• 2019-04-11 02:39:22
  • ប្រដាល់

កំពុងត្រៀមប្រកួត ចាន់​ រតនា​ ជួប​ការ​លំបាក​រឿង​កិច្ចសន្យាជួលទីតាំងបើកក្លឹបជិតផុត​

  • 2019-04-11 02:39:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​លេង​ក្បាច់​​គុន​ចម្រុះ​ ចាន់ ​រតនា ​គ្រោង​នឹង​ឡើង​សង្វៀន​នា​ខែ​ឧសភា​ខាង​មុខ​នេះ​ជា​មួយ​ជើង​ខ្លាំង​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​ ខណៈ​ក្លឹប​ដែល​រូប​គេ​ជួល​ទី​តាំង​បើក​បង្ហាត់​ជិត​ផុត​កុងត្រា​ហើយ​ ដូច្នេះ​​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​​រូប​គេ​នឹង​ជួប​ការ​លំបាក​ស្វែង​រក​ទី​តាំង​ថ្មី។

កីឡាករ ចាន់ រតនា

​អ្នក​​លេង​គុន​ខ្មែរ​​វ័យ​ ​៣៣ ​ឆ្នាំ​​រូប​នេះ​បាន​បញ្ជាក់​​​​ថា​ ៖«​​ទី​តាំង​ក្បែរ​គុក​ទួល​ស្លែង​ បច្ចុប្បន្ន​ ​នេះ​ខ្ញុំ​ជួល​គេ​ ហើយ​​ត្រូវ​ផុត​កុង​​ត្រា​​​ត្រឹម​ខែ​កញ្ញា​នេះ​ ​ព្រោះ​ម្ចាស់​គាត់​​​ប្រាប់​ថា​ត្រូវ​លក់​​​ឲ្យ​អ្នក​ផ្សេង។​ ខ្ញុំ​មិន​ទាន់​រក​បាន​ទីតាំង​ថ្មី​​នៅ​ឡើយ។​ ​​ទី​តាំង​នេះ​ល្អ​ណាស់​ ហើយ​ តម្លៃ​សមរម្យ​ ​ដែល​ខ្ញុំ​​អាច​​​រស់​បាន​ទោះ​មិន​ចំណេញ​។ ​ទីតាំង​នេះ​អំណោយ​ផល​ ​ខ្ញុំ​អាច​ចូល​រួម​​​បង្ហាត់​គុន​ខ្មែរ​ដល់​កីឡាករ​វ័យ​ក្មេង​​ដែល​ចង់​ឡើង​​សង្វៀន​ប្រកួត​ និង ​ជន​បរទេស​ដែល​គាត់​ចង់​ចេះ ​និង ​ហាត់​សម្រាប់​សុខភាព​ផង»។

​​គ្រូ​បង្វឹក​ក្លឹប​ប្រដាល់​សិល្បៈ​​​រៀប​រាប់​អំពី​ផល​លំបាក​ខ្លះៗ​ថា​ បើ​សិន​ប្ដូរ​ទាំង​តាំង​ ​នោះ​​អាច​បាត់បង់​កីឡាករ​​មួយ​ចំនួន​ដែល​​ហាត់​ដើម្បី​សុខភាព ​បើ​សិន​​រក​កន្លែង​ជួល​កន្លែង​​ផ្សេង​​ឆ្ងាយ​ពី​​ទីលំនៅ​របស់​ពួក​គេ។ ​​បច្ចុប្បន្ន​នេះ​មាន​ជន​បរទេស​ ​​​ចូល​រួម​ហ្វឹកហាត់​ប្រមាណ​៣០ ​នាក់​​ដើម្បី​ចង់​ចេះ​គុន​ខ្មែរ​ និង ដើម្បី​សុខភាព​ ដែល​ក្នុង​នោះ​មាន​បរទេស​ ២ ​នាក់​ហ្វឹកហាត់​​ក្នុង​គោល​បំណង​ចង់​​ឡើង​រេញ​​ប្រកួត។​ ​ចំណែក​កូន​សិស្ស​ជា​ជន​ជាតិ​ខ្មែរ​វិញ​ ​​មាន​ប្រមាណ​ ​​៣០​ នាក់​ដែរ​​​ ដែល​​ត្រូវ​​បង្ហាត់​ ៣ វេន​ ពោល​​ម៉ោង​​ព្រឹក​ រសៀល​ និង​ ល្ងាច។​

ចាន់ រតនា និង​កូន​សិស្ស

អ្នក​ប្រយុទ្ធ​​ក្បាច់​គុន​យុទ្ធ​​ក្រម​ខម​ ​បាន​​​បញ្ជាក់​ទៀត​ថា​៖«​ខ្ញុំ​កំពុង​ស្វែង​រក​ទីតាំង​ ​ប៉ុន្តែ​ប្រហែល​មិន​​​អាច​រក​ទីតាំង​ធំ​ដូច​កន្លែង​បច្ចុប្បន្ន​នេះ​ទេ​ បើ​ខ្ញុំ​រ៉ាប់រង​​តែ​ឯង​ជា​មួយ​គ្រួសារ​​ខ្ញុំ​ ​ព្រោះ​នៅ​ក្នុង​ក្រុង​​ជួល​ថ្លៃៗ​ណាស់។​ ​ឥឡូវ​​ខ្ញុំ​មាន​មិត្តភ័ក្ដិ​​គេ​​ចង់​បបួល​​​ចូល​ហ៊ុន​គ្នា​ដើម្បី​រក​ទីតាំង​ថ្មី​ដែរ​ ប៉ុន្តែ​ខ្ញុំ​​កំពុង​ពិចារណា​សិន​... មិន​ទាន់​សម្រេច​ចិត្ត​នោះ​ទេ។ ​​ទីតាំង​ថ្មី ​ខ្ញុំ​ចង់​ជួល​ម្ដុំ​ ទួល​ទំពូង​​ ព្រោះ​​​ ខ្ញុំ​គិត​ថា​ល្អ​​អាច​ទាក់ទាញ​ជន​បរទេស​បាន​ច្រើន​ដូច​កន្លែង​រាល់​​ថ្ងៃ​អីចឹង​ មិន​ឆ្ងាយ​​ពី​ក្រុង។»   គួរ​រំលឹក​ថា​​​ ចាន់ រតនា ​ជា​​​កីឡាករ​តំណាង​ឲ្យ​​កម្ពុជា​ ១ រូប​ដែល​តែង​តែ​​​​ឡើង​សង្វៀន​ ប្រកួត​គុន​ចម្រុះ ​ឬ MMA ​​​ជា​ប្រចាំ​នៅ​​សង្វៀន​ One Championship ។ ​រតនា​​​ ​ឡើង​ប្រកួត​​​លើក​ដំបូង​ជា​អន្តរជាតិ​​​​ ​នៅ​សង្វៀន ​One Championship​ ​ពេល​​​រៀប​ចំ​នៅ​​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​​កាល​ឆ្នាំ​ ២០១៤។ ​​​ទោះ​បី​វ័យ​​រាង​ជ្រេ​​ចូល​ ​៣៣ ​ឆ្នាំ​ ​ប៉ុន្តែ​ ​ចាន់ រតនា​ ​នៅ​តែ​ធ្វើ​បាន​​ល្អ​នៅ​លើ​សង្វៀន​កម្រិត​​ពិភព​លោក​​មួយ​​នេះ​​ក្រោយ​​​វ៉ៃ​​​កីឡាករ​គុន​ចម្រុះ​ ABRO Fernandez ​របស់​​​​ឥណ្ឌូណេស៊ី ​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី២ ​​កាល​ចុង​ឆ្នាំ​ ២០១៨​ ​​កន្លង​ទៅ​​​នៅ​ប្រទេស​ម៉ាឡេស៊ី៕ ​

កីឡាករ ចាន់ រតនា

អត្ថបទ៖ ស៊ីធី

មតិយោបល់