• 2019-07-27 00:02:00
  • ប្រវត្តិ​​

ក្លឹប​​ចំណាស់​បំផុត​មួយ​នឹង​ឡើង​មក​លេង​នៅ Premier League ក្រោយ​អវត្តមាន​ជាង​១​ទសវត្ស

  • 2019-07-27 00:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នឹង​បាន​ឃើញ​វត្តមាន Sheffield United លេង​នៅ​ក្របខ័ណ្ឌ Premier League រដូវកាល ២០១៩-២០២០។

ក្បួនអបអរ Sheffield United បាន​ឡើង​មក​លេង​ Premier League សាជាថ្មី

ក្រោយ​ធ្លាក់​​ចេញ​ពី​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​​លើក​ចុងក្រោយ​កាល​ពី​១២​ឆ្នាំ​មុន ក្លឹប​បាល់ទាត់​ចំណាស់​បំផុត​នៅ​លើ​ពិភពលោក​​អាយុ​១២០​ឆ្នាំ​មួយ​នេះ​ ​ដែល​ធ្វើ​បាន​ល្អ​ដោយ​ឈរ​លេខ​២​នៅ Championship កាល​ពី​រដូវ​កាល​មុន​បាន​ឡើង​មក​ក្របខ័ណ្ឌ​កំពូល​វិញ​ហើយ។

ប៉ុន្តែ​តើ​អ្វី​ដែល​ពិសេស​បំផុត ដែល​​នឹង​ធ្វើ​ឲ្យ​អ្នក​ចង់​តាមដាន​​អំពី​ក្លឹប​បាល់ទាត់​​ដែល​មាន​ប្រវត្តិសាស្ត្រ​ចំណាស់​បំផុត​មួយ​នេះ?

Sheffield United​ មាន​​កីឡដ្ឋាន Bramall Lane ដែល​ជា​កីឡដ្ឋាន​ដំបូង​គេ​បង្អស់​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី ១៦៤ ឆ្នាំ​មុន (ឆ្នាំ ១៨៥៥) និង នៅ​តែ​បន្ត​​ប្រើប្រាស់​ជា​កីឡដ្ឋាន​អាជីព​រហូត​មក​ដល់​បច្ចុប្បន្ន។

Bramall Lane របស់ Sheffield United ជា​​កីឡដ្ឋាន​ដែល​បង្កើត​ឡើង​ដំបូង​គេ​បង្អស់

​ដំបូង​ឡើយ ​Bramall Lane គឺ​ជា​ផ្ទះ​របស់ Sheffield Wednesday រហូត​ដល់​ឆ្នាំ ១៨៩៩ នៅ​ពេល​ដែល Sheffield United ក្លាយ​ទៅ​ជា​ម្ចាស់​ផ្ទះ​ផ្តាច់​មុខ​តែ​ឯង។

ក្រុម​កីឡាករ Sheffield United ពីរដូវកាល ១៨៩០-៩១

Sheffield United គឺ​ជា​ក្លឹប​បាល់ទាត់​ទី​២​នៅ​ក្នុង​ទីក្រុង​​សេហ្វៀល (Sheffield) បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៨៩៩ ពោល​គឺ​កើត​ក្រោយ Sheffield Wednesday ៣២​ឆ្នាំ ហើយ​វា​ក៏​ជា​ក្លឹប​ដំបូង​គេ​ដែល​​យក​ពាក្យ​ “united” ធ្វើ​ជា​ឈ្មោះ។ United សំដៅ​ដល់​ក្លឹប​បាល់ទាត់​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ច្រើន​នៅ​ក្នុង​ទីក្រុង​តែ​មួយ។ ​​

កីឡដ្ឋាន​របស់ ​Sheffield United អាច​ផ្ទុក​អ្នកទស្សនា​បាន ៣២,៧០២ នាក់។ បច្ចុប្បន្ន Sheffield United គឺ​ជា​ក្លឹប​របស់​ព្រះអង្គម្ចាស់​អារ៉ាប់រួម ដែល​ជាប់​ខ្សែស្រឡាយ​​ជាមួយ​នឹង​ម្ចាស់​ក្លឹប​ Man City។

Premier League មាន​ប្រវត្តិ​ដ៏​យូរលង់ ជា​កត្តា​ធ្វើ​ឲ្យ​លីគ​នេះ​មាន​ប្រជាប្រិយភាព

ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​របស់​អង់គ្លេស​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ ១៨៨៨ កាលណោះ​មាន​ឈ្មោះ​ផ្លូវការ​ថា Football League ( (១៨៨៨-១៨៩១) ហើយ​ដំណាក់កាល​ទី​២​ពេញ​​​ រយៈពេល​១០០​ឆ្នាំ (១៨៩២-១៩៩២) មាន​ឈ្មោះ​ថា Football League First Division និង បច្ចុប្បន្ន​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​​ទី​៣ ​មាន​ឈ្មោះ Premier League។

កីឡដ្ឋាន Bramall Lane របស់ Sheffield United អាច​ផ្ទុក​អ្នកទស្សនា​បាន ៣២,៧០២ នាក់

​Premier League បង្កើត​ឡើង​ភ្លាម​ក្នុង​ឆ្នាំ ១៩៩២ Sheffield United បាន​លេង​២​រដូវ​កាល​ក្រោយ​មក​ក៏​ធ្លាក់​ទៅ​ក្របខ័ណ្ឌ​ទី​២ អស់​ជា​ច្រើន​ឆ្នាំ​ទម្រាំ​បាន​ឡើង​មក​លេង​សាជាថ្មី​នៅ​រដូវ​កាល ២០០៧-០៨ ហើយ​លេង​នៅ​ក្របខ័ណ្ឌ​កំពូល​​បាន​តែ​១​ឆ្នាំ បន្ត​ធ្លាក់​ទៅ​ក្របខ័ណ្ឌ​ទី​២ និង ទី​៣​អស់​ច្រើន​ឆ្នាំ​ទៀត​មុន​នឹង​ងើប​រួច​​មក​វិញ​នៅ​រដូវកាល ២០១៩-២០២០ នេះ។

​​​ក្រៅ​ពី Premier League ជា​ក្របខ័ណ្ឌ​បាល់ទាត់​ដែល​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​ហើយ ​ប្រវត្តិសាស្ត្រ​​ដ៏​ចំណាស់​នៃ​បាល់ទាត់​អង់គ្លេស​ ក៏​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​មនុស្ស​លើ​ផែនដី​ចាត់ទុក​វា​ជា​លីគ​ដែល​មាន​ប្រជាប្រិយភាព​បំផុត​​​​។

​ហើយ​រដូវ​កាល​នេះ Sheffield United នឹង​​ឡើង​មក​លេង​នៅ Premier League ហើយ​អ្នក​នឹង​បាន​ឃើញ​កីឡដ្ឋាន Bramall Lane និង ក្លឹប​ចំណាស់​បំផុត​បង្ហាញ​វត្តមាន​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​​៕

ប្រភព៖ Sports Keeda | Football History ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់