- 2019-08-27 02:53:14
- ប្រដាល់
កំពែង ខ្មៅ និង កូយ ឡាយ ប្រកួតគ្នាតានតឹងមែនទែនទម្រាំរកឃើញអ្នកឡើង
- 2019-08-27 02:53:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពែង ខ្មៅ និង កូយ ឡាយ ប្រកួតគ្នាតានតឹងមែនទែនទម្រាំរកឃើញអ្នកឡើង
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរវ័យក្មេងរបស់កម្ពុជា កំពែង ខ្មៅ ប៉ះកីឡាករលេងកែងមកពីឆត្រយោង ៩១១ កូយ ឡាយ ប្រកួតយ៉ាងតានតឹង ស្វិតស្វាញរហូត៣ទឹកទើបរកឃើញអ្នកឈ្នះចាញ់ បានឡើងទៅជុំទី២នៃពានរង្វាន់ TV5 កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
មានពេលត្រឹម៣ទឹកប៉ុណ្ណោះដើម្បីប្រកួតយកចាញ់ឈ្នះ ដូច្នេះហើយចូលទឹក១ភ្លាម កូនសិស្សលោក អេ ភូថង គឺ កំពែង ខ្មៅ បើកការប្រយុទ្ធខ្លាំងតែម្ដង ដោយមិនមានការញញើតសិស្សគុនមកពីឆត្រយោងនោះឡើយ។ កំពែង ខ្មៅ ហាក់ធ្វើបានល្អនៅទឹក១ ប៉ុណ្ណោះដោយវ៉ៃចេញច្រើន ខណៈកូនសិស្សលោក ហង់ សឿន បានត្រឹមទប់ៗសិនដោយសារដៃគូបុកខ្លាំងពេក។
ចូលទឹក២ ជាពេលដែលសិស្សប្អូន ឡៅ ចន្រ្ទា បើកឆាកតបតវិញយ៉ាងខ្លាំង កណ្ដាប់ដៃ ទាត់ និងកែងគឺវ៉ៃចេញមិនឈប់នោះឡើយ ចំណែកកូនសិស្សលោក អេ ភូថង ហាក់ថយកម្លាំងខ្លាំងវ៉ៃមិនសូវបានឡើយ។ ចូលទឹកទី៣ ពួកគេទាំងពីរអស់ស៊ុហ្វដូចគ្នា កំពែង ខ្មៅ បានត្រឹមចេញអាវុធមួយៗនោះទេ ចំណែក កូយ ឡាយ ហាក់នៅកម្លាំងគួរសម និងព្យាយាមវ៉ៃយកពិន្ទុតាមដែលអាចធ្វើទៅបាន។ គូនេះពីទឹកទី១ ទី២ គឺពិន្ទុប្រហាក់ប្រហែលគ្នានោះទេ ពោលអាចថាចាញ់ឈ្នះពិន្ទុកៀកកិតគ្នា និងសម្រេចក្នុងទឹក៣ប៉ុណ្ណោះ។
សម្រាប់ការប្រកួតជម្រុះចាញ់ធ្លាក់ពានរង្វាន់ ៦០គីឡូក្រាម របស់សង្វៀន TV5 កាលពីថ្ងៃសៅរ៍ ទី២៤ ខែសីហា ២០១៩ នេះគឺ កីឡាករ កូយ ឈ្នះពិន្ទុ កំពែង ខ្មៅ ខណៈគូទី២ រឿន ឈី ឈ្នះសន្លប់ទឹក២ លើកីឡាករ សុខ ប៊ុនយ៉ុង៕