• 2019-09-02 23:30:00
  • ប្រដាល់

ប្រពន្ធ​ ចាន់​ រតនា​ មើល​ប្ដី​ប្រកួត​ម្ដង​ណា​នោះ​ មិន​ខ្វល់​ថា​ខ្លួន​បាន​ដក​ដង្ហើម​ឬ​អត់​ទេ​ គិត​តែ​ស្រែក

  • 2019-09-02 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ចម្រុះ​ល្បីឈ្មោះ​នៅ​កម្ពុជា​ និង​លើ​ឆាក​អន្តរជាតិ​ ចាន់​ រតនា​ លើក​ឡើង​ពី​ទឹក​ចិត្ត​ រួម​និង​ការ​លះបង់​ពេល​វេលា​កម្លាំង​កាយ​ចិត្ត​របស់​ប្រពន្ធ​មក​លើ​ខ្លួន​ ទម្រាំ​ជម្នះ​ឧបសគ្គ​ផ្សេងៗ​មាន​កេរ្តិ៍ឈ្មោះ​ដូច​សព្វថ្ងៃ។​

ចាន់ រតនា និងគ្រួសារ

ជើង​ខ្លាំង​ប្រចាំ​សង្វៀន​ ONE​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ មាន​ថ្ងៃ​នេះ​គឺ​បាន​ការ​ជួយ​ជ្រោមជ្រែង​ច្រើន​ណាស់​ពី​ប្រពន្ធ​របស់​ខ្លួន​ ក្នុង​នោះ​រួម​មាន​ជួយ​ឲ្យ​ស្គាល់​មិត្តភ័ក្ដិ​ល្អៗ​មួយ​ចំនួន​រហូត​អាច​ឈាន​ជើង​ចូល​ប្រកួត​នៅ​ ONE Championship​ ដល់​សព្វ​ថ្ងៃ។​ ក្រៅ​ពី​នេះ​ទៀត​នោះ​ ប្រពន្ធ​អ្នក​ប្រដាល់​រូប​នេះ​តែងតែ​ជួយ​ផ្ដល់​យោបល់​គ្រប់​ពេល​ តែង​លើក​ទឹក​ចិត្ត​ជា​និច្ច​ ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។​

ចាន់ រតនា និងគ្រួសារ

ទន្ទឹម​និង​ទង្វើ​ល្អ​របស់​ភរិយា​បែប​នេះ​ ចាន់​ រតនា​ ថា​ខ្លួន​មាន​ជា​ការ​ទប់​ស្នង​វិញ​ដែរ​ គឺ​មាន​ក្លឹប​ប្រដាល់​មួយ​ត្រឹមត្រូវ​ មាន​កេរ្តិ៍ឈ្មោះ​ម្នាក់​ដែរ​ក្នុង​វិស័យ​ប្រដាល់​ និង​មិន​ធ្វើ​ឲ្យ​ការ​ខំប្រឹង​ប្រែង​របស់​ប្រពន្ធ​អស់​សង្ឃឹម​នោះ​ឡើយ។​

ចំណែក​អ្នក​ស្រី​ Coupon Cindy​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ គឺ​តែងតែ​ទៅ​ជួយ​ប្ដី​ជា​និច្ច​ក្នុង​ការ​ប្រកួត​លើ​សង្វៀន​ ONE​ ព្រោះ​អាច​ជួយ​ការងារ​បាន​ច្រើន​ ដូច​ជា​បកប្រែ​ និង​លើក​ទឹក​ចិត្ត​ប្រាប់​ពី​ចំណុច​ខ្វះ​ខាត់​ជា​ដើម។​ ចំណុច​មួយ​ទៀត​នោះ​ គឺ​បើ​នៅ​ឆ្ងាយ​ពី​ប្ដី​ មាន​ការ​បារម្ភច្រើន​ ប៉ុន្តែ​បើ​បាន​នៅ​ជិន​ ឬ​ឃើញ​ផ្ទាល់​បែប​នេះ​លែង​សូវ​អីហើយ។​

ចាន់ រតនា និងគ្រួសារ

ភរិយា​ដែល​មាន​ដើម​កំណើត​ពី​បារាំង​រូប​នេះ​ លើក​ឡើង​ទៀត​ថា​ នៅ​ពេល​មើល​ប្ដី​ប្រកួត​ម្ដង​ណា​នោះ​ គឺ​ពិបាក​ក្នុង​ខ្លួន​តែ​ម្ដង​ ពោល​មិន​ដឹង​ថា​ខ្លួន​បាន​ដក​ដង្ហើម​ឬ​អត់​នោះ​ទេ​ គឺ​ខ្វល់​តែ​ស្រែក​ប្រាប់​ ចាន់​ រតនា​ ឲ្យ​ខំប្រឹង​វ៉ៃ​ ខំ​ប្រឹង​បន្ត​ទៀត​ប៉ុណ្ណោះ។​

រំលឹក​ដែរ​ថា​ កីឡាករ​ ចាន់​ រតនា​ បាន​រៀបការ​ជា​មួយ​អ្នក​ស្រី​ Coupon Cindy​ ជាង​១០​ឆ្នាំ​មក​ហើយ​ ដោយ​ទទួល​បាន​ចំណងដៃ​កូន​ស្រី​២​នាក់​នា​ពេល​បច្ចុប្បន្ន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់