• 2019-06-25 23:08:00
  • បាល់ទាត់

ហៅ សុជាតិ៖ បឹងកេតត្រូវឈ្នះក្រុមសៀមរាបដាច់ខាត់ ខណៈ វឌ្ឍនាកា នឹងបង្ហាញខ្លួនលើទីលាន

  • 2019-06-25 23:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជម្រុះ​វគ្គ​១៦ក្រុម​ពានរង្វាន់​ Hun Sen Cup ឆ្នាំ២០១៩ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា​ ឆ្នាំ​២០១៩​​នេះ​ហើយ ដោយក្រុមបឹងកេត​ត្រូវ​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ម្ចាស់​​​ជម្រើស​ខេត្ត​សៀមរាប​ដែល​អាច​មាន​វត្តមាន​តារា​ឆ្នើម ចាន់ វឌ្ឍនាកា បង្ហាញ​ខ្លួន​នៅ​លើ​ទី​លាន ខណៈ​មួយ​គូទៀត​ អគ្គិសនីកម្ពុជា ប៉ះ​អង្គរថាយហ្គឺរ។

លោក ហៅ សុជាតិ

ការ​ប្រកួត​វគ្គ​១៦​ក្រុម​ថ្នាក់​ជាតិ​​ជើង​ទី​១​​នេះ​ លោក ហៅ សុជាតិ គ្រូ​បង្វឹក​របស់​ក្លឹប​បឹង​កេត​និយាយ​ថា ៖«ការ​ប្រ​កួត​ជើង​ទី​១ គឺ​វា​សំខាន់​ណាស់​សម្រាប់​ក្រុម។ ​យើង​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​ ហើយ​យើង​ត្រូវ​រៀប​ចំ​ក្រុម​ឲ្យ​បាន​ល្អ»។ នៅ​ទឹក​ដី​ខេត្ត​សៀមរាប បឹងកេត ទើប​ខក​​ចិត្ត​កាល​ពី​ចុង​សប្តាហ៍​ទៅ​នេះ​ដោយ​ចាញ់​សូលទីឡូ​អង្គរ​ដោយ​លទ្ធផល ៥-៤ ក្នុង​លីគ​កម្ពុជា។

គ្រូ​បង្វឹក​ដែល​ធ្លាប់​ដឹក​នាំ​ បឹង​កេត ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ពី​ឆ្នាំ២០​១៧​ រូប​នេះ​បន្ត​ទៀត​ថា​ វា​ជា​ពេល​ដែល​កីឡាករ​ខ្មែរ​​ត្រូវ​បង្ហាញ​សមត្ថភាព​ និង​អភិវឌ្ឍ​ខ្លួន​ ដើម្បី​ទទួល​យក​បទ​ពិសោធ​ថ្មីៗ​បន្ថែម​ទៀត ​ពី​ព្រោះ​​ក្លឹប​នីមួយ​ៗ​នូវ​​ប្រើប្រាស់​កីឡាករ​បរទេស​ច្រើន​ក្នុង​ការ​ប្រ​កួត​លីគ។ លោក​ចង់​ឃើញ​កីឡាករ​ខ្មែរ​មាន​សមត្ថភាព​បង្ហាញ​ខ្លួន​បាន​ច្រើន​។

ក្រុម​ខេត្ត​សៀមរាប

សម្រាប់​បឹងកេត វិញ​ ក្លឹប​នឹង​ប្រើប្រាស់​ធនធាន​កីឡាករ​ខ្មែរ​ឲ្យ​អស់​ពី​សមត្ថភាព​ហើយ​ជា​គោល​ការណ៍​​របស់​ក្លឹប​ត្រូវ​ដណ្ដើម​យក​ពាន​ឲ្យ​បាន​ឆ្នាំនេះ។

កាល​ពី​រដូវ​កាល​ឆ្នាំ២០១៨​ ប្រកួត​វគ្គ​ជម្រុះ​១៦ថ្នាក់​ជាតិ​នេះ​ បឹងកេត​បាន​យក​ឈ្នះ​ក្រុម វេស្ទើន​ភ្នំពេញ​ ៥-១ តែ​បច្ចុប្បន្ន​ក្រុម​វេស្ទើន​ភ្នំពេញ​ត្រូវ​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រ​កួត​ពាន​រង្វាន់​នេះ​បាត់​ទៅ​ហើយ៕

អត្ថបទ៖ យ៉ន សូវៀត

មតិយោបល់