• 2019-08-09 07:07:51
  • ប្រដាល់

Petrosyan ជឿជាក់ថាឈ្នះកីឡាករ​ថៃ Jo Nattawut ឡើងទៅដណ្ដើមប្រាក់រង្វាន់ ១លានដុល្លារ

  • 2019-08-09 07:07:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Giorgio Petrosyan ឬ រហស្សនាមថា «The Doctor» ត្រូវជួបជើងខ្លាំងថៃ Jo Nattawut ជាថ្មី នៅសង្វៀន ONE: DREAMS OF GOLD ដោយគេរំពឹងថាអង្រួនអ្នកគាំទ្រឲ្យជក់ចិត្តដិតអារម្មណ៍។ ជើងខ្លាំងលំដាប់ពិភពលោក World Champion ទាំងពីររូបត្រូវតតាំងគ្នានៅទីលាន Impact Arena ថ្ងៃទី១៦ ខែសីហា នៅក្រុងបាងកកប្រទេសថៃ ដើម្បីប្រជែង​យក​កៅអីវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី ONE Featherweight Kickboxing World Grand Prix ដែលមានប្រាក់រង្វាន់រហូតដល់ ១ លានដុល្លារអាមេរិក។ ជើងខ្លាំងសញ្ជាតិអ៊ីតាលី បានឈ្នះកីឡាករថៃរហស្សនាមថា «Smokin» កាលខែមេសា ឆ្នាំមុន ម្ដងរួចទៅហើយ ហើយគេសង្ឃឹមថាអាចដណ្ដើមកន្លែងវគ្គផ្ដាច់ព្រ័ត្រនៅសង្វៀន ONE: CENTURY នាខែតុលា ក្នុងគោលដៅឈានទៅក្រសោបប្រាក់រង្វាន់ ១ លានដុល្លារ។

Petrosyan ពេល​ឈ្នះ Nattawut នា​ពេល​កន្លងមក (រូបភាព៖ ONE Championship)

«ខ្ញុំស្គាល់អំពីគូប្រកួតរបស់ខ្ញុំច្បាស់។ ខ្ញុំបានយកឈ្នះគេម្ដងកាលជួបគ្នាលើកទី១។ ច្បាស់ណាស់ថា គេមានភាពល្អប្រសើរឡើងមិនខាន ព្រោះទើបឈ្នះ ៤ ប្រកួតចុងក្រោយជាប់គ្នា។ តែខ្ញុំមិនគិតថារីកចម្រើនខ្លាំង និងខុសប្លែកច្រើនទេ ត្រឹម ១ ឆ្នាំកន្លះនេះ»។ កូនកាត់អាមេនី-អ៊ីតាលី បានយកឈ្នះ ជើងខ្លាំងថៃ Petchmorakot Petchyindee Academy នៅវគ្គ៨នាក់ចុងក្រោយជាឯកច្ឆន្ទ ក្នុងការប្រកួតលើកទី២ ក្រោយលើកទី១ មានភាពចម្រូងចម្រាស។

ឥឡូវកីឡាករវ័យ ៣៣ ឆ្នាំ ត្រូវជួប Nattawut ជាលើកទី២ដូចគ្នា បន្ទាប់ពីរូបគេគ្រប់គ្រងស្ថានការណ៍នៅសង្វៀន ONE: HEROES OF HONOR កាលខែមេសា ឆ្នាំមុន។ យ៉ាងណាក្ដីកីឡាករប្រដាល់រូបនេះជឿជាក់ថា ការប្រកួតនេះនឹងមានការផ្លាស់ប្ដូរខ្លះ។ «The Doctor» បញ្ជាក់ទៀតថា៖ «ខ្ញុំប្ដូរតិកនិករបស់ខ្ញុំទល់នឹង [Petchmorakot] និងមិនសូវចូលច្រើនពេកទេ។ ខ្ញុំរង់ចាំវ៉ៃត្រងច្រើនជាង តែជើងរបស់ខ្ញុំធ្វើចលនាច្រើន។ នោះហើយជាវិធីដែលខ្ញុំឈ្នះ។ ដូច្នេះគម្រោងរបស់ខ្ញុំអាចផ្លាស់ប្ដូរដែរ ហើយត្រូវមើលភាពជាក់ស្ដែងនាប្រកួតខាងមុខ»។ គេទទួលស្គាល់ថា កណ្ដាប់ដៃរបស់ «Smokin» ពិតជាគ្រោះថ្នាក់ខ្លាំងណាស់។

Nattawut ឈ្នះ៤ប្រកួតជាប់គ្នា ទល់នឹងកីឡាករលំដាប់កំពូលនៅ ONE Super Series ក្នុងនោះគេផ្ដួលដៃគូឲ្យសន្លប់ចំនួន ២ លើក។ កណ្ដាប់ដៃខ្លាំងរបស់ Nattawut បានបញ្ច​ប់ Yohann Fairtex Drai និងវាយ Sasha Moisa ឲ្យចុះចាញ់ទឹកទី៣ នៅ World Grand Prix វគ្គ៨នាក់។ យ៉ាងណាក្ដី Petrosyan ដឹងអំពីរបៀបការពារប៉ុន្តែជំនួបនេះ Nattawut ក៏ត្រូវខ្លាចរអាកណ្ដាប់ និងជើងរបស់ខ្លួនដែរ។ កីឡាករសញ្ជាតិអ៊ីតាលីពន្យល់បែបនេះ៖ «ក្នុងការប្រកួតដំបូងទល់នឹង Smokin ខ្ញុំដើរសម្រុកចូលខ្លាំងណាស់ ហើយការពារល្អដែរ។ ខ្ញុំព្យាយាមវ៉ៃនិងទាត់ព្រោះវាជាការរៀបចំរបស់ខ្ញុំ»។

វីដេអូការប្រកួតរវាង Giorgio Petrosyan និង Jo Nattawut កាលពី​ឆ្នាំមុន៖

កីឡាករដដែលរៀបរាប់ទៀតថា៖ «ខ្ញុំចងចាំបានថាទម្ងន់ជើងរបស់គេខ្លាំងណាស់។ គេជាគូប្រកួតដែលវ៉ៃបានពេញទឹកល្អ និង ចេញកណ្ដាប់ដៃ ទាត់ និង ជង្គង់ល្អ។ ដូច្នេះខ្ញុំត្រូវតែរំលឹកអំពីរឿងនេះ។ គេលឿន គេល្អ តែខ្ញុំក៏មិនធម្មតា។ យើងធ្វើឲ្យអ្នកគាំទ្រពេញចិត្តពេញថ្លើម»។ Petrosyan អាចក្លាយជាកីឡាករមានភាគរយទៅវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែមិនហ៊ានមើលស្រាលគូប្រជែងនោះឡើយ។ ប៉ុន្តែគេនឹងប្រឹងប្រែងដើម្បីបង្កើតកំណត់ត្រាក្នុងប្រវត្តិសាស្ត្រមួយនេះ និង ធ្វើឲ្យអ្នកគាំទ្រនៅបាងកក អង្គុយមិនសុខពេលទៅទស្សនា។

Petrosyan សង្កត់ធ្ងន់៖ «អ្វីៗអាចកើតឡើងគ្រប់ពេលលើសង្វៀន ដូច្នេះអ្នកសង្ឃឹមឈ្នះមិនប្រាកដថាឈ្នះនោះឡើយ ជាក់ស្ដែងដូចបានឃើញស្រាប់ Yodsanklai និង Sana ជាដើម។ ខ្ញុំផ្ដោតលើការប្រកួតជាជាងផ្ដោតលើទឹកប្រាក់ ១ លានដុល្លារ។ ខ្ញុំរៀបចំខ្លួនជួបគូប្រជែង ល្អជាង។ ខ្ញុំដឹងថា Nattawut ក៏រៀបចំបានល្អផងដែរ។ វាជាសង្គ្រាមលើសង្វៀនញាក់សាច់មួយ»។

Petrosyan ពេល​ប្រកួត​ទល់​នឹងពេជ្រ មរកត នា​វគ្គ ៨នាក់ ONE Featherweight Kickboxing World Grand Prix

កុំភ្លេចតាមដានការប្រកួតគូខ្លាំងៗនៅសង្វៀន ONE: DREAMS OF GOLD នាថ្ងៃទី ១៦ ខែ សីហា ខាងមុខចាប់ពីថ្ងៃម៉ោង ៥:៣០ តទៅតាមរយៈ ផេកហ្វេសប៊ុក និង YouTube

ព្រឹត្តិការណ៍នេះ ក៏​មាន​កីឡាករ​ចាន់ រតនា​ របស់​កម្ពុជា​ផងដែរ។ Sabay និង Kley Kley នឹង​ទៅ​​ដល់​ទីក្រុង​បាងកក ដើម្បី​នាំយក​ព័ត៌មាន​ជូនប្រិយមិត្ត៕

អត្ថបទ៖ ស៊ីធី

មតិយោបល់