- 2019-09-03 07:52:35
- ប្រដាល់
ថា ហ៊ឹម គឹមរៀង ល្អទៅហើយ ប៉ុន្តែកីឡាករថៃវិញទ្រាំឈឺមិនខ្ចីចុះចាញ់
- 2019-09-03 07:52:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថា ហ៊ឹម គឹមរៀង ល្អទៅហើយ ប៉ុន្តែកីឡាករថៃវិញទ្រាំឈឺមិនខ្ចីចុះចាញ់
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរវ័យក្មេង និងជាកីឡាករថ្នាលរបស់កម្ពុជា ហ៊ឹម គឹមរៀង ប្រើស្នៀតប្រយុទ្ធល្អមែនទែន បុកកីឡាករថៃពេញ៥ទឹក ប៉ុន្តែនៅតែមិនអាចឈ្នះសន្លប់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននៅសង្វៀន TV5។
ប្អូនប្រុសរបស់ ហ៊ឹម សេរី ខាងលើនេះបង្ហាញទម្រង់វ៉ៃល្អហើយខ្លាំងតែម្ដង ក្នុងការប្រកួតមិត្តភាពអន្តរជាតិលើសង្វៀន TV5 ជាមួយអ្នកប្រដាល់ឆ្លងដែនពីប្រទេសថៃ។ ចាប់តាំងពីទឹកទី១ទៅ គឹមរៀង មិនបានបណ្ដោយឲ្យនាទីអស់ទៅដោយអត់ប្រយោជន៍នោះឡើយ ពោលដេញវ៉ៃថៃតាមដែលអាចធ្វើទៅបាន។
កីឡាករថ្នាលខាងលើនេះ គឺល្អគ្រប់ស្នៀតតែម្ដង កណ្ដាប់ដៃចេញលឿន ទាត់ក៏ធ្ងន់ ជង្គង់ក៏បាន ចំណែកកែងបុក និងកែងបត់សុទ្ធតែអាចចេញបានយ៉ាងស្ទាត់ជំនាញ។ បើទោះជាអ្នកលេងគុនខ្មែរវ័យក្មេងរូបនេះ សម្រុកខ្លាំងយ៉ាងក៏ដោយ ប៉ុន្តែកីឡាករថៃ Ploy Deng នៅតែខំប្រឹងទប់ជំហរហើយព្យាយាមចេញស្នៀតតបតវិញផងដែរ ខណៈជើងក្រោមរបស់គេចាប់ផ្ដើមឈឺតាំងពីទឹកទី១មកម្ល៉េះ។ ការសម្រុករបស់ ហ៊ឹម គឹមរៀង គឺបានធ្វើឲ្យអាជ្ញាកណ្ដាលរាប់ទៅលើកីឡាករថៃ១ដងនៅចុងទឹកទី៥ផងដែរ។
រំលឹកដែរថា ការប្រកួតរវាង ហ៊ឹម គឹមរៀង និងកីឡាករថៃ Ploy Deng នេះធ្វើឡើងនៅលើសង្វៀន TV5 កាលពីថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០១៩។ ចំពោះលទ្ធផលវិញនោះ គឺអ្នកលេងគុនខ្មែរខាងលើនេះឈ្នះពិន្ទុលើកីឡាករថៃ៕
វីដេអូប្រកួត៖