• 2019-08-26 09:01:23
  • ប្រដាល់

គូ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​​ខ្លាំង​ៗ​​បំផុត​​នៅ​សង្វៀន​ ONE ប្រទេសជប៉ុន ចេញ​ជាផ្លូវការហើយ​

  • 2019-08-26 09:01:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ប្រកួត​ខ្លាំងៗ​​​​ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់​​នៅ​សង្វៀន ONE: CENTURY ​ដែល​​ការ​អបអរ​សាទរ​​​នៃ​​ការ​​​រៀប​ចំ​​គម្រប់​ទី១០០​ ​​​របស់​ស្ថាប័ន​កម្រិត​ពិភព​លោក​ ONE ​នោះ​ត្រូវ​បាន​ប្រកាស​​ជា​ផ្លូវ​ការ​​ហើយ។​ ​ព្រឹត្តិការណ៍​នេះ​នឹង​រៀប​ចំ​នៅ​​​ទីលាន​ Ryogoku Kokugikan ​នា​ក្រុង​តូក្យូ​​ប្រទេស​ជប៉ុន​​​​​​នៅ​​ថ្ងៃ​ទី ១៣​ ​តុលា ខាង​មុខ។

ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ ONE Championship ​លោក​ Chatri Sityodtong បាន​បង្ហាញ​កីឡាករ​-​កីឡាការិនី​ជើង​ខ្លាំង​ចំនួន ​២២ គូ​​​​ដែល​​មាន​គូ​ខ្សែ​ក្រវាត់​រហូត​ដល់​៤​គូ​ ​និង ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ONE World Grand Prix Championship ​រហូត​ដល់​៣​គូ។ ​​ទន្ទឹម​គ្នា​នេះ​ ​​នឹង​​មាន​ការ​ផ្សាយ​​បន្ត​ផ្ទាល់​លើក​ដំបូង​នៅ​ប៉ុស្តិ៍​ TNT ​​របស់​សហរដ្ឋ​អាមេរិក​​ផង​ដែរ​រវាង​​ម្ចាស់​ខ្សែ​ ONE Women’s Atomweight World Championship ​កីឡាការិនី​ Angela Lee ​និង ​អ្នក​ឡើង​​ដណ្ដើម​ខ្សែ​ក្រវាត់​ Xiong Jing Nan។ ​នេះ​ជា​ការ​ប្រកួត​​ជា​ថ្មី​​​​របស់​គូ​បដិបក្ខ​ទាំង​ពីរ​​ដែល​ធ្លាប់​ជួប​គ្នា​នៅ​សង្វៀន ​ONE: A NEW ERA ​កាល​ខែ​មីនា។ បើ​សិន​​ជា​ Xiong ​អាច​ឈ្នះ​​ Lee​ ជា​លើក​ទី២​ ​នោះ​​គេ​នឹង​ក្លាយ​ជា​កីឡាការិ​​​​ដំបូង ​និង​ កីឡាការិនី​ចិន​ទី១​​ដែល​អាច​​កាន់​ខ្សែ​ក្រវាត់​ ONE World Title ​ពីរ​ស្ថាប័ន​ក្នុង​ការ​ប្រកួត​ក្បាច់​គុន​ចម្រុះ។

គូ​ខ្លាំង​មួយ​ទៀត​ ​​​វីរបុរស​​​គុន​ចម្រុះ​អាមេរិក ​Demetrious Johnson ត្រូវ​ប្រកួត​​នឹង​​ជើង​ខ្លាំង​វ័យ​ក្មេង​ហ្វីលីពីន​ Danny Kingad ​​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ ONE Flyweight World Grand Prix Championship ​ស្រប​ពេល​​​​អ្នក​លេង​អាមេរិក​​​​ Eddie Alvarez ​ ជួប​ជើង​ខ្លាំង​មក​ពី​តួកគី​ Saygid Guseyn Arslanaliev នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ONE Lightweight World Grand Prix Championship។​ ​ម្ចាស់​ខ្សែ​ក្រវាត់​ពីរ​ស្ថាប័ន​ ONE World Champion កីឡាករ​មីយ៉ាន់ម៉ា Aung La N Sang ​នឹង​ចូល​ខ្លួន​មក​ការពារ​ខ្សែ​ក្រវាត់​ ONE Light Heavyweight World Title ​របស់​ខ្លួន​ទល់​ Brandon Vera ដែល​​កំពុង​​កាន់​ខ្សែ​ក្រវាត់ ONE Heavyweight World Champion ក្នុង​ដៃ។ បើ​សិន​ Vera ​អាច​យក​ឈ្នះ​ «The Burmese Python» ​នោះ​គេ​​អាច​ក្លាយ​ជា​​ម្ចាស់​ខ្សែ​ក្រវាត់​ពីរ​កម្រិត​ពិភព​លោក ONE World Champion ​ក្នុង​ពិភព​ក្បាច់​គុន​ចម្រុះ​ដែល​គេ​តែង​តែ​ស្រមៃ​កន្លង​មក។

​ក្រៅ​ពី​នេះ​មាន​ Bibiano Fernandes ​ត្រូវ​ឡើង​មក​ការពារ​ខ្សែ​ក្រវាត់​ ONE Bantamweight World Championship ​របស់​ខ្លួន​ទល់​នឹង​​អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​ Kevin ​ Belingon ​ហើយ​វា​​ជា​​ជំនួប​គ្នា​លើក​ទី​៤​រវាង​អ្នក​ទាំង​ពីរ។​ ​រីឯ​ ​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight Muay Thai World Champion ថ្មី​ កីឡាករ​ Rodtang Jitmuangnon ប៉ះ​កីឡាករ​ប្រេស៊ីល​ Walter Goncalves ដើម្បី​ការពារ​ខ្សែ​ក្រវាត់។ ​អ្វី​កាន់​តែ​ពិសេស​ គឺ ​​​កីឡាករ​កណ្ដាប់​ដៃ​ធ្ងន់​ Giorgio​ Petrosyan ​និង​ Samy Sana ​​ត្រូវ​​ប្រឈម​មុខ​ដាក់​​គ្នា​​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ONE Featherweight Kickboxing World Grand Prix Championship ​ដើម្បី​កំណត់​​យក​ទឹក​ប្រាក់​​១​លាន​ដុល្លារ។ ​នៅ​មិន​ទាន់​អស់​ទេ​ ​​​វីរបុរស​ជប៉ុន​ Shinya Aoki និង​ Mei Yamaguchi ​ក៏​ជា​គូ​​ប្រកួត​ត្រូវ​តាម​ដាន​ដែរ។

​២២​គូ​នេះ​ត្រូវ​បាន​រៀប​ចំ​​យ៉ាង​អស្ចារ្យ​ដោយ​ស្ថាប័ន​​ប្រកួត​គុន​ចម្រុះ​លំដាប់​ពិភព​លោក​ធំ​បំផុត ​និង អបអរ​​​ការ​រៀប​ចំ​ព្រឹត្តិការណ៍​លើក​​ទី​១០០​ របស់​ខ្លួន​យ៉ាង​ជោគជ័យ។ ​ហើយ​វា​ច្បាស់​​ការ​រៀប​ចំ​និង​ការ​ប្រកួត​​​ល្អ​​​​​មើល​ចាប់​តាំង​​ដើម​​រហូត​ដល់​ចប់។ នេះ​​​ជា​ព្រឹត្តិការណ៍​​ធំ​បំផុត​​និង​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​​ជាង​ ១៤០ ប្រទេស​ទូទាំង​ពិភព​លោក៕

​អត្ថបទ៖ ស៊ីធី ​

មតិយោបល់