
- 2015-06-14 17:51:51
- ព័ត៌មាន
ស៊ីហ្គេម៖វាយសីកម្ពុជា ២ វិញ្ញាសាប្រជែងយកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ល្ងាចនេះ
- 2015-06-14 17:51:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីហ្គេម៖វាយសីកម្ពុជា ២ វិញ្ញាសាប្រជែងយកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ល្ងាចនេះ
ចន្លោះមិនឃើញ
ក្រុមកីឡាវាយសីជម្រើសជាតិកម្ពុជា ទាំងវិញ្ញាសាវាយឯកត្តជន និង វិញ្ញាសាវាយគូ សុទ្ធតែឈានដល់វគ្គ ៨ ក្រុមចុងក្រោយ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០១៥ ឯប្រទេសសិង្ហបុរី ដើម្បីប្រជែងយកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា នាល្ងាចថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៥ នេះ។
សម្រាប់វិញ្ញាសាវាយឯកត្តជន កីឡា ទេព ច័ន្ទម៉ារ៉ា បានយកឈ្នះកីឡាករ Oo Chan Win របស់មីយ៉ាន់ម៉ា ដោយលទ្ធផល ២ សិត ទល់ ០ (២១ – ១៥, ២១ – ១៥) ក្នុងវគ្គ ១៦ នាក់ចុងក្រោយ។ នៅវេលាម៉ោង ៥ ល្ងាចនេះ (ម៉ោង ៤ នៅកម្ពុជា) ត្រូវប្រកួតវគ្គ ៨ នាក់ចុងក្រោយ ជាមួយកីឡាករម្ចាស់ផ្ទះ Loh Kean Yew ក្នុងទីលាន Singapore Indoor Stadium។
ចំណែកវិញ្ញាសាវាយគូបុរសវិញ កីឡាករ ទាវ យ៉ុងវណ្ណៈ និង ងួន កាណូរ៉ា បានចាប់ដៃគ្នា យកឈ្នះលើក្រុមកីឡាករមកពីប្រទេសឡាវ ២ សិត ទល់ ០ (២១ – ១៣, ២១ – ១៣) នៅវគ្គ ៣២ ក្រុមចុងក្រោយ ហើយបានយកឈ្នះក្រុមកីឡាកររបស់មីយ៉ាន់ម៉ា ដោយលទ្ធផល ២ សិត ទល់ ០ (២២ – ២០, ២២ – ២០) បន្ថែមទៀតនៅវគ្គ ១៦ ក្រុមចុងក្រោយ។ សម្រាប់វគ្គ ១/៤ ល្ងាចនេះកីឡាកររបស់កម្ពុជា ទាំង២ រូបនេះត្រូវជួបក្រុមកីឡាករមកពីប្រទេសហ្វីលីពីន នៅវេលាម៉ោង ៤:១៥ នាទីល្ងាចនេះ (៣:២៥ នាទីនៅកម្ពុជា) ក្នុងទីលាន Singapore Indoor Stadium។
យោងតាមការឱ្យដឹងពីលោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា បានប្រាប់កូនក្រុមរបស់លោកកំពុងតែត្រៀមខ្លួន និង មានឆន្ទៈខ្ពស់មុនការប្រកួតល្ងាចនេះមកដល់។