• 2016-05-10 17:00:27
  • ព័ត៌មាន

ហែម គីរី៖ បើ​​ ពិសី ចង់​លេង​​ឱ្យ​ជម្រើស​ជាតិ ​គាត់​អាច​លេង​បាន

  • 2016-05-10 17:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ ហែម​ គីរី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហែលទឹក​កម្ពុជា បាន​និយាយ​ថា​ បើ​សិន​ជា ​Jordan Pisey Windle  ​ដែល​ជា​​កីឡាករ​​លោត​​ទឹក​ដ៏​ឆ្នើម​នៅ​អាមេរិក​ ចង់​លេង​អោយ​ជម្រើស​ជាតិ​កម្ពុជា​គឺ​អាច​លេង​បាន ព្រោះ​ថា​គាត់​មាន​សំបុត្រ​កំណើត​ និង​លិខិត​ឆ្លងដែន ជា​ជនជាតិ​ខ្មែរ ។

 

 

លោក​ ហែម គីរី​ បាន​បញ្ជាក់​ថា​ អំឡុង​ពេល​ដែល​ Pisey មក​ស្នាក់​នៅ​រាជធានី​ភ្នំពេញ លោក​នឹង​ស្នើ​សុំ​ដល់​រូប​គេ​​ ក្នុង​ការ​ចូល​ជា​កីឡាករ​ជម្រើស​ជាតិ​លោត​ទឹក​របស់​កម្ពុជា​ ។ ទន្ទឹម​នឹង​នេះ​ដែរ ប្រសិន​បើ​សិន​​​កីឡាករ​​លោត​​ទឹក​ដ៏​ឆ្នើម​​រូប​នេះ​​យល់​ព្រម​នោះ លោក​នឹង​អោយ​រូប​គេ​ព្យាយាម​ហ្វឹកហាត់​បន្ថែម​ទៀត​ ហើយ​លោក​នឹង​ស្នើ​ដល់​សហព័ន្ធ​ក្នុង​ការ​ដាក់​បញ្ចូល​វិញ្ញាសា​លោតទឹក​សម្រាប់​កម្ពុជា​ ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ Sea Game ​ នៅ​ឆ្នាំ​ក្រោយ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី​។

 

​Jordan Pisey Windle (FB)

 

នៅ​ប្រទេស​កម្ពុជា​ កីឡា​លោត​​ទឹក​គឺ​មិន​ទាន់​មាន​ធន​ធាន​កីឡាករ​នៅឡើយ​ទេ​ ខណៈ​ដែល​ទី​លាន​ហ្វឹក​ហាត់​សម្រាប់​កីឡា​ប្រភេទ​នេះ នៅ​មាន​តិច​នៅ​ឡើយ​ ពោល​គឺ​មាន​តែ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ និង​អាង​ហែល​ទឹក​ខេត្ត​កំពង់​ចាម​ប៉ុណ្ណោះ​។​ ​ដំណើរ​មក​ដល់​របស់​ Pisey អាច​ជា​ប្រយោជន៍​ក្នុង​ការ​អភិវឌ្ឍន៍​ធនធាន​ខាង​កីឡា​នេះ​ ជាពិសេស​ដើម្បី​ត្រៀម​ខ្លួន​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ Sea Game ឆ្នាំ២០២៣ ផង​ដែរ ។

 

​Jordan Pisey Windle (FB)

 

Pisey ​នឹង​ស្នាក់​នៅ​រយៈ​ពេល​មួយ​សប្ដាហ៍ ដោយ​តាម​គម្រោង​នឹង​ទៅ​ជួប​ក្មេង​កំព្រា​ជា​ច្រើន ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត ក៏​ដូចជា​ផ្ដល់​ឱកាស​ឱ្យ Pisey ​ផ្ទាល់​ ​ស្គាល់​រសជាតិ​នៃ​ស្រុក​កំណើត​របស់​គេ។ Pisey ​នឹង​សម្ដែង​​ពី​​កីឡា​លោត​ទឹកនៅ​ពហុកីឡដ្ឋាន​ជាតិ​ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​​ក៏​ដូចជា​​​នឹង​ធ្វើ​ដំណើរ​ទៅ​ទស្សនា​សារមន្ទីរ​ទួល​ស្លែង​ និង​វាល​ពិឃាដ​ជើង​ឯក៕

 

ចុចអាន​រឿង​របស់ Pisey បន្ថែម​ ៖Pisey ​​ក្មេង​កំព្រា​កម្ពុជា​ក្លាយ​ជា​​កីឡាករ​លោត​​ទឹក​ឆ្នើម​របស់​​អាមេរិក នឹង​មក​ដល់​កម្ពុជា​ស្អែក

 

អត្ថបទ៖ មួន សុគន្ធតារា

មតិយោបល់