- 2019-01-13 03:29:28
- បាល់ទាត់
មិនធម្មតា! Tiger Street Football Festival 2019 នៅតាកែវមានទាត់បែកបាល់
- 2019-01-13 03:29:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! Tiger Street Football Festival 2019 នៅតាកែវមានទាត់បែកបាល់
ចន្លោះមិនឃើញ
ឆ្លងកាត់ការប្រកួតបានមួយព្រឹកនៅខេត្តតាកែវក្នុងព្រឹត្តិការណ៍ Tiger Street Football Festival 2019 មានការទាត់បាល់ផ្ទប់គ្នារវាងក្រុមបាល់ទាត់យានដ្ឋានសំណាង១ និងក្រុមបាល់ទាត់ Reaksmey FC ធ្វើឲ្យបែកបាល់ផ្អើលអ្នកគាំទ្រ។
ក្រុមទាំងពីរខាងលើមានការប្រកួតយ៉ាងស្វិតស្វាញ ដោយឈានដល់ការជម្រុះសល់សមាជិកម្ខាងៗ ២នាក់ បន្ទាប់ពីស្មើគ្នា១-១។ ក្រោយមកក្រុមយានដ្ឋានសំណាង១ មានសំណាងដោយអាចស៊ុតបានសម្រេចដើម្បីឈ្នះក្រុម Reaksmey FC ឡើងទៅវគ្គបន្ត។
គូប្រកួតនេះដែរពិតជាបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដែលមានការទាត់បាល់ផ្ទប់គ្នារវាងកីឡាករក្រុមទាំងពីរ រហូតឈានដល់បែកបាល់។ យ៉ាងណាក្រោយពេលបែកបាល់ភ្លាមក្រុមការងាររៀបចំការប្រកួត ដែលមានឧបត្ថម្ភដោយស្រាបៀរ Tiger បានប្ដូរបាល់ថ្មីជូនភ្លាមៗ ដើម្បីបន្តការប្រកួត។
មណ្ឌលតាកែវនេះមាន ៣២ ក្រុមបានចូលរួម ដែលនឹងធ្វើការប្រកួតមួយថ្ងៃពេញក្នុងថ្ងៃនេះ ដើម្បីស្វែងរកក្រុមខ្លាំងចំនួន ៤ ឡើងទៅប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រនៅភ្នំពេញ ថ្ងៃទី១៦-១៧ ខែមីនា នៅរាជធានីភ្នំពេញ ក្នុងការប្រជែងយកជយលាភី ដែលមានប្រាក់រង្វាន់សរុប ៥ម៉ឺនដុល្លារអាមេរិក។ មណ្ឌលនេះក្រុមខេត្ត តាកែវ ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។
យប់នេះក៏មានការប្រគំតន្ត្រី ដែលមានការចូលរួមដោយតារាចម្រៀងល្បីៗ របស់ផលិតកម្ម ហង្សមាស ដូចជាលោក ព្រាប សុវត្តិ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា វីឌីណែត លោក ដួង វីរៈសិទ្ធ លោក ឃុន វុត្ថា និង DJ Maily ជាដើម។ ការប្រគំតន្ត្រីនេះមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍រស្មីហង្សមាស។
ជយលាភីប្រចាំមណ្ឌលខេត្តតាកែវ៖
ក្រុមលេខ១៖ ១ ០០០ ដុល្លារអាមេរិក
ក្រុមលេខ២៖ ៧០០ ដុល្លារអាមេរិក
ក្រុមលេខ៣៖ ៣៥០ ដុល្លារអាមេរិក
ក្រុមលេខ៤៖ ១៥០ ដុល្លារអាមេរិក
ក្រុមជយលាភីទូទាំងប្រទេស
ក្រុមលេខ១៖ ១ ៥០០០ ដុល្លារអាមេរិក
ក្រុមលេខ២៖ ៥ ០០០ ដុល្លារអាមេរិក
ក្រុមលេខ៣៖ ២ ៥០០ ដុល្លារអាមេរិក
ក្រុមលេខ៤៖ ១ ០០០ ដុល្លារអាមេរិក
មណ្ឌលបន្ទាប់ពីបញ្ចប់នៅខេត្តតាកែវមាន៖
មណ្ឌល ខេត្តកំពង់ស្ពឺ ៖ មណ្ឌលនេះក្រុមខេត្តកំពង់ស្ពឺ ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី២០ ខែមករា។
មណ្ឌល ខេត្តបាត់ដំបង ៖ មណ្ឌលនេះក្រុមខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិន បន្ទាយមានជ័យមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី២៦ ២៦ ខែមករា។
មណ្ឌល ក្រុងប៉ោយប៉ែត ៖ មណ្ឌលនេះក្រុមខេត្តក្រុងប៉ោយប៉ែត ប៉ៃលិន និងបន្ទាយមានជ័យមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី២ ៣ ខែកុម្ភៈ។
មណ្ឌល ខេត្តសៀមរាប ៖ មណ្ឌលនេះក្រុមខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៨ ៩ ១០ ខែកុម្ភៈ។
មណ្ឌល ខេត្តកំពង់ចាម ៖ មណ្ឌលនេះក្រុមខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី១៦ ១៧ ខែកុម្ភៈ។
មណ្ឌល ខេត្តកណ្ដាល ៖ មណ្ឌលនេះក្រុមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៣ ខែមីនា។
មណ្ឌល រាជធានីភ្នំពេញ ៖ ក្រុមនៅរាជធានីភ្នំពេញមានសិទ្ធិចុះឈ្មោះចូលរួមប្រកួត។ ប្រកួតថ្ងៃទី១៣ ១៤ ១៥ ខែមីនា។ ប្រកួតជុំផ្ដាច់ព្រ័ត្រទូទាំងប្រទេស ៖ ថ្ងៃទី១៦ ១៧ ខែមីនា នៅរាជធានីភ្នំពេញ។