• 2019-10-25 00:00:00
  • ប្រដាល់

ឡុង​ សំណាង៖​ ដៃគូ​របស់​ខ្ញុំ​ថ្ងៃ​សៅរ៍​នេះ​ គេ​ល្អ​កណ្ដាប់ដៃ​ និង​ចេញ​អាវុធធ្ងន់ៗ​

  • 2019-10-25 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ប្រចាំ​ក្លឹប​សាលវ័ន្ត​ ឡុង​ សំណាង​ សមត្ថភាព​ដៃគូ​របស់​ខ្លួន​ប៉ះ​គ្នា​ថ្ងៃ​សៅរ៍​ស្អែក​នេះ​គេ​ល្អ​កណ្ដាប់ដៃ​ ហើយ​អាវុធ​ចេញ​មួយៗ​ធ្ងន់​ល្អ​ ប៉ុន្តែ​យ៉ាង​ណា​ក៏​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ការ​ប៉ះ​គ្នា​កម្មវិធី​លុយ​ធំ​នេះ។​ (រូបភាពក្របក្រៅរបស់ហ្វេសបុក Red Bull)

ឡុង សំណាង ពេលប្រកួតនៅថៃ

សំណាង​ លើក​ឡើង​ថា​ ការ​ប្រកួត​ក្នុង​កម្មវិធី​«អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​ជើងឯក​ប៉ះ​គ្នា»​ ខ្លួន​បាន​ហ្វឹកហាត់​ខ្លាំង​មែនទែន​ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ពោល​ប្រឹង​ទាត់​ស៊ីប​រហូត​ដល់​១០នាទី​ ទាញកង់ឡាន​ និង​ហាត់​សាច់ដុំ​ជា​ដើម។​ ការ​ហ្វឹកហាត់​លើ​នេះ​ផ្ដោត​សំខាន់​លើ​កម្លាំង​ស៊ុហ្វ​ខ្លាំង​តែ​ម្ដង​ បើ​គិត​ទៅ​ហ្វឹកហាត់​បាន​ប្រហែល​១០​ថ្ងៃ​ផង​ដែរ។​

សិស្ស​ប្អូន​ ឡុង​ សុភី​ រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា​ ខ្លួន​បាន​ត្រៀម​ក្បាច់​រួចរាល់​ហើយ​ ដើម្បី​ទប់ទល់​ជា​មួយ​ស្នៀត​កណ្ដាប់ដៃ​របស់​អ្នក​លេង​គុន​ថៃ​ ណាត់ផុន​គៀតអាវ៉ន។​ ចំពោះ​ការ​សង្ឃឹម​ប្រកួត​ស្អែក​នេះ​ សំណាង​ សុំ​ត្រឹម​ ៥០%​សិន​ព្រោះ​គេ​ជា​កីឡាករ​ល្អ​ដែរ។​

ឡុង សំណាង ឈ្នះខ្សែក្រវាត់កន្លងទៅ

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ឡុង​ សំណាង​ នឹង​ត្រូវ​ប្រកួត​តទល់​ជា​មួយ​អ្នក​លេង​គុន​ថៃ​ ណាត់ផុន​គៀតអាវ៉ន​ ក្នុង​កម្មវិធី​ប្រដាល់​ «អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​ជើងឯក​ប៉ះ​គ្នា»​ របស់​សង្វៀន​ CNC​ នា​ថ្ងៃ​សៅរ៍​ ទី២៦​ តុលា​ ២០១៩។​ ប្រសិន​បើ​ ឡុង​ សំណាង​ ឈ្នះ​នឹង​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​ ជា​មួយ​ មឿន​ សុខហ៊ុច៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់