• 2019-03-18 02:35:48
  • វិភាគ

លីគ​សប្តាហ៍​ទី​១​បញ្ចប់​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍បំផុត

  • 2019-03-18 02:35:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 26

ចន្លោះមិនឃើញ

ជើង​ឯក​ជាតិ​លីគ​កម្ពុជា​រដូវ​កាល​​២០១៩​បាន​ដំណើរ​ការ​ប្រកួត​ចប់​សប្តាហ៍​ទី​១​ហើយ​​​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​​​ហាក់​ដូច​ជា​ផ្ទុយ​​ទៅ​នឹង​ទស្សនៈ​មួយ​ចំនួន​​លើ​ក្រុម​​ចំនួនច្រើន​ ប៉ុន្តែ​អាច​ខ្សោយ​គុណភាព។

ក្រុម​អាជ្ញាកណ្តាល​ដឹក​នាំ​ប្រកួត​ភ្នំពេញ​ក្រោន និង បឹងកេត

អ្នក​គាំទ្រ​ និង​អ្នក​និយម​តាម​ដាន​វិស័យ​កីឡា​បាល់ទាត់​ដឹង​ហើយ​ថា ​លីគ​កម្ពុជា​រដូវ​កាល​២០១៩​នេះ​​មាន​ក្រុម​ចូល​រួម​ប្រកួត​រហូត​ដល់​១៤​ក្រុម​​ក្នុង​នោះ​​១១​ក្រុម​ជា​សមាជិក​ចាស់​ និង​៣​ក្រុម​ផ្សេង​ទៀត​ជា​សមាជិក​ថ្មី។ ការ​​អនុញ្ញាត​ឲ្យ​ក្រុម​ថ្មី​ចូល​រួម​ប្រកួត​លីគ​កំពូល​នេះ​​គឺ​គ្មាន​ការ​ប្រកួត​វគ្គ​ជម្រុះ​ ឬ​​ប្រកួត​ក្នុង​ក្រប​ខណ្ឌ​ក្រោម​ៗ​ដើម្បី​ជ្រើស​រើស​ក្រុម​មក​លេង​​លីគ​កំពូល​​ឡើយ។ គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាន​វាយ​តម្លៃ​​លើ​សមត្ថភាព​ និង​ធន​ធាន​ចំពោះ​​ក្រុម​ទាំង​៣គឺ​ គីរី​វង់សុខ​សែន​ជ័យ​ យុវជន​អាយុ​១៨​ឆ្នាំ​បាទី​ និង​កំពង់ចាម​ ហើយ​អនុញ្ញាត​ឲ្យ​ចូល​លេង​តែ​ម្តង។

ក្រុម​ភ្នំពេញ​ក្រោន

ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​និយម​តាម​ដាន​​កីឡា​បាល់ទាត់​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ក្រុម​ថ្មី​ដែល​​ទើប​ឡើង​មក​លីគ​​អាច​​​គ្មាន​​គុណភាព​​ប្រកួត​ប្រជែង​នឹង​​ក្រុម​ខ្លាំង​ៗ​ ហើយ​ងាយ​ធ្វើ​ឲ្យ​ក្រុម​ខ្លាំង​​ៗ​ទម្លាយ​សំណាញ់​ទី​​ដើម្បី​យក​ពិន្ទុ​ស្រួល​។ បើ​ពុំ​នោះ​ទេ​អាច​នឹង​បោះ​បង់​ចោល​​ការ​ប្រកួត​​នៅ​ពាក់​កណ្តាល​ទី​ ឬ​យ៉ាង​ណា​ក៏​អាច​ថា​បាន។

យ៉ាង​ណា​ សប្តាហ៍​ទី​១​បាន​ចាប់​ផ្តើម​ប្រកួត​​ថ្ងៃ​ទី​១៦​ និង​១៧​ ខែ​មីនា​ ឆ្នាំ​២០១៩​នៅ​ទី​លាន​ផ្សេង​ៗ​គ្នា​ដែល​លទ្ធផល​​បង្ហាញ​ចេញ​គួរ​ឲ្យ​កត់​សំគាល់។ ក្រុម​ចំណូល​ថ្មី​​សុទ្ធ​សាធ​គឺ​កំពង់ចាម​​ទទួល​បាន​៣​ពិន្ទុ​ពី​សមាជិក​ចាស់​គឺ​អគ្គិសនី​កម្ពុជា​តាម​រយៈ​ជ័យជម្នះ​១-០ នៅ​ក្រៅ​ដី ។ វា​ពិត​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​​ក្រុម​ថ្មី​អាច​យក​ឈ្នះ​ក្រុម​​​ចាស់​នៅ​លីគ។ ការ​ប្រកួត​រយៈ​ពេល​៩០​នាទី​ឃើញ​ថា ​ក្រុម​អគ្គិសនី​កម្ពុជា​បាន​សម្រុក​ខ្លាំង​ ហើយ​ក៏​មាន​ឱកាស​ជា​ញឹក​ញាប់​ដែរ​ ប៉ុន្តែ​សម្រេច​ទី​មិន​បាន​ល្អ។ ផ្ទុយ​ទៅ​ក្រុម​កំពង់ចាម​ដែល​ព្យាយាម​ការ​ពារ​ និង​វាយ​បក​ជា​អ្នក​មាន​សំណាង​បំប៉ោង​​សំណាញ់​ទី​យក​៣​ពិន្ទុ​ទៅ​ផ្ទះ​វិញ។

ក្រុម​បឹងកេត

សមាជិក​​ថ្មី​២​ក្រុម​ផ្សេង​ទៀត​មិន​បាន​ជួប​ក្រុម​ខ្លាំង​នៅ​ឡើយ​ទេ​ដោយ​ក្រុម​ទាំង​ពីរ​ជួប​គ្នា​នៅ​ទឹក​ដី​ខេត្ត​តាកែវ។ គីរីវង់សុខ​សែន​ជ័យ​ទទួល​បាន​ជ័យជម្នះ​​លើ​ក្រុម​យុវជន​អាយុ​១៨​ឆ្នាំ​បាទី​ដោយ​លទ្ធផល​ ៤-១។ កីឡាករ​សំខាន់​របស់​គីរីវង់​គឺ​​ Souleymane រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​នេះ។

ចំណែក​​ជំនួប​ខ្លាំង​ប្រចាំ​សប្តាហ៍​គឺ​​បឹងកេត​ទទួល​បាន​​៣​ពិន្ទុ​នៅ​ក្រៅ​ដី​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន​ដោយ​លទ្ធផល​ ៣-២។ ការ​ប្រកួត​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ និង​ចូល​ទស្សនា​ច្រើន​ពី​អ្នក​គាំទ្រ។

២​ក្រុម​​ដែល​គ្រប់​គ្រង​ដោយ​ជន​ជាតិ​ជប៉ុន​​បាន​វិល​ត្រឡប់​ទៅ​ខេត្ត​សៀមរាប​​​វិញ​​​​​ដោយ​ទទួល​បាន​១​ពិន្ទុ​ដូច​គ្នា​ បើ​ទោះ​ជា​ពួក​គេ​លេង​នៅ​ក្រៅ​ដី​​ប៉ះ​ក្រុម​ខ្លាំង​ក៏​ដោយ។ សូលទីឡូអង្គរ​បាន​បញ្ចប់​ការ​ប្រកួត​​ដោយ​លទ្ធផល​ស្មើ​ ០-០ ជា​មួយ​​ក្រុម​សំបូរ​កីឡាករ​ល្អ​ៗ​វិសាខា ខណៈ​​អង្គរ​ថាយហ្គ័រ​ ក៏​បាន​ស្មើ​ ១-១​ ជា​មួយ​ក្រុម​ខ្លាំង​ក្រសួង​ការពារ​ជាតិ។

កីឡាករ​ភ្នំពេញ​ក្រោន និង​បឹងកេត​ចាប់ដៃ​​គ្នា​មុន​ការ​ប្រកួត

ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​ ណាហ្គាវើល​ទទួល​បាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​ឈ្នះ​ម្ចាស់​ផ្ទះ​​អាស៊ី​អឺរ៉ុប​​ដោយ​លទ្ធផល​១-០។ ចំពោះ​ម្ចាស់​ផ្ទះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ធ្វើ​បាន​យ៉ាង​ល្អ​​តាម​រយៈ​ជ័យជម្នះ​លើ​ក្រុម​ភ្ញៀវ​​ អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​​ ដោយ​លទ្ធផល​ ២-០។

តាម​រយៈ​លទ្ធផល​សប្តាហ៍​ទី​១​នេះ​ឃើញ​ថា​ ក្រុម​នីមួយ​ៗ​បាន​ត្រៀម​ខ្លួន​ល្អ​ និង​មាន​កម្រិត​គុណភាព​​លើ​ទី​លាន​មិន​លើស​ខ្វះ​គ្នា​ខ្លាំង​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា នេះ​​ទើប​តែ​ចាប់​​ផ្តើម​ប៉ុណ្ណោះ​ដោយ​សារ​ក្រុម​នីមួយ​ៗ​កំពុង​មាន​ឆន្ទៈ​មូល​ល្អ​ក្នុង​ការ​ប្រកួត។ អ្នក​គាំទ្រ​ត្រូវ​រង​ចាំ​សប្ដាហ៍​បន្ត​បន្ទាប់​ទៀត​​ថា​តើ​ នៅ​តែ​តាន់​តឹង​ខ្លាំង​ដូច​សប្តាហ៍​ទី​១​ទេ?

លោក មាស ចាន់ណា គ្រូណាហ្គាវើល​អង្គុយ​ក្នុង​ចំណោម​អ្នក​គាំទ្រ
អ្នក​គាំទ្រ

លទ្ធផល​សប្តាហ៍​ទី​១

  • ​អគ្គិសនី​កម្ពុជា​ ០-១ កំពង់ចាម​
  • គីរី​វង់សុខ​សែន​ជ័យ​ ៤-១​ យុវជន​១៨​ឆ្នាំ​បាទី
  • ភ្នំពេញ​ក្រោន​ ២-៣ បឹងកេត​​
  • អាស៊ី​អឺរ៉ុប​ ០-១ ណាហ្គាវើល​
  • វិសាខា ០-០ សូលទីឡូ​អង្គរ​
  • ព្រះ​ខ័នរាជ​ស្វាយរៀង ២-០ អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​
  • ក្រសួង​ការពារ​ជាតិ​ ១-១ អង្គរ​ថាយហ្គ័រ

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់