• 2015-09-28 21:35:02
  • ព័ត៌មាន

ជាង​៣០​​នាក់​ប៉ុណ្ណោះ​ចូល​រួម​ប្រកួតគុន​ដាវ​​ជើង​ឯក​​​ជាតិ​​​​ប្រចាំ​ឆ្នាំ​២០១៥​​​​នេះ​

  • 2015-09-28 21:35:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​​​ជាង ៣០​នាក់​​បាន​ចូល​រួម​ការ​​ប្រកួតគុន​ដាវ​​​​ជើង​ឯក​​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥​ ដែល​បាន​ចាប់​ផ្ដើម​​ដំណើរ​​ការ​ប្រកួត​កាល​ពី​ម៉ោង ៩​:​០០​​ព្រឹក​​​ថ្ងៃ​ទី​ ២៨​​​នេះ​ ​រហូត​ដល់​ល្ងាច​ម៉ោង ៥:០០​​ថ្ងៃ​ទី៣០ ខែ​កញ្ញា​ ឆ្នាំ​២០១៥ នៅ​អាគារ​ដំបូល​ទូក​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

 

​លោក សុខ អាង គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រកួត​​កីឡា​គុន​ដាវ​បាន​ឲ្យ​ដឹង​ថា ​​បេក្ខជន​​មក​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​មាន​ចំនួន៥០​នាក់​ ប៉ុន្តែ​​កីឡាករ​ចូល​រួម​ប្រកួត​​ពិត​ប្រាកដ​សល់​ត្រឹម​តែ​ជាង៣០​នាក់​ប៉ុណ្ណោះ​ ពី​ព្រោះ​មាន​​បេក្ខជន​ខ្លះ​បាន​សុំ​ដក​ខ្លួន​ និង​ខ្លះ​​មិន​មក​ចូល​រួម​ប្រកួត​។ ទាក់​ទិន​នឹង​បញ្ហា​នេះ​ លោក​មិន​បាន​ដឹង​ពី​មូល​ហេតុ​​ច្បាស់​ឡើយ។

 

​លោក​បាន​បន្ត​ថា ​​ប្រភេទ​កីឡា​នេះ​ប្រើ​រយៈ​ពេល៣នាទី​​សម្រាប់​មួយ​គូ​ប្រកួត​ ប៉ុន្តែ​ប្រសិន​បើ​គូ​ណា​ដែល​វាយ​ដៃគូ​យក​​បាន៥​ពិន្ទុ​មុន​នឹង​ឈ្នះ​​មិន​ចាំ​បាច់​ដល់​ពេល​វេលា​កំណត់​ឡើយ។ ការ​ប្រកួត​បែង​ចែក​ជា៦​​ពូល​ ដោយ​មក​​ពី​ក្លិប​ចំនួន ៥​ រួម​មាន HOSANA, SAMAKY, HYSA, SANTHOMOK និង​NOREA ដែល​បាន​​​ចូល​រួម​ប្រកួត។ គ្រប់​កីឡាករ​ក្នុង​ស្រុក​ដែល​មាន​ក្លិប​ហ្វឹកហាត់​ត្រឹមត្រូវ​​ និង​ជម្រើស​ជាតិ​កម្ពុជា​សុទ្ធ​តែ​អាច​​ចូល​ប្រកួត​ក្នុង​​កម្ម​វិធី​នេះ​បាន​ លើក​ឡែង​តែ​ជនជាតិ​បរទេស​ និង​កីឡាករ​​គ្មាន​ក្លិប​ហ្វឹកហាត់​ ដែល​​មិន​ផ្ដល់​​សិទ្ធិ​ឲ្យ​​ចូលរួម​ប្រកួត​​។

 

​សម្រាប់​កម្មវិធី​​ប្រកួត​​ថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ​២០១៥ ​​​ក្នុង​ពូល​ និង​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​លើ​វិញ្ញាសា​បុរស​ឯកត្តជន​ដាវ​តូច​​ និង​នារី​​ឯកត្តជន​ដាវ​ធំ​​។ ​​ចំណែក​ថ្ងៃ​ទី២៩ ខែ​កញ្ញា ឆ្នាំ​២០១៥ ប្រកួត​ក្នុង​ពូល និង​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ លើ​វិញ្ញាសា បុរស​ឯកត្តជន​ដាវ​ធំ។ ​​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ​វេលា​ម៉ោង​ ៩:០០​ដល់​ ១២:០០​ប្រកួត​ក្នុង​ពូល ​លើ​វិញ្ញាសា​បុរស​ក្រុម​ដាវ​ធំ​។ ចន្លោះ​​ពី​ម៉ោង ២​រសៀល​​ដល់​ម៉ោង ៤​វិញ​ប្រកួត​វិញ្ញាសា​ទាំង៤​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​។

 

​ចំពោះ​​​រង្វាន់វិញ​​រួម​មាន​​​វិញ្ញាសា​ឯកត្តជន​​ ជើង​ឯក​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​​១៥​ម៉ឺន​រៀល ​មេដាយ​មាស​មួយ​គ្រឿង ​ជើង​ឯក​រង​បាន​​១០​ម៉ឺន​រៀល ​មេដាយ​ប្រាក់​មួយ​គ្រឿង និង​ចំណាត់​ថ្នាក់​លេខ៣​ទទួល​បាន​ប្រាក់​៨​ម៉ឺន​រៀល ​​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង។ រីឯ​​ប្រកួត​ជា​ក្រុម​វិញ​​​ ​ជើង​ឯក​ទទួល​បាន​ប្រាក់​៦០​ម៉ឺន​រៀល​មេដាយ​មាស​ម្នាក់​មួយ​គ្រឿង ជើង​​ឯក​រង​ទទួល​បាន៤០​ម៉ឺន​រៀល​ ​និង​មេដាយ​​ប្រាក់​ម្នាក់​មួយ​គ្រឿង ចំណាត់​ថ្នាក់​លេខ៣​ទទួល​បាន​ប្រាក់៣២ម៉ឺន​រៀល និង​មេដាយ​សំរឹទ្ធ​ម្នាក់​មួយ​គ្រឿង។ ក្រៅ​ពី​នេះ​ក៏​មាន​ប្រាក់​ឧបត្ថម្ភ​​លើ​កីឡាករ​​ក្នុង​ម្នាក់​៤​ម៉ឺន​រៀល​ និង​​ថ្លៃ​អាហារ ១៦០០០ រៀល​ក្នុង​រយៈពេល​ ៣​ថ្ងៃ​នៃ​កម្ម​វិធី​ប្រកួត៕

 

 

 

 

 

 

អត្ថបទ៖​ ស្រី សុវណ្ណដារ៉ា​​​​​​​​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី