គីឡូ មកត្រឹម ៦៦ គីឡូក្រាម។ បច្ចុប្បន្ន មាស ម៉ើ បោះជុំរុំហ្វឹកហាត់ក្នុងក្រុមយូដូជម្រើសជាតិ មុនចេញទៅស៊ីហ្គេម ដែលចាប់ផ្ដើមពីថ្ងៃទី ៣០ វិច្ឆិកា ដល់ថ្ងៃទី ១១ ខែ ធ្នូ ២០១៩ នៅប្រទេសហ្វីលីពីនសម្រាប់វិញ្ញាសាទូទៅ។ ចំណែក មាស ម៉ើ ដែលមានវ័យ ២៩ ឆ្នាំនឹងចេញដំណើរទៅ ហ្វីលីពីន នៅថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៩សម្រាប់វិញ្ញាសា យូដូ៕

អត្ថបទ៖ ស៊ីធី

មតិយោបល់