• 2017-06-05 08:31:56
  • ព័ត៌មាន

កីឡា​គុនដាវ​កម្ពុជា ​នឹង​ទៅ​ប្រកួត​ជើង​ឯក​កីឡា​គុនដាវ​ទាហាន​ជើងទឹក​នៅ​ថៃ

  • 2017-06-05 08:31:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា បាន​សម្រេច​បញ្ជូន​កីឡាករ-​កីឡា​ការិនី​របស់​ខ្លួន​ចូល​រួម​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​គុន​ដាវ​ទាហាន​ជើង​ទឹក​ឆ្នាំ​២០១៧ ​ដែល​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី​ ២​ ដល់​ថ្ងៃ​ទី​៥​ ខែ​មិថុនា ​ឆ្នាំ​២០១៧ ​នៅ​ទីក្រុង​បាងកក ​ប្រទេស​ថៃ។

លោក សុខ អាង អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា ​បាន​ឱ្យ​ដឹង​ថា ​ការ​ចូលរួម​នេះ​ សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​ចំនួន​ ៣​រូប ​និង​កីឡាការិនី​ចំនួន​ ១​រូប​ទៅ​ចូលរួម។ ក្នុង​នោះ​មាន​កីឡាករ​១​រូប ​និង​កីឡា​ការិនី​១រូប​ ជា​កូន​ខ្មែរ​កាត់​អាមេរិក​ ហើយ​សព្វ​ថ្ងៃ​ពួក​គេ​រស់​នៅ​ទីក្រុង​បាងកក​ស្រាប់​។ ​សមាសភាព​នៃ​ការ​ចូលរួម​ដូច​ខាង​ក្រោម៖

  • លោក សៀន សុភក្រ្ដ ​ជា​គ្រូបង្វឹក​និង​ជា​ប្រតិភូ​ដឹកនាំ
  • លោក ឃីម សាមាន កីឡាករ​ប្រកួត​វិញ្ញាសា​បុរស​ឯ​កត្ត​ជន​ដាវ​ធំ
  • លោក ឈុន លីម៉េង កីឡាករ ​ប្រកួត​វិញ្ញាសា​បុរស​ឯកត្តជន​ដាវ​កាប់
  • លោក មេត្តា ជ័ដ កីឡាករ​ប្រកួត​វិញ្ញាសា​បុរស​ឯកត្តជន​ដាវ​តូច
  • កញ្ញា រ៉ូប៊ី ជ័ដ កីឡា​ការិនី​ប្រកួត​វិញ្ញាសា​នារី​ឯកត្តជន​ដាវកាប់

លោក​អគ្គ​លេខាធិការ​ខាង​លើ​បាន​ប្រាប់​ថា​ការ​សម្រេច​ឱ្យ​កីឡាករ-​កីឡាការិនី​ខាងលើ​ចូលរួម​ការប្រកួត​ដោយ​មូល​ហេតុ​ចម្បង២ គឺ៖

  • តេស្ដកម្រិតគុណផល​ (Performance) ​របស់​ពួកគាត់​ក្នុង​កម្រិត​អន្ដរជាតិ៖ ​កីឡាករ-​កីឡា​ការិនី​ចំនួន​៣​រូប​សុទ្ធ​តែ​ជា​កីឡាករ-កីឡាការិនី​ថ្នាល​ ប៉ុន្តែ​ពួកគេ​ពុំសូវមាន​ឱកាសក្នុង​ការចូលរួម​ប្រកួត​ដើម្បី​ធ្វើតេស្ដ ​និង​ទទួល​បទពិសោធ​ក្នុង​ពី​ការ​ប្រកួត​ឡើយ​ ជា​ពិសេស​ការប្រកួត​ជា​លក្ខណៈ​អន្ដរជាតិ​។

  • ស្វែង​រក​ចំណាត់​ថ្នាក់​ (Ranking)​ ជូន​ពួកគេ​ដើម្បី​ត្រៀម​ការប្រកួត​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​គុនដាវ​អន្ដរជាតិ​៖ ​ការ​ចូល​រួម​នេះ​ គឺ​ផ្ដល់ឱកាស​ឱ្យពួកគាត់​ទទួលបាន​ចំណាត់ថ្នាក់​មួយ​ក្នុង​ការ​ប្រកួត​អន្ដរជាតិ​ ដើម្បី​ធ្វើ​ការ​សន្សំ​ពិន្ទុ​ និង​ត្រៀម​ចូលរួម​ការប្រកួតអន្ដរជាតិ​នានា​ដែល​ស្ថិត​ក្រោម​អភិបាល​របស់​សហព័ន្ធអាស៊ី ​និង​សហព័ន្ធ​កីឡា​គុនដាវ​អន្ដរជាតិ ។

សូម​បញ្ជាក់​ថា ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ ​ដែល​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​គុនដាវថៃ ​និង​ក្លឹប​គុនដាវ​ទាហានជើងទឹក ហើយ​ការចូលរួម​ត្រូវបាន​បើកទូលាយ​សម្រាប់​បណ្ដាល​ប្រទេស​នានា​លើ​ពិភពលោក​មកចូលរួម ។ ​ក្នុងនោះ​មាន​ប្រទេស​មានចំនួន​១៤​ទូទាំងពិភពលោកបានចូលរួម ​ដូច​ជា​ ប្រទេស​អូស្រ្ដាលី កម្ពុជា ចិន ហុងកុង ឥណ្ឌា អ៊ីរ៉ុង អ៊ីតាលី ​ម៉ាឡេស៊ី​ ញូហ្សេឡេន​ ហ្វីលីពីន សឹង្ហបូរី ថៃ អង់គ្លេស និងអាមេរិក ។

លោក សុខ អាង​បាន​បន្ដថា​ការចូលរួម​ខាងលើ​ត្រូវ​បាន​អនុញ្ញាត​ដោយ​ក្រសួងអប់រំ យុវជន​ និងកីឡា ។​ ចំពោះការស្នាក់នៅ​ ហូបចុក ​និង​ការធ្វើដំណើ​រ សហព័ន្ធ​ជា​អ្នកទទួលខុសត្រូវ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី