• 2016-10-30 17:39:07
  • ព័ត៌មាន

Manulife នឹង​បន្ត​គាំទ្រ​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​​នៅ​អង្គរ​​

  • 2016-10-30 17:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Robert Elliott ​អគ្គ​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ Manulife ​បាន​អះអាង​ថា ក្រុម​ហ៊ុន​របស់​លោក នឹង​បន្ត​គាំទ្រ​ពេញ​ទំហឹង​ទៅ​លើ​​កម្មវិធី​រត់​ប្រណាំង​​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ​អង្គរ​ ​ក្រោយ​ពេល​ផុត​កុង​ត្រា​ឧបត្ថម្ភ​នា​ឆ្នាំ​២០១៨។

 

 

​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា លោក​ពិត​ជា​​មាន​មោទនភាព​​ដែល​បាន​ចូល​រួម​ឧបត្ថម្ភ​ដល់​​​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​​មួយ​នេះ។ ​ការ​ចូល​រួម​ជួយ​ឧបត្ថម្ភ​របស់​ក្រុម​ហ៊ុន​មួយ​នេះ​​ ដោយ​មើល​ឃើញ​ថា ព្រឹត្តិការណ៍​ខាង​លើ​ស្រប​តាម​គោល​ដៅ​រយៈ​ពេល​វែង​ ដែល​អាច​ជួយ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ឲ្យ​មាន​សុខភាព​ល្អ​ប្រសើរ។

 

​ជា​មួយ​គ្នា​នោះ​​​​ឯក​ឧត្ដម​ វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​​អូឡាំពិក​កម្ពុជា​​បាន​​មាន​ប្រសាសន៍​ថា ​លោក​​សង្ឃឹម​​យ៉ាង​មុតមាំ​​ឆ្នាំ​២០១៦​នេះ​​អ្នក​ចូល​រួម ​នឹង​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ​​។ ហើយ​អ្វី​ដែល​ពិសេស​នោះ​ខាង​​ផ្ទះ​សំណាក់​ឬ​សណ្ឋាគារ​មេត្តា​​កុំ​ឡើង​ថ្លៃ​ឈ្នួល​ ដើម្បី​ចូល​រួម​​សហការ​​​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ចូល​រួម​ឲ្យ​បាន​កាន់​តែ​ច្រើន។

 

​ស្រប​ពេល​លោក សែម ផល្លា ប្រធាន​គណៈកម្មការ​ប្រកួត​​​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រ​ភព​​អង្គរ​បាន​លើក​ឡើង​ថា លោក​ក៏​សូម​​​សំណូមពរ​ដល់​កីឡាករ​​ខ្មែរ​គ្រប់​រូប​មេត្តា​​ចុះ​ឈ្មោះ​ឲ្យ​បាន​ទាន់​ពេល​វេលា​ ដើម្បី​ជួយ​សម្រួល​ដល់​ក្រុម​រៀប​ចំ​​កម្មវិធី​ប្រកួត។ ​ការ​ចូល​រួម​ទាំង​ឡាយ​ទាំង​អ្នក​​ឧបត្ថម្ភ​ និង​អ្នក​រត់​ទាំង​​អស់​​ក្នុង​ទិស​ដៅ​​មនុស្សធម៌។

 

​​ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ​អង្គរ​​​ឆ្នាំ​២០១៦ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៤​ខែ​ធ្នូ​ ដែល​ជា​គម្រប់​​ខួប​លើក​ទី​២១ នៃ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ។ ​បើ​គិត​ត្រឹម​​សព្វ​ថ្ងៃ​មាន​អ្នក​ចុះ​ឈ្មោះ​រួច​រាល់​​បរទេស​​​ចំនួន​ជាង​៤​ពាន់​នាក់ និង​កម្ពុជា​ជាង​២​ពាន់​នាក់។ ពេល​វេលា​ឈប់​ទទួល​ពាក្យ​ចូល​រួម​ត្រឹម​​ថ្ងៃ​ទី​១​ ខែ​វិច្ឆិកា ឆ្នាំ​២០១៦៕

 

លោក សែម ផល្លា

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​
មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី