• 2019-10-16 07:41:53
  • ប្រដាល់

មាស ម៉ើ សម្រេចបានបំណងប្រាថ្នាទៅប្រកួតស៊ីហ្គេមលើកដំបូងក្នុងជីវិតតំណាងឲ្យកម្ពុជា

  • 2019-10-16 07:41:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកលេងគុនចម្រុះមានពិសោធន៍៣លើកនៅសង្វៀនអន្តរជាតិ ONE Championship មាស ម៉ើ បានសម្រេចបំណងប្រាថ្នាធំបំផុតក្នុងជីវិតដើម្បីទៅប្រកួតស៊ីហ្គេមតំណាងឲ្យកម្ពុជានាចុងឆ្នាំនេះក្នុងវិញ្ញាសាយូដូ។ បំណងប្រាថ្នារបស់ មាស ម៉ើ បានកើតឡើងជាយូរមកហើយ បន្ទាប់ពីឃើញ សែន រ៉ាឌី ឈ្នះមេដាយប្រាក់និង ប៉ាល់ ឆរស្ម៊ី ឈ្នះមេដាយមាសកាលស៊ីហ្គេម ឆ្នាំ ២០១១ ក្នុងវិញ្ញាសាវ៉ូវីណាម។ ដ្បិតទៅប្រកួតក្នុងវិញ្ញាសាខុសគ្នា ប៉ុន្តែវាជាការប្រកួតតំណាងឲ្យកម្ពុជាដូចគ្នានៅព្រឹត្តិការណ៍តំបន់អាស៊ាន ឬ ឆាកអន្តរជាតិ។

កីឡាករយូដូជម្រើសជាតិបានថ្លែងថា៖«ខ្ញុំឃើញ សែន រ៉ាឌី និង ប៉ាល់ ឆរស្ម៊ី ឈ្នះមេដាយ ខ្ញុំក៏កើតកូនចិត្តថាដាច់ខាតត្រូវតែទៅប្រកួតតំណាងជាតិនៅស៊ីហ្គេម ក្នុងជីវិតរបស់ខ្ញុំបានម្ដង។ ដូច្នេះខ្ញុំខំទុកឡានចោលលែងរត់មួយរយៈ និង នៅឆ្ងាយពីប្រពន្ធកូនដើម្បីហ្វឹកហាត់ត្រៀមស៊ីហ្គេម ដែលចាប់ផ្ដើមចុងខែឆ្នាំនេះ»។

កីឡាករមកពីស្រុកបារាយណ៍គូសបញ្ជាក់ថា ៖«ខ្ញុំធ្លាប់ចូលរួមប្រកួតលំដាប់អន្តរជាតិជាច្រើន ប៉ុន្តែ ខ្ញុំអត់ដែលបានទៅស៊ីហ្គេមទេ។ ខ្ញុំបានស្នើទៅថ្នាក់លើធ្វើតេស្តខ្ញុំជាមុនសិន។ បើខ្ញុំវ៉ៃចាញ់កីឡាករក្នុងស្រុក ខ្ញុំមិនទៅចូលរួមទេ។ ខ្ញុំវ៉ៃឈ្នះកីឡាករជម្រើសជាតិខ្មែររហូត ៥ នាក់ ទើបខ្ញុំជាប់ឈ្មោះពេលនេះ។ ចំណែក កីឡាករម្នាក់ទៀតមកពីបារាំងដែលត្រូវធ្វើតេស្តជាមួយខ្ញុំចុងខែ តុលា នេះ ធ្លាក់ហើយ។ ខ្ញុំត្រូវតេស្តវ៉ៃជាមួយគាត់ថ្ងៃទី ៣១ តុលា ប៉ុន្តែ គាត់វ៉ៃជម្រុះធ្លាក់មុនមកជួបខ្ញុំ។ ដូច្នេះខ្ញុំតំណាងឲ្យកម្ពុជាក្នុងទម្ងន់ ៦៦ គីឡូក្រាមនៃការប្រកួតយូដូ។ ក្រៅពីនោះមានគីឡូផ្សេងគ្នា ៣ នាក់ផ្សេងទៀត មានស្រី២ នាក់ និង ប្រុស២ ទៅប្រកួតតំណាងខ្មែរ»។

ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ២រូបនេះបានប្រឹងប្រែងយ៉ាងខ្លាំងតាំងពីខែ ឧសភាមកដែលខំហ្វឹកហាត់ និង សម្រកគីឡូតាំងពីជាង ៨០ គីឡូក្រាម មកនៅថេរត្រឹម ៦៦ គីឡូក្រាម។ បច្ចុប្បន្នរូប មាស ម៉ើ បោះជុំរុំហ្វឹកហាត់ក្នុងក្រុមយូដូជម្រើសជាតិ មុនចេញទៅស៊ីហ្គេម ដែលចាប់ផ្ដើមពីថ្ងៃទី ៣០ វិច្ឆិកា ដល់ថ្ងៃទី ១១ ខែ ធ្នូ ២០១៩ នៅប្រទេសហ្វីលីពីន។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះសង្កត់ធ្ងន់ថា ៖«គោលដៅរបស់ខ្ញុំ ចង់បានលទ្ធផលល្អនៅស៊ីហ្គេម ខ្ញុំដាក់កំហិតខ្លួនឯង។ ខ្ញុំប្រឹងឲ្យអស់សមត្ថភាព។ ខ្ញុំដាក់គោលដៅប្រកួតជម្រុះរហូតដល់ជាប់ជម្រើសជាតិ។ វាជាកិត្តិយសរបស់ខ្ញុំ»។

ក្រៅពីការតាំងចិត្តបានសម្រេច កីឡាករមកពីកំពង់ធំក៏ចង់ឡើងប្រកួតនៅសង្វៀននានាឡើងវិញដែរ ជាពិសេសនៅសង្វៀន ONE Championship ដែររូបគេធ្វើមិនបានល្អកាលគ្រាមុន។ មាស ម៉ើ មិនដែលចាញ់ការប្រកួតគុនចម្រុះក្នុងស្រុក និង នៅប្រទេសថៃ លើកលែងតែ ONE Championship ប៉ុណ្ណោះ។

គួររំលឹកថា មាស ម៉ើ ជាម្ចាស់ខ្សែក្រវាត់ពីព្រឹត្តិការណ៍ប្រកួតដាក់ទ្រុងនៅកម្ពុជា ឬ ខ្សែក្រវាត់ Khmer Warriors Challenges វគ្គ ២ ពេល ស៊ីធីអិន និង MyTV រៀបចំ។ មាស ម៉ើ ឡើងប្រកួតលើសង្វៀនគុនចម្រុះទាំងក្នុងស្រុក និង ឆាកអន្តរជាតិចំនួន ៨ ដងក្នុងនោះឈ្នះ ៥ ដង និង ចាញ់ ៣ ដង។

នៅពេលឃ្លាតឆ្ងាយពីសង្វៀនតាំងពីចុងឆ្នាំ ២០១៨ ក្រោយរងបរាជ័យនៅសង្វៀន ONE ដោយសារជាប់រវល់រត់ឡានទួរីស ១២ កៅអីពីភ្នំពេញ-កំពង់ធំ ដើម្បីជីវភាពគ្រួសារ៕

អត្ថបទ៖ ស៊ីធី

មតិយោបល់