• 2018-05-20 07:41:08
  • បាល់ទាត់

Salah ញ៉ាំ​យ៉ាង​ម៉េច​ ទើប​ធ្វើ​ឲ្យ​កីឡាករ​នេះ​​ពេញ​ដោយ​ថាមពល​ដូច្នេះ?

  • 2018-05-20 07:41:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mo Salah របស់ក្រុមហង្សក្រហមត្រូវការថាមពលច្រើនដើម្បីរត់​លើ​តារាង​បាល់ ដូច្នេះ​តើ​អ្វី​ជា​ម្ហូប​ចំណូល​ចិត្ត​ដែល​កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​ទទួល​ទាន​ដើម្បី​បំពេញ​ថាមពល​ឲ្យ​រាងកាយ?

Salah ​បាន​ប្រាប់​ទូរទស្សន៍ CNN ថា​ម្ហូប​ដែល​​ខ្លួន​ចូលចិត្ត​ជាង​គេ​គឺ​ Kushari។ Kushari គឺ​ជា​ម្ហូប​ដើម​របស់​ជនជាតិ​អេហ្ស៊ីប មាន​ដើម​កំណើត​តាំង​ពី​សតវត្ស​ទី​១៩។ ម្ហូប​នេះ​​ពេញ​និយម​ និងមាន​លក់​រាប់​តាំង​ពី​តាម​រទេះ​លក់​អាហារ​តាម​ចិញ្ចើម​ផ្លូវ រហូត​ដល់​ហាង​នានា​​​​នៅ​អេហ្ស៊ីប ដែល​ជា​ប្រទេស​កំណើត​កីឡាករ​ម្ចាស់​ស្បែក​ជើង​មាស Premiere League រដូវ​កាល​នេះ។

“​វា​មាន​​ប៉ាស្តា(មី​លាយ​ស៊ុត) លាយ​បាយ​លាយ​ប៉េងប៉ោះ​និង​ម្ទេស ច្របល់​ចូល​គ្នា។ (ម្ហូប​នេះ) វា​​ស្មុគស្មាញ​បន្តិច តែ​សម្រាប់​ខ្ញុំ​គឺ​ជា​អាហារ​ល្អ​បំផុត" Salah បាន​និយាយ។ Salah ថែម​ទាំង​បាន​រំលឹក​ថា​នៅ​គ្រា​មួយ​លោក​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​មិត្ត​ភក្តិ​ជួយ​ទិញ Kushari ឲ្យ​ពេល​នៅ​ព្រលានយន្តហោះ និង ដើម្បី​កំបាំង​ពី​ភ្នែក​មហាជន កីឡាករ​វ័យ ២៥ ឆ្នាំ​បាន​យក​អាវ​ទទូរ​ក្បាល​អង្គុយ​ញ៉ាំ​ក្នុង​រថយន្ត។ ​

តារា​ឆ្នើម​អេហ្ស៊ីប​កំពុង​ជោគជ័យ​ខ្លាំង​ក្នុង​អាជីព​បាល់ទាត់​នៅ​អង់គ្លេស បន្ទាប់​ពី​ចាក​ចេញ​ពី​តោខៀវ មក​ក្រុម Liverpool ហើយ​បាន​និង​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ចាប់អារម្មណ៍​កាន់​តែ​ខ្លាំង​។ Salah បាន​ជួយ​​ហង្ស​ក្រហម​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League បន្ទាប់​ពី​ក្លឹប​អង់គ្លេស​មួយ​នេះ​ខកខាន​មិន​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​ចុងក្រោយ​របស់​ខ្លួន​​​កាល​ពី​១១​ឆ្នាំ​មុន។ Liverpool នឹង​ត្រូវ​ប្រឈម​ជាមួយ​​ម្ចាស់​ជើងឯក​ទ្វីប​អឺរ៉ុប​ច្រើន​ជាង​គេ​​បំផុត​ចំនួន ១២​សម័យ គឺក្លឹប​ Real Madrid នៅ​ថ្ងៃ​ទី​២៧ ខែឧសភា​នេះ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់