• 2017-12-18 03:57:06
  • ព័ត៌មាន

Pisey ​ក្មេង​កំព្រា​​កម្ពុជា ​ឈ្នះ​មេដាយ​មាស នៅ​អាមេរិក​​ក្នុង​ព្រឹត្តិការណ៍​ USA Diving Winter

  • 2017-12-18 03:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jordan Pisey Windle ​ដែល​ជា​កុមារ​កំព្រា​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ​មាន​វាសនា​ទៅ​រស់នៅ​អាមេរិក​តាំង​ពី​អាយុ​២​ខួប និង​​ជា​កីឡាករ​​លោត​​ទឹក​ដ៏​ឆ្នើម​នៅ​អាមេរិក ​បាន​ឈ្នះ​មេដាយ​មាស​១ ប្រាក់​១ ​និង​សំរឹទ្ធ​១ ​ពី​ព្រឹត្តិការណ៏ USA Diving Winter National Championships ។

​បើ​តាម​លោក Jerry Windle ដែល​ជា​ឪពុក​ចិញ្ចឹម​របស់ Jordan Pisey ​បាន​ប្រាប់ Sabay ​ថា​មេដាយ​ទាំង​៣​នោះ​រួម​មាន​មេដាយ​មាស ​Men's 10 meter platform ​មេដាយ​ប្រាក់ Men's 3m Springboard ​និង​មេដាយ​សំរឹទ្ធ Men's 1 Meter Springboard ។ ដោយ​នេះ​ជា​ការ​ចូលរួម​ប្រកួត​៣​វិញ្ញាសា​របស់ Pisey ​ហើយ​ទទួល​បាន​មេដាយ​ទាំង​៣​វិញ្ញាសា​តែ​ម្ដង។

Jordan Pisey Windle ​ជា​កីឡាករ​​លោត​ទឹក​ដ៏​ឆ្នើម​នៅ​អាមេរិក ដោយ​កាល​ពី​អាយុ​១២​ឆ្នាំ ​រូបគេ​ប្រកួត​ឈ្នះ​ពាន​រង្វាន់​​ថ្នាក់​ជាតិ​សម្រាប់​វិញ្ញាសា​កីឡា​​លោត​ទឹក​ចម្ងាយ​១០ម៉ែត្រ។ ក្នុង​ឆ្នាំ​បន្តបន្ទាប់​មក​ទៀត គាត់​ក៏​បាន​ឈ្នះ​មេដាយ​មាស​សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​នៅ​រដ្ឋ​ Arizona និង​មេដាយ​ប្រាក់ និង​សំរឹទ្ធ​​ សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​ពីរ​ផ្សេង​ទៀត។

Jordan Pisey មាន​ប្រវត្តិ​​ជា​កុមារ​កំព្រា​នៅ​ខេត្ត​ព្រៃវែង​ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​រស់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ ក្រោយ​ពេល​ដែល​ឪពុក​ម្តាយ​បង្កើត​របស់​គេ​បាន​ទទួល​មរណភាព។ Jordan ​ត្រូវបាន​ទទួល​យក​ទៅ​ចិញ្ចឹម និង​រស់នៅ​សហរដ្ឋ​អាមេរិក​ តាំងពី​មាន​អាយុ​ត្រឹមតែ​ជិត​២ឆ្នាំ​ប៉ុណ្ណោះ ដោយ​លោក Jerry Windle ​ជា​អ្នក​នាំ​ទៅ។ ​អំឡុង​ខែ​ឧសភា​ឆ្នាំ​២០១៦​កន្លង​ទៅ រូបគេ​ក៏​ធ្លាប់​មក​កម្ពុជា​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់