• 2015-06-02 17:49:14
  • ព័ត៌មាន

គ្រូ​បង្វឹកជម្រើស​ជាតិ ​បង្ហាញពី​​ថេរវេលា​របស់ ​អត្តពលកម្ម​​​​​ ទៅ​​ស៊ីហ្គេម​

  • 2015-06-02 17:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​គ្រូ​បង្វឹក​កីឡា​រត់​ប្រណាំង​ជម្រើស​ជាតិ​កម្ពុជា​បាន​បង្ហាញ​ពី​ថេរវេលា​នៃ​​ល្បឿន​រត់​របស់​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ដែល​ត្រៀម​ចេញ​ទៅ​​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី ២៨ ​នៅ​​ប្រទេស​សិង្ហបុរី​។

 

 

​លោក ផៃ សុខ គ្រូ​បង្វឹក​កីឡាករ​អត្តពលកម្ម​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា លោក​បាន​ប្រឹង​ប្រែង​បង្ហាត់​កីឡាករ​ទាំង​អស់​ឲ្យ​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​និង​ព្យាយាម​ជំរុញ​ទឹក​ចិត្ត​របស់​ពួកគេ​ឲ្យ​ប្រឹង​ប្រែង​ក្នុង​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​អាច​ទទួល​បាន​មេដាយ ​ទោះ​មិន​​សង្ឃឹម​ខ្ពស់​ក៏ដោយ​។ អត្តពលកម្ម​ដែល​ត្រៀម​​ខ្លួន​ចេញ​ទៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ ​នេះ​​មាន​ចំនួន ៥ នាក់​គឺ គាង​ សាម៉ន, ង៉ែត​ ភារដ្ឋ, ម៉ាវីរ៉ូ ,ផាន សុភ័ក្រ្ត និង​​កីឡាករ​កូន​កាត់​ខ្មែរ -ជប៉ុន តាគី សាគី គូនីញ៉ាគី ។

 

​គ្រូ​បង្ហាត់​រូប​នេះ​បាន​បញ្ជាក់​ថា ​កីឡាករ​អត្តពលកម្ម​កម្ពុជា​​ដែល​ត្រូវ​ចេញ​ទៅ​លើក​នេះ​ពួកគេ មាន​កម្រិត​បច្ចេកទេស​ល្អ​អាច​ប្រកួត​ប្រជែង​នឹង​ប្រទេស​ដទៃ​បាន​ហើយ ដោយ​កីឡាករ​គាង​ សាម៉ន រត់​​បាន​ចម្ងាយ ៨០០ ម៉ែត្រ​ប្រើ​ថេរវេលា​ ១ នាទី​ ៥៥ វិនាទី, ង៉ែត ភារដ្ឋ រត់​​បាន​ចម្ងាយ ​១០០ ម៉ែត្រ ​និង ២០០ ម៉ែត្រ​ដោយ​ ​ប្រើ​ថេរវេលា២៣.៧៨វិនាទី, ម៉ាវីរ៉ូ រត់​​បាន​​ចម្ងាយ ៥០០០ ម៉ែត្រ​ ប្រើ​ថេរវេលា​ ១៦ នាទី​ ២៤ វិនាទី និង​រត់​​ម៉ារ៉ាតុង ប្រើ​ថេរវេលា ២ ម៉ោង ៤៤ នាទី, ផាន សុភ័ក្ត្រ រត់​ចម្ងាយ៥០០០​ម៉ែត្រ ប្រើ​​ពេល ១៧ នាទី​​ ១៧ វិនាទី និង កីឡាករ​​កូន​កាត់​ខ្មែរ -ជប៉ុន រត់​ម៉ារ៉ាតុង ប្រើ​ពេល ២ ម៉ោង ២៧ នាទី ។ ការ​ដឹង​ច្បាស់​ពី​ថេរវេលា​នៃ​​ល្បឿន​រត់​របស់​កីឡាករ​ម្នាក់​ៗ​​គឺ​ជា​ផ្នែក​មួយ​ដែល​ប្រៀប​ធៀប​នឹង​​កីឡាករ​របស់​ប្រទេស​ផ្សេង​ៗ ហើយ​ត្រៀម​ខ្លួនដើម្បី​​​ប្រកួត​ប្រជែង។

 

​ជា​មួយ​គ្នា​នោះ​ដែរ​កីឡាករ​ គាង សាម៉ន ថា ​នឹង​​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ ​ទោះ​មិន​​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ទទួល​បាន​មេដាយ​​ក៏​ដោយ។ ក្រុម​កីឡាករ​​អត្តពលកម្ម​កម្ពុជា​​​​​នឹង​​​ធ្វើ​ដំណើរ​ចេញ​ទៅ ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម ​​ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៥៕

 

​ខាង​ក្រោម​ជា​វីដេអូ​​ពី​ការ​តាំង​ចិត្ត​របស់​គ្រូ​បង្វឹក ផៃ សុខ ​និង​កីឡាករ​ គាង សាម៉ន

​អត្ថបទ៖ ស្រី សុវណ្ណដារ៉ា ​​​​

មតិយោបល់
អត្ថបទពេញនិយម