- 2019-04-22 07:37:18
- វិភាគ
គ្មានអ្វីចម្លែក ដែលប្រដាល់សកលខ្មែរចាញ់ទាំងអស់ជុំទី១ជើងឯកអាស៊ី
- 2019-04-22 07:37:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្មានអ្វីចម្លែក ដែលប្រដាល់សកលខ្មែរចាញ់ទាំងអស់ជុំទី១ជើងឯកអាស៊ី
ចន្លោះមិនឃើញ
កីឡាករ កីឡាការិនីប្រដាល់សកលជម្រើសជាតិកម្ពុជាទទួលបរាជ័យជុំទី១ទាំងអស់នៃការប្រកួតជ្រើសរើសជើងឯកប្រដាល់សកលអាស៊ីដែលរៀបចំនៅប្រទេសថៃ។ កីឡាករ៥នាក់ និងកីឡាការិនី២នាក់សុទ្ធតែចាញ់ក្នុងវគ្គជម្រុះជុំទី១ទាំងអស់។ សូម្បីម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ពេជ្រ ម្ទេសខ្មាំង ក៏ចាញ់ជុំទី១ដែរ។
ពេលសួរថា ហេតុអ្វីបានជាចាញ់ជុំទី១ទាំងអស់? ចម្លើយសាមញ្ញថា គ្មានអ្វីចម្លែកទេដែលចាញ់ទាំងអស់នោះ ប៉ុន្តែបើឈ្នះខ្លះទើបជារឿងភ្ញាក់ផ្អើល។ ចូរពិចារណាលើហេតុផល៣យ៉ាង៖
ទី១៖ គ្មានកម្មវិធីប្រកួត
ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីប្រកួតប្រដាល់សេរីគុនខ្មែររីកដូចផ្សិតរាល់ចុងសប្ដាហ៍ ប៉ុន្តែគូប្រកួតប្រដាល់សកលនៅតាមសង្វៀនផ្សេងៗរាល់ចុងសប្ដាហ៍បាត់ស្រមោលអស់ហើយ កុំឡើយនិយាយដល់កម្មវិធីប្រកួតសកល។ កាលពីប៉ុន្មានឆ្នាំមុន អ្នកគាំទ្រធ្លាប់ឃើញហើយថា ក្នុងមួយសង្វៀនអាចមានវ៉ៃសកល១ឬក៏២គូដែលនេះជាការប្រកួតដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតអន្តរជាតិ ប៉ុន្តែសព្វថ្ងៃនេះគ្មានទេទាំងប្រកួតមិត្តភាពជាតិ អន្តរជាតិ ឬប្រកួតដណ្តើមខ្សែក្រវាត់។ សូម្បីតែប្រដាល់សេរីគុនខ្មែរដែលកីឡាករ កីឡាការិនីហាត់រាល់ថ្ងៃ វ៉ៃស្ទើររាល់សប្តាហ៍ ប៉ុន្តែពេលខ្លះក៏មិនបានលទ្ធផលល្អ ពេលចេញទៅប្រកួតអន្តរជាតិ។ ចុះបើប្រដាល់សកលវិញ សង្ឃឹមអ្វីពីការប្រកួតអន្តរជាតិ បើគ្មានការហ្វឹកហាត់ទៀងទាត់ ហើយគ្មានកម្មវិធីប្រកួតនោះ?
ទី២៖ ហាត់ដើម្បីប្រកួតអន្តរជាតិ
កីឡាករ កីឡាការិនីប្រដាល់សកលកម្ពុជាចាប់ផ្តើមហ្វឹកហាត់ដើម្បីចេញទៅប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិតែប៉ុណ្ណោះ។ ពួកគេមិនមានការហ្វឹកហាត់ដើម្បីប្រកួតបង្កើនសមត្ថភាព និងគុណភាពជាប្រចាំរាប់ខែឆ្នាំឡើយ ពីព្រោះហាត់ធ្វើអ្វី បើគ្មានកម្មវិធីឡើងប្រកួតផងនោះ។ ទោះបីជាការហ្វឹកហាត់នៅពេលដែលមានកម្មវិធីប្រកួតអន្តរជាតិច្បាស់លាស់ ក៏គុណភាពឡើងមិនដល់កម្រិតដែរ ពីព្រោះសមត្ថភាព និងគុណភាពត្រូវហ្វឹកហាត់ជាប្រចាំច្រើនខែឆ្នាំទើបល្អអាចប្រកួតប្រជែងជាមួយអន្តរជាតិបាន។
ទី៣៖ កីឡាករខ្លះឈប់ពីសកលមកវ៉ៃសេរី
កីឡាករ កីឡាការិនីជាច្រើនបានដកខ្លួនចេញពីប្រដាល់សកលដើម្បីចាប់អាជីពប្រដាល់សេរីគុនខ្មែរ ឬកីឡាផ្សេងទៀតដែលមានសកម្មភាពប្រកួត។ មូលហេតុចម្បងគឺប្រដាល់សេរីគុនខ្មែរមានកម្មវិធីប្រកួតរាល់សប្តាហ៍ដែលធ្វើឲ្យពួកគេទទួលបានឱកាសឡើងសង្វៀន និងបានលុយចិញ្ចឹមក្រពះ។ ចុះបើហាត់ប្រដាល់សាកល គ្មានកម្មវិធីប្រកួត តើឲ្យពួកគេបានលុយមកពីណាចិញ្ចឹមក្រពះ។
ពាក់ព័ន្ធនឹងចំណុចខាងលើនេះ Sabay ធ្លាប់បានសួរទៅអ្នករៀបចំកម្មវិធីប្រកួតមួយចំនួនបានលើកឡើងប្រហែលគ្នាថា ការមិនមានម្ចាស់ឧបត្ថម្ភទើបមិនមានកម្មវិធីប្រកួតប្រដាល់សកល ពីព្រោះប្រដាល់សកលមិនទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ។ កម្មវិធីប្រកួតតាមទូរទស្សន៍សុទ្ធតែឯកជនដែលត្រូវការចំណូលដើម្បីចំណាយ ដូច្នេះមិនមានប្រាក់ដើម្បីរៀបចំកម្មវិធីឡើយ បើគ្មានម្ចាស់ឧបត្ថម្ភ។
ប្រសិនបើសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធនៅតែមិនអើពើនឹងសកម្មភាពកីឡាប្រដាល់សកលទេនោះ កុំថាឡើយកីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ សូម្បីតែកីឡាស៊ីហ្គេមឆ្នាំ២០១៩ ឆ្នាំ២០២១ ឬការប្រកួតអន្តរជាតិផ្សេងៗទៀត ក៏កីឡាប្រភេទនេះនឹងមិនទទួលលទ្ធផលល្អប្រសើរឡើយ៕