• 2018-08-10 10:57:08
  • បាល់ទាត់

Mourinho ចេញ​មុខ​បដិសេធ​ដាច់​ណាត់​ពាក្យ​ថា​លោក​មិន​សប្បាយ​ចិត្ត​នឹង​កីឡាករ Man Utd

  • 2018-08-10 10:57:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Manchester United លោក Jose Mourinho ក្នុង​ថ្ងៃ​នេះ បាន​និយាយ​បាន​ចេញ​មុខ​បដិសេធ​ពាក្យ​ដែល​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា លោក​មាន​ទំនាក់ទំនង​មិន​ល្អ​ជាមួយ​នឹង​កីឡាករ​របស់​ក្លឹប។

លោក Mourinho បាន​ថ្លែង៖ "នៅ​ពេល​នេះ​ ខ្ញុំ​មាន​កីឡាករ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ចូល​ចិត្ត​ពួក​គេ។ ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ការ​ជាមួយ​កីឡាករ​របស់​ខ្ញុំ"។

លោក​បន្ត៖ "ពាក្យ​កុហក ទោះ​ជា​ត្រូវ​បាន​បន្លឺ​ឡើង ១ ពាន់​ដង​ទៀត​ក៏​ដោយ ក៏​នៅ​តែ​ជា​ពាក្យ​កុហក។ ដូច​គ្នា​អ៊ីចឹង​ដែរ នៅ​ពេល​ដែល​អ្នក​ឯង​ (​សារព័ត៌មាន) ព្យាយាម​និយាយ​បែប​កុហក​ថា ទំនាក់​ទំនង​រវាង​ខ្ញុំ និង​កីឡាករ​របស់​ខ្ញុំ គឺ​មាន​សភាព​មិន​ល្អ ទោះ​ជា​និយាយ ១ ពាន់​ដង​ទៀត​ក៏​ដោយ ក៏​ពាក្យ​ហ្នឹង​នៅ​តែ​ជា​ពាក្យ​កុហក​ដែរ។ តាម​ពិត​ខ្ញុំ​ចូល​ចិត្ត​កីឡាករ​របស់​ខ្ញុំ​ណាស់"។

អ្នក​ចាត់​ការ​ព័រទុយហ្គាល់​បាន​លើក​ឡើង​ទៀត​ថា៖ "ខ្ញុំ​សប្បាយ​រីករាយ​នឹង​ការ​លេង​របស់​ក្រុម​នា​រដូវ​កាល​មុន។ ខ្ញុំ​សប្បាយ​នឹង​ការ​ប្រឹងប្រែង​របស់​យើង​ដែល​អាច​សម្រេច​បាន​លទ្ធផល​ល្អ​បំផុត​ដែល​ក្លឹប​អាច​សម្រេច​បាន​ក្នុង​រយៈ​ពេល ៥ ឆ្នាំ។ ខ្ញុំ​នឹង​បន្តមានភាព​សប្បាយ​រីក​រាយ​នឹង​ការ​លេង​របស់​ពួក​គេ​នៅ​រដូវ​កាល​ថ្មី​នេះ​ត​ទៅ​ទៀត"។

ទាក់​ទង​នឹង​បេក្ខភាព​ប្រជែង​ពាន Premier League លោក Mourinho បាន​និយាយ​ថា ពាក្យ​សំដី​មិន​សំខាន់​ទេ សំខាន់​ទម្រង់​លេង។ នៅ​ចុង​ខែ​វិច្ឆិកា ឬ​ធ្នូ ក្រុម​ដែល​ប្រជែង​ពាន​លីគ នឹង​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង។

សូម​បញ្ជាក់​ផង​ដែរ​ថា ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​អង់គ្លេស ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​យប់​មិញ។ Manchester United ធ្វើ​មិន​បាន​សម្រេច​ក្នុង​ការ​នាំ​ចូល​កីឡាករ​គោល​ដៅ​មួយ​ចំនួន​របស់​ខ្លួន​ដូច​ជា Toby Alderweireld និង Harry Maguire ឡើយ​។ កាល​ពី​ដើម​សប្ដាហ៍នេះ លោក Mourinho បាន​និយាយ​ថា បើ​ក្លឹប​មិន​នាំ​ចូល​កីឡាករ​ថ្មី​ទេ រដូវ​កាល​ថ្មី​នេះ​នឹង​ក្លាយ​ជា​ "រដូវ​កាល​ដ៏​លំបាក" សម្រាប់​ក្លឹប៕

ប្រភព៖ Four Four Two ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់