• 2017-08-30 08:18:41
  • ព័ត៌មាន

វ៉ាត់​ ចំរើន៖​ "កម្ពុជា​ សម្រេច​គោលដៅ​ឈរ​លេខ​៨​ តែ​ភ័យ​អរ​ច្រើន​ថ្ងៃ​ចុងក្រោយ"

  • 2017-08-30 08:18:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​​អូឡាំពិក​​កម្ពុជា​​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ លើក​ឡើង​ថា​ ស៊ីហ្គេម​ឆ្នាំ​​នេះ​ កម្ពុជា​​បាន​សម្រេច​តាម​គោលដៅ​របស់​ខ្លួន​ហើយ​ ពោល​អាច​រក្សា​ចំណាត់ថ្នាក់​លេខ​៨​បាន​ដូច​ឆ្នាំ​២០១៥​ តែ​ហាក់​បុក​ពោះ​បន្តិច​ដោយសារ​មេដាយ​មាស​ទាំង​២​រក​បាន​នៅ​ថ្ងៃ​បិទ​បញ្ចប់​ការ​ប្រកួត​តែ​ម្ដង។

«បេសកកម្ម​លើក​នេះ​ យើង​អាច​និយាយ​ថា​ ជោគជ័យ​នៅ​ក្នុង​គោលដៅ​រំពឹង​ទុក​របស់​យើង​ បាន​ន័យ​ថា យើង​ត្រូវ​ឈរ​នៅ​លេខ​៨​ក្នុង​ចំណោម​១១​ប្រទេស​ហ្នឹង​ដដែល។​ ប៉ុន្តែ​វា​មិនមែន​ជា​ការ​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ យើង​ជួប​រឿង​ភ័យ​អរ​ច្រើន​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​ ដោយ​សារ​មេដាយ​មាស​គុន​ខ្មែរ​ និង​ តេក្វាន់ដូ​ ទាំង​២​នេះ​ ជា​អ្នក​កំណត់​ចំណាត់ថ្នាក់​កម្ពុជា»។ សម្ដី​ឯក​ឧត្ដម វ៉ាត់ ចំរើន

ជាមួយ​គ្នា​នេះ ឯកឧត្ដម​បាន​វាយ​តម្លៃ​ជា​រួម​ថា​ កម្រិត​បច្ចេកទេស​របស់​អត្តពលិក​​កម្ពុជា​មាន​ភាព​ប្រសើរ​ជាង​មុន​ ខណៈ​ប្រភេទ​កីឡា​មួយ​ចំនួន​ កាន់​តែ​មាន​ភាព​ស្វិតស្វាញ​ក្នុង​ការ​ប្រកួត​ប្រជែង។

«ក្នុង​នាម​ខ្ញុំ​ជា​នាយ​បេសកកម្ម​ ខ្ញុំ​អាច​វាយ​តម្លៃ​ខាង​ផ្នែក​បច្ចេកទេស​ថា​ យើង​មាន​កម្រិត​បច្ចេកទេស​លូតលាស់​ល្អ​ប្រសើរ​ ហើយ​ការ​ប្រកួត​ប្រជែង​មាន​ប្រភេទ​ខ្លះ​ស្វិតស្វាញ​គួរ​ឱ្យ​កោត​សរសើរ។​​ បើ​ទោះ​ជា​ប្រភេទ​កីឡា​ខ្លះ​ យើង​ឃើញ​ថា​ចាញ់​ តែ​ចាញ់​ក្នុង​នាម​គេ​កោត​សរសើរ​លើ​កម្រិត​បច្ចេកទេស​​ ជាក់​ស្ដែង​កីឡា​ការិនី​វាយ​កូន​បាល់​យើង​តែ​ម្ដង»។​ ឯក​ឧត្ដម​បន្ថែម​

បេសកកម្ម​ស៊ីហ្គេម​លើក​ទី​២៩​របស់​កម្ពុជា​​បាន​បិទ​បញ្ចប់​ហើយ​ ដោយ​ដណ្ដើម​បាន​មេដាយ​មាស ​៣ គ្រឿង​ ប្រាក់​ ២ គ្រឿង​ និង​សំរឹទ្ធ​ ១២ គ្រឿង​ ឈរ​ចំណាត់ថ្នាក់​លេខ​៨​ លើ​ប្រទេស​ឡាវ​ ​ប្រ៊ុយណេ និង​ទីម័រខាង​កើត​ ខណៈ​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​ឈរ​កំពូល​តារាង​ ជាមួយ​មេដាយ​សរុប​ ៣១៥ ​គ្រឿង៕

តារង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​២៩​ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី