• 2019-10-01 06:59:45
  • ប្រដាល់

អ្នក​ប្រដាល់​ត្រកូល​ សូត្រ​ ពីរ​នាក់​បង​ប្អូន​បាន​ត្រឹម​ស្មើ​១​ និង​ចាញ់​ពិន្ទុ​១​ លើ​សង្វៀន​ថៃ​

  • 2019-10-01 06:59:45
  • ចំនួនមតិ 7 | ចំនួនចែករំលែក 23

ចន្លោះមិនឃើញ

កីឡាករ​គុន​ខ្មែរ​ពីរ​រូប​ សូត្រ​ ប៊ុនធី​ និង​ សូត្រ​ ខេវិន​ ម្នាក់​ចាញ់​ពិន្ទុ​ថៃ​ ខណៈ​ម្នាក់​ទៀត​បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ​នា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ឯ​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​អាទិត្យប៉ុន្មាន​ថ្ងៃ​នេះ។​

រូបភាពរបស់ផេក MX Muay Xtreme

សូត្រ​ ប៊ុនធី​ មួយ​រយៈពេល​ចុង​ក្រោយ​នេះ​គេ​ធ្វើ​បាន​ល្អ​ ជា​ពិសេស​ការ​ប្រកួត​លើ​សង្វៀន​ MX Muay Xtreme​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ បើ​ទោះ​ជា​មិន​ឈ្នះ​ក្ដី​ ប៉ុន្តែ​ស្មើ​ពិន្ទុ​ម្ចាស់​ផ្ទះ​ថៃ​ ស្រប​ពេល​ការ​វ៉ៃ​ចេញ​មួយ​ធ្វើ​ឲ្យ​ដៃគូ​ចង់​ស្រុត។​

រូបភាពរបស់ផេក MX Muay Xtreme

អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​នេះ​ មិន​ជា​សម្រុក​ ឬ​ដើរ​បុក​ដៃគូ​ដូច​កាល​នៅ​កម្ពុជា​នោះ​ទេ​ គឺ​លើក​នេះ​ថយ​ៗ​ និង​ឆ្មក់​ធាក់​ និង​កែង​បត់​ជា​ដើម។​ ប៊ុនធី​ មាន​ប្រៀប​កម្ពស់​ និង​ដៃ​វែង​ជើង​វែង​ ជា​ហេតុ​ធ្វើ​ឲ្យ​កីឡាករ​ថៃ​ពិបាក​ចូល​វ៉ៃ​យក​ពិន្ទុ​ ឬ​ផ្ដួល​ ហើយ​ភាគ​ច្រើន​ត្រូវ​ជង្គង់​បោះ​របស់​កីឡាករ​កម្ពុជា​ថែម​ទៀត​ផង។​ ពេល​ចាប់​អោប​វិញ​ អ្នក​ប្រដាល់​ត្រកូល​ សូត្រ​ រូប​នេះ​ចាក់​ជង្គង់​បាន​ល្អ​ និង​ច្រើន​ហើយ​ជួនកាល​លើក​ជង្គង់​ចង់​ដល់​ស្មា​ថៃ​តែ​ម្ដង។​ មុន​ចប់​ការប្រកួតម្ចាស់​ផ្ទះ​ថៃ​ត្រូវ​គ្រូ​ពេទ្យ​ជូត​ឈាម​ឲ្យ​ថែម​ទៀត​ផង​ ដោយ​សារ​ត្រូវ​កែង​បត់​ឆ្វេង​ស្ដាំ​របស់​ ប៊ុនធី​ ប៉ុន្តែ​យ៉ាង​ណា​អ្នក​ប្រដាល់​កម្ពុជា​រូប​នេះ​ក៏​ចង់​វង្វេង​របស់​ដៃគូ​ម្ដង​ដូច​គ្នា​ ដោយ​សារ​ទម្ងន់​ដៃ។​

រូបភាពរបស់ផេក MX Muay Xtreme

ចំណែក​ សូត្រ​ ខេវិន​ វិញ​ក៏​ប្រកួត​ល្អ​គួរសម​ដែរ​ ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​កីឡាករ​ម្ចាស់​បាន​ឡើយ។​ ខេវិន​ ចេញ​អាវុធ​នៅ​យឺត​បន្តិច​ ខណៈ​ដៃគូ​គេ​ចេញ​បាន​ច្រើន​ សន្សំ​ពិន្ទុ​បាន​ច្រើន​ជា​ហេតុ​ចប់​ការ​ប្រកួតទទួល​បាន​ជ័យជម្នះ​នា​ពេល​នោះ។​

រំលឹក​ដែរ​ថា​ កីឡាករ​ សូត្រ​ ប៊ុនធី​ ស្មើ​ពិន្ទុ​អ្នក​លេង​គុន​ថៃ​ Singthong  រីឯ​ សូត្រ​ ខេវិន​ ចាញ់​ពិន្ទុ​កីឡាករ​ PANGPOND​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៩​ ខែ​កញ្ញា​ ២០១៩​ លើ​សង្វៀន​ប្រដាល់​ MX Muay Xtreme៕​

វីដេអូប្រកួត សូត្រ ប៊ុនធី​ ៖

វីដេអូប្រកួត សូត្រ ខេវិន៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់