• 2019-09-02 03:46:53
  • ប្រដាល់

​អ្នកគាំទ្រ​គុន​ខ្មែរ​មួយ​ចំនួន​ស្ទើរ​មិន​ជឿ​ ឡៅ​ ចន្រ្ទា​ សន្លប់​ក្រោម​ថ្វីដៃ​ថៃ​ម្សិលមិញ​

  • 2019-09-02 03:46:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​លទ្ធផល​ជើង​ខ្លាំង​ជួរ​មុខ​របស់​កម្ពុជា​ ឡៅ​ ចន្រ្ទា​ សន្លប់​ក្នុង​ទឹក​ទី២​ម្សិលមិញ​នេះ​ អ្នក​គាំទ្រ​គុន​ខ្មែរ​មួយ​ចំនួន​លើ​ហ្វេសបុក​ ហាក់​ចម្លែក​អារម្មណ៍​បន្តិច​ ព្រោះ​អ្នក​ប្រដាល់​មក​ពី​ឆត្រយោង​ ៩១១​ រូប​នេះ​កម្រ​ចាញ់​ការ​ប្រកួត​ណាស់​ ហើយ​រឹតតែ​កម្រ​ទៅ​ទៀត​រឿង​សន្លប់។​

រូបភាពលើផេក Sport Zone

សិស្ស​គុន​មក​ពី​ក្លឹប​ឆត្រយោង​ ៩១១​ ឡៅ​ ចន្រ្ទា​ ប៉ះ​ កងថៃឡេន​ ម្សិលមិញ​នេះ​ ការ​ប្រកួត​មិន​ទាន់​បាន​ក្ដៅ​សាច់​ផង​ត្រូវ​បាន​បញ្ចប់​ត្រឹម​ទឹក២​ទៅ​ហើយ​ ដោយ​អ្នក​លេង​គុន​ខ្មែរ​ជា​អ្នក​បរាជ័យ។​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់ស្ពឺ​ខាង​លើ​នេះ​ អាច​ចាត់​ទុក​ថា​ជា​កីឡាករ​ដែល​ប្រយ័ត្ន​ខ្ពស់​នៅ​ពេល​វ៉ៃ​ម្ដងៗ​ មិន​ថា​ការ​វ៉ៃ​កណ្ដាប់​ដៃ​ ឬ​ទាត់​នោះ​ទេ​ គឺ​ ចន្រ្ទា​ គេច​ បាំង​ជា​និច្ច​ ហើយ​មិន​បណ្ដោយ​ឲ្យ​គេ​វ៉ៃ​សន្ធាប់​ឡើយ។​ នៅ​ពេល​អោប​គ្នា​ម្ដងៗ​ កូន​សិស្ស​របស់​លោក​ ហង់​ សឿន​ រូប​នេះ​តែង​ដាក់​មុខ​ឲ្យ​កៀក​និង​មុខដៃគូ​ដើម្បី​គេច​កែង​ជា​និច្ច។​

រូបភាពប្រកួតពីមុនៗ

សម្រាប់​ការ​សន្លប់​ម្សិលមិញ​នេះ​ គឺ​ដោយ​សារ​តែ​ការ​ភ្លាត់​ស្នៀត​វ៉ៃ​កែង​ទៅ​លើ​ កង់ថៃឡេន​ ខុស​អស់​ជំហរ​ខ្លួន​ឯង​ ខណៈ​ដៃគូ​គេ​គេច​ហើយ​ នៅ​សល់​កែង​ឆ្វេង​ក៏​វ៉ៃ​បេះ​ចង្កា​ហើយ​ត្រូវ​សន្លប់​តែ​ម្ដង​ក្នុង​ទឹក​ទី២។​ អ្នក​លេង​គុន​ថៃ​ខាង​លើ​នេះ​ គឺ​នៅ​តែ​បង្ហាញ​ទម្រង់វ៉ៃ​បាន​យ៉ាង​ល្អ​ គេ​សម្គាល់​ឃើញ​ថា​កីឡាករ​រូប​នេះ​ តែងតែ​មិន​នៅ​ស្ងៀម​នោះ​ឡើយ​ ពោល​ញ៉ាក​គ្រប់​ពេល​ ជា​ហេតុ​ធ្វើ​ឲ្យ​ដៃគូ​ពិបាក​ក្នុង​ការ​វ៉ៃ។​ មួយ​វិញ​ទៀត​នោះ​ ម្សិលមិញ​នេះ​អ្នក​ប្រដាល់​ថៃ​ម្នាក់​នេះ​ គឺ​ថយ​ចាំ​វ៉ៃ​តែ​ម្ដង​ ខណៈ​ស្នៀត​ជង្គង់​ ទាត់​ កែង​គឺ​ប្រើ​បាន​គ្រប់​ទាំង​អស់។​

កីឡាករ​ ឡៅ​ ចន្រ្ទា​ ជា​អ្នក​ប្រដាល់​ជួរមុខ​របស់​កម្ពុជា​ មក​ពី​ក្លឹប​ប្រដាល់​ឆត្រយោង​ ៩១១​ កំបូល។​ ប្រកួត​មិត្តភាព​អន្តរជាតិ​ម្សិលមិញ​នេះ​គឺ​ចាញ់​សន្លប់​ទឹក​២​ ក្រោយ​ថ្វីដៃ​កីឡាករ​ថៃ​ កងថៃឡេន​ នៅ​សង្វៀន​ CNC៕​

វីដេអូប្រកួតម្សិលមិញ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់