• 2017-08-24 08:38:36
  • ព័ត៌មាន

ឪពុក​អង់ដ្រេអា​ បង្ហើប​ថា​ កូន​ស្រី​ប៉ង​ឈាន​ដល់​​លេខ​​១០០​ពិភពលោក​ក្នុង​ពេល​៤​ឆ្នាំ​

  • 2017-08-24 08:38:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ កា រចនា ឪពុក​បង្កើត​​ម្ចាស់​មេដាយ​សំរឹទ្ធ​វាយ​កូន​បាល់​នារី​​ស៊ីហ្គេម​ កា​ អង់ដ្រេអា​ ដារ៉ាវី​ បង្ហើប​ថា​ កូន​ស្រី​ខ្លួន​ប៉ង​ប្រើ​ពេល​៤​ឆ្នាំ​​ ដើរ​​ប្រជែង​​​គ្រប់ព្រឹត្តិការណ៍​ផ្លូវការ​របស់​សហព័ន្ធ​វាយ​កូន​បាល់​អន្តរជាតិ​ ITF ដើម្បី​ឈាន​ទៅ​គ្រង​លេខ​រៀង​ទី​១០០​ ឬ​តិច​ជាង​នេះ​ ក្នុង​តារាង​ចំណាត់ថ្នាក់​កីឡា​ការិនី​វាយ​កូន​បាល់​ពិភពលោក World Ranking ។​

«ក្រោយ​គាត់​រៀន​ចប់​មហាវិទ្យាល័យ​នៅ​សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក​ គាត់​ដាក់​ការងារ​ចោល​សិន​ ដោយសារ​គាត់​ស្រឡាញ់​វាយ​កូន​បាល់​តាំង​ពី​តូច។​ គាត់​ចង់​ប្រជែង​មើល​ក្នុង​រយៈពេល​៣​ទៅ​៤​ឆ្នាំ​ ថា​តើ​អាច​ឈាន​ដល់​កម្រិត​ណា​ នេះ​ជា​បំណង​ប្រាថ្នា​ដ៏​ធំរបស់​គាត់​ ហើយ​ខ្ញុំ​ជា​ឪពុក​ម្ដាយ​នៅ​ចាំ​ជួយ​គាំទ្រ​កូន​ជានិច្ច»។​ លោក​ កា​ រចនា​ ឲ្យ​ដឹង​បែប​នេះ​ ក្រោយ​កូន​ស្រី​បញ្ចប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ តទល់​កីឡាការិនី​ហ្វីលីពីន។​

បុរស​វ័យ​៦៤​ឆ្នាំ​ដដែល​ប្រាប់​បន្ត​ថា​ អង់ដ្រេអា​ បាន​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​ត្រឹម​មួយ​​​ឆ្នាំ​ដំបូង​ ដោយ​ផ្ដើម​ពី​គ្មាន​ចំណាត់ថ្នាក់​សោះ រហូត​ឈ​រនៅ​​ចំណាត់ថ្នាក់​ខ្ទង់​៥០០ក្នុង​ឆ្នាំ​នេះ​​។​ លោក​ថា​ កូន​ស្រី​បាន​ចេញ​ទៅ​ប្រកួត​ស្ទើរ​គ្រប់​ប្រទេស​ ក្នុង​ទ្វីប​អឺរ៉ុប​​ អាមេរិក​ និង​អាស៊ី​ ហើយក្នុង​នាម​ជា​ឪពុក​ម្ដាយ​ លោក​តែង​ផ្ដល់​កម្លាំង​ចិត្ត​ ឬ ជិះ​យន្ត​ទៅ​គាំទ្រ​ផ្ទាល់​តែ​ម្ដង​ ប្រសិន​បើ​កូន​ស្រី​ប្រកួត​ក្នុង​​តំបន់​អាស៊ី​។​​ ​

ដោយ​ឡែក​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​នេះ​ អង់ដ្រេអា​ ជា​អត្តពលិក​វាយកូ​ន​បាល់​កម្ពុជា​តែ​មួយ​រូប​គត់​ ដែល​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង​ ខណៈ​អត្តពលិក៧​រូប​ផ្សេង​ទៀត​ ពុំ​អាច​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ​ឡើយ៕​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី